គន្លឹះក្នុងការបន្តការសិក្សា
គន្លឹះ ក្នុងការបន្តការសិក្សានៅភ្នំពេញ រឺរៀនបន្តនៅមហាវិទ្យាល័យ សំរាប់ប្អូនៗនៅតាមបណ្តាលខេត្ត ដែលមានជីវភាពមិន សូវធូរធារ៖
1. បើយើងបានមកដល់ផ្លូវបំបែក ដែលតំរូវអោយយើងរើស៖
• ទី1. ឈប់រៀន ឈប់សុបិន្ត។ សាកស្រម័យថា អ្វីនឹងកើតឡើងបើយើងឈប់រៀន យើងប្រហែលជា ត្រូវបន្តកិច្ចការ ស្រែចំការពីឪពុកម្តាយ រឺ រករបរតូចមួយចិញ្ចឹមជីវិត រឺ ដើរលេង ផឹកសុី មិនខ្វល់ពីអនាគត។ 1 រឺ 2 ឆ្នាំក្រោយមក រៀបការ បង្កើតកូន បន្តតស៊ូ បន្តធ្វើការលំបាកដដែលៗរាល់ថ្ងៃ ក្រីក្រ ចាស់ ឈឺ ស្លាប់ ដូចអ្នកភូមិដ៏ទៃទៀត។ ជីវិតបែបនេះ មិនសូវមានន័យទេ។
• ទី2. បន្តរៀនសូត្រ បន្តស្វែងរកក្តីសុបិន្ត បន្តប្រាប់ពិភពលោកថា ខ្ញុំមិនចង់បន្តក្រលំបាក មិនចង់មានចំណេះដឹងតិចតួច ដូចពុកម៉ែខ្ញុំទេ ខ្ញុំត្រូវ ប្រឹងប្រែងកសាង ភាពមានបាន ប្រឹងប្រែងកសាងជោគជ័យក្នុងជីវិត ខ្ញុំត្រូវកែប្រែឋានៈគ្រួសារខ្ញុំអោយគ្រាន់បើឡើង ខ្ញុំត្រូវមានអនាគតមួយភ្លឺស្វាង ដូចនេះ ខ្ញុំត្រូវតែ ប្រឹងរស់អោយល្អបំផុត ប្រឹងរៀនអោយបានខ្ពស់ និង ច្បាស់លាល់បំផុត និងប្រឹងរកបង្កើតភាពមានបានអោយបានជាដាច់ខាត។
2. ពាក្យចាស់ពោលថា «មានតែការរៀនសូត្រខ្ពង់ខ្ពស់ទេ ដែលអាចបំបែក វដ្ត រឺ ភាពច្រំដែរ នៃភាពក្រីក្រ ដែលបន្តពី ឪពុកទៅកូន ពីកូនទៅចៅ។ មានន័យថា បើជំនាន់យើងក្រ ហើយមិនរៀន ខ្វះចំណេះដឹង កូនចៅយើងនឹង បន្តភាពក្រីក្រនេះពីយើងបន្តទៀត។ តែបើជំនាន់យើង ចាប់ផ្តើមរៀនសូត្របានខ្ពស់ មានជោគជ័យក្នុងជីវិត កូនចៅយើងជំនាន់ក្រោយ នឹងបន្តទទួល បានការអប់រំកាន់តែខ្ពស់ ហើយជីវិតពួកគេ នឹងកាន់តែប្រសើរឡើង។
ឧ. បើយើងបាន រៀនចេះ និងមានជំនាញច្បាស់លាស់ ផ្នែកលក់ និង ទីផ្សារយើងអាច៖
• លក់អ្វីគ្រប់យ៉ាង រាប់ទាំង ផ្ទះសំបែង ដែលមានតំលៃរាប់លានដុល្លារ។
• រឺយើងអាចក្លាយជាបុគ្គលដ៏មាន ឥទ្ធិពលមួយរូប ព្រោះ យើងអាចធ្វើអោយគេជឿ ធ្វើតាម អ្វី ដែលយើងនិយាយ។ ឧ. ពេលនេះ បងកំពុងលក់គំនិត យោលបល់របស់បងអោយប្អូនជឿ និងធ្វើតាម 😀។
បានន័យថា យើងនឹងអាចរកការងារបាន អាចរកលុយបានច្រើន និងលឿន អាស្រ័យនឹងភាពបុិនប្រសព្វ និងការប្រឹងប្រែង របស់យើង។ លើសពីនេះបើយើង ព្យាយាមយល់ដឹងពីរបៀបធ្វើជំនួញ បន្ថែមទៀត យើងអាចមានឪកាស ក្លាយជាម្ចាស់អជីវកម្មដ៏ជោគជ័យថែមទៀត នៅថ្ងៃអនាគត។ អញ្ចឹងឱកាសរបស់យើង មិនមានដែនកំណត់ទេ បើយើងចេះ ហើយខ្នះខ្នែង។
3. ការបន្ត ចូលរៀនមហាវិទ្យាល័យជារឿងចាំបាច់បំផុត។ ព្រោះវាជាការរៀនជំនាញ ដែលយើងនឹងត្រូវយកមកប្រើជាដើមទុន សំរាប់ការរីកចំរើនរបស់យើង ទៅថ្ងៃមុខ ដូចនេះវាត្រូវតែជា មហាវិទ្យាល័យ ដែលល្អ ដែលមានគុណភាពពិត។
4. សួរថា តើធ្វើយ៉ាងណា ទើបខ្ញុំមានលទ្ធភាពរៀនបាន បើគ្រួសារខ្ញុំមិនសូវធូរធារ?
ពិតជាមានវិធី តែត្រូវបង់តំលៃខ្ពស់ណាស់ជាពិសេស សំរាប់អ្នក មិនសូវធូរធារដូចយើង នោះគឺការប្រឹងតស៊ូ ក្រាញននៀល មិនបោះបង់របស់យើងផ្ទាល់ក្នុងការ រៀបចំខ្លួនដូចខាងក្រោម ៖
• ត្រូវតែ ប្រឡងអោយជាប់បាក់ឌុប ទោះហត់នឿយយ៉ាងណា ក៏ដោយ ហើយធ្វើអោយបាន លទ្ធផលល្អបំផុត តាមដែលអាចធ្វើបាន។
• បើលទ្ធផលយើង ល្អ និទ្ទេសយើង ល្អ យើងអាច ចូលរៀនមហាវិទ្យាល័យល្អៗជាច្រើនដោយមិនបាច់បង់ប្រាក់។ តែបើមិនបានល្អ ក៏មិនអីដែរ អោយតែបានប្រឹងអស់ពីសម្មត្ថភាពហើយ។
• ពេលប្រឡងជាប់ហើយ បើឡើងមកនៅរៀនភ្នំពេញ ត្រូវរកអ្នករួមបន្ទប់ អាចជាអ្នកនៅស្រុកមករៀនភ្នំពេញទាំងអស់គ្នា ដែលអាចទុកចិត្តបាន ដើម្បីចែកគ្នា ចេញថ្លៃបន្ទប់ ជួយគ្នាចំអិនម្ហូបអាហារ និងជួយមើលថែ ការពារគ្នា ព្រោះយើងនៅឆ្ងាយពីគ្រួសារទាំងអស់គ្នា។
• មកដល់ភ្នំពេញភ្លាម ត្រូវ ប្រឹងប្រែង ស្គាល់ផ្លូវ ស្គាល់របៀបរស់នៅ និង សំរបខ្លួនជាមួយជីវិត នៅទីក្រុងអោយបានលឿនបំផុត។
• ក្នុងពេលជាមួយគ្នា ត្រូវប្រឹងប្រែង យប់ថ្ងៃ រៀនជំនាញ មូលដ្ឋាន ចំនួន 3 យ៉ាងតិច៖
ទី1. គឺជំនាញ ភាសារអង់គ្លេស ត្រូវចេះប្រើបានខ្លះ។
ទី2. គឺជំនាញកំព្យូទ័រមូលដ្ឋាន (Ms. office, typing and internet browsing)។
ទី3. គឺជំនាញនិយាយ ត្រូវហាត់និយាយ ខ្លួនឯង និងសាកនិយាយជាមួយមនុស្សទូទៅដែលយើងបានជួប។ បង្កើតសំនួរ និងឆ្លើយសំណួរខ្លួនឯង ធ្វើយ៉ាងណា អោយយើងអាចនិយាយបានច្បាស់ ខ្លីខ្លឹម ចំប្រធានបទ និងមានជំនឿចិត្ត ខ្លួនឯង មិនភិតភ័យ។ ជំនាញទាំង បី នេះអាចត្រូវការ ពេល 3 ទៅ ៦ ខែ អាស្រ័យលើការព្យាយាម។
• ពេលចេះជំនាញទាំងបីនេះខ្លះហើយ អាចថាបន្ទាប់ពី រៀនបាន 3 ទៅ4 ខែហើយ ដល់ពេលត្រូវចាប់ផ្តើម រកការងារ
ធ្វើភ្លាម ព្រោះការងារដំបូង ពិបាករក និងត្រូវស្នើរសុំច្រើនកន្លែង ទំរាំបានជាប់ការងារមួយ។ ពេលមានការងារធ្វើ យើង នឹងចាប់ផ្តើមមានលទ្ធភាព ចិញ្ចឹមខ្លួនឯងនៅភ្នំពេញ និង សន្សំលុយចូលរៀនមហាវិទ្យាល័យ ដោយមិនចាំបាច់ ដាក់បន្ទុកបន្ថែមដល់គ្រួសារនៅឯស្រុកទៀត។
• បើប្អូនធ្វើបាន មកដល់ប៉ុន្នេះ ជីវិតប្អូននឹងចាប់ ផ្តើមមានលទ្ធភាព ធ្វើអ្វី រឺ រៀនអ្វីដែលប្អូនចង់បាន ហើយ។
5. សួរថា ធ្វើម៉េច ខ្ញុំអាចរកការងារដំបូង?
បើប្អូនជាមនុស្ស មានការតស៊ូរពិត នឹងមានទេវត្តា តាមថែ ជួយរក្សារ ប្អូន។ រាល់ពេលប្អូនជួបការលំបាក ប្អូននឹងត្រូវបានផ្តល់ពន្លឺនាំផ្លូវ ទៅកាន់ដំណោះស្រាយ។
* សូមចាប់ផ្តើម និយាយ ពិគ្រោះជាមួយ ប៉ាម៉ាក់ ពីផែនការរបស់ ប្អូន សុំក្តីសន្តោសពីលោក អោយប្អូនអាចរៀនបន្ត ហើយប្អូនត្រូវសន្យាចំពោះមុខគាត់ ថាប្អូននឹង តស៊ូមិនបោះបង់ទោះបីលំបាក ប៉ុណ្ណា ប្អូននឹងនៅតែសំលឹងទៅគោលដៅ ដើម្បីអនាគតដ៏ភ្លឺស្វាងមួយ ដើម្បីអោយថ្ងៃក្រោយប្អូនមាន លទ្ធភាពមើលថែ សងគុណលោកទាំងពីរវិញ កុំអោយលោកលំបាកទៀត៕


