ភាពជាអ្នកដឹកនាំបែបឧត្តមគតិនិយម

V
១) សេចក្ដីស្រឡាញ់មានន័យថា ចែករំលែក។ ចែករំលែកបានន័យថា លះបង់។ លះបង់ដើម្បីនរណាម្នាក់ ក៏សំដៅលើពលិកម្មហេតុតែស្រឡាញ់។ មេដឹកនាំម្នាក់ បើពុំមានគំនិតចែករំលែកក្ដីស្រឡាញ់ នោះបានន័យថាចង្អៀតចង្អល់។ ទ្រព្យដែលមិនឲ្យទាន ឬមិនបរិភោគខ្លួនឯង មានប្រយោជន៍អ្វី? រេហ៍ពលដែលគេមិនយកទៅចេញច្បាំងតស៊ូសត្រូវ មានប្រយោជន៍អ្វី? ការចេះចង់គម្ពីធម៌អាថ៌ បើគេមិនប្រតិបត្តិតាម តើមានប្រយោជន៍អ្វី? ខ្លួនយើងបើមិនទូន្មានឥន្ទ្រិយឲ្យបានបទទេ តើមានប្រយោជន៍អ្វី? ២) គំនិតចុងក្រោយនៃកថាខណ្ឌទី១នៃសៀវភៅ “ស្រីហិតោបទេស” នៅតែឲ្យតម្លៃលើ “វីរភាពនៃការដឹកនាំ ឬក៏ភាពជាគំរូល្អដើម្បីសម្រេចសមិទ្ធផលជូនជាតិ”។ គំរូនៃការបែងចែកក្ដីស្រឡាញ់ដោយបញ្ញា គឺជាទស្សនវិជ្ជាបែបពុទ្ធនិយម។ គំរូនៃការស្វែងរកសន្ដិភាពបែបកម្លាំងប្រយុទ្ធ គឺជាទស្សនវិជ្ជាបែបព្រាហ្មណនិយម។ ចំណុចចាប់ផ្ដើមនៃការផ្ដល់ក្ដីស្រឡាញ់ចំពោះបុគ្គលណាម្នាក់ គឺការលះបង់ឲ្យមានន័យជាក់លាក់មួយ ឬក្លាយជាប្រយោជន៍សម្រាប់ពួកគេមួយ ហើយចំណុចចាប់ផ្ដើមនៃការលះបង់ ឲ្យមានតម្លៃបំផុតសម្រាប់ជាតិ គឺលះបង់ដើម្បីប្រយោជន៍រាស្រ្តជាធំ។ មែនទែនទៅប្រយោជន៍ជាតិ សំខាន់ជាងប្រយោជន៍បុគ្គល។ ៣) លោក (Warren G. Bennis) បង្ហាញថា “ភាពជាអ្នកដឹកនាំ គឺជាសមត្ថភាពដើម្បីប្រែសម្រួលទស្សនវិស័យមួយឲ្យក្លាយទៅជាការពិត”។ ទស្សនវិស័យនិយាយពីដំណើរឆ្ពោះទៅមុខ។ មធ្យោបាយខ្លឹមមួយដើម្បីសម្រេចទស្សនវិស័យបាន គឺត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នាប្រកបដោយបញ្ញា និងឧត្តមគតិនិយម។ បើទោះបីជាចេះស្រឡាញ់គ្នា ចេះឱបក្រសោបគ្នាក្នុងគ្រាក្រយ៉ាងណាក៏ដោយ ចុងក្រោយឲ្យតែកាប់សម្លាប់គ្នាដើម្បីមុខមាត់អំណាចបុណ្យសក្កិ នោះពុំចាំបាច់ជួយគ្នាក្នុងគ្រាក្រក៏ល្អ។ ហើយបើទោះបីជាចេះស្រឡាញ់គ្នា នៅក្នុងពេលមានបាន ចេះពួតដៃគ្នាក្នុងគ្រាមានបាន តែគ្រាក្រព្រលែងដៃគ្នា ហែកហួរគ្នា នោះការស្រឡាញ់គ្នាក្នុងគ្រានោះ ក៏ឥតបានប្រយោជន៍អ្វីដូចគ្នា។ ៣) ផ្អែកតាមទស្សនវិជ្ជា ប្លា តុង (Plato) ក្នុងទ្រឹស្ដីរដ្ឋគំរូ បង្ហាញថា “ក្រពះ ត្រូវតែតូចជាងខួរក្បាល”។ ពេលខ្លះការបង្ហាញក្ដីស្រឡាញ់ចំពោះបុគ្គលណាម្នាក់ បើយកក្រពះជាធំ នោះក្ដីស្រឡាញ់នឹងបាត់បង់ បើយកឧត្តមគតិជាធំនោះមិត្តភាពនឹងសាបសូន្យ។ ឧត្តមគតិមានទំហំធំ ជាងក្រពះ។ មេដឹកនាំខ្លាំង យល់អំពីក្ដីស្រឡាញ់ មេដឹកនាំអញយល់តែពីក្រពះ មេដឹកនាំជួយរាស្រ្តបង្ហាញពីការលះបង់ (កម្លាំងនិងបញ្ញា) មេដឹកនាំអស្ចារ្យយល់ទាំងព្រម។ “Leadership is the capacity to translate vision into reality.” --Warren G. Bennis![832E2BBC-4802-4BCE-9519-36D862E72EAD.jpeg](https://serey.io/imageupload_data/0dccaa4e8cc651ec7db956e1c28631bc3813da8e)

Comments