សំឡេងនៅក្នុងចិត្ត!
វិទ្យាសាស្ត្រកាន់តែរីកចម្រើន ជីវិតសង្ឃឹមរស់កាន់តែខើចខ្លី អ្វីៗសុទ្ធតែបំផ្លាញជីវិតយើង។ មិនថាយើងកំពុងតែសំឡឹងមើលអេក្រង់ទូរស័ព្ទ យើងកំពុងប្រើប្រាស់អ៊ីនធើណែត យើងកំពុងបរិភោគអាហារនៅក្នុងហាង ឬយើងកំពុងធ្វើខ្លួនផាត់មុខ លាបឡេ លាបម្សៅ ក្រែម ទាំងអស់នេះជាចំណែកដែលចូលរួមបំផ្លាញសុខភាពយើងរាល់ថ្ងៃ ទាំងផ្លូវចិត្ត និងផ្លូវកាយ ហើយវាបានចូលទៅបំផ្លាញដោយស្របច្បាប់ ដោយមានការអនុញ្ញាត និងស្វាគមន៍ពីយើង។ បញ្ហាផ្លូវចិត្តបានកើនឡើងរាល់ថ្ងៃឥតឈប់ឈរ។ មិនថានៅកន្លែងការងារ នៅលើផ្លូវពេលយើងកំពុងធ្វើចររាចរណ៍ នៅកន្លែងកំសាន្តដែលពេញដោយសូរសំឡេងរំខាន វាសុទ្ធតែប៉ះពាល់ដល់យើងទាំងអស់។ នៅសម័យដែលយើងរត់ឲ្យទាន់បច្ចេកវិទ្យា សម័យសម្ភារៈនិយម សម័យទំនើបដែលបង្អួតគ្នាឥតឈប់ឈររាល់ថ្ងៃ។ អ្នកខ្លះសុខចិត្តជំពាក់លុយធនាគារ ដើម្បីតែសម្ភារៈល្អៗ។ សម័យដែលដេកគិត ដើរគិត អង្គុយគិត ប៉ុន្តែនៅតែមិនអាចគិតឃើញ។
មនុស្សលែងចេះរស់នៅចុះសម្រុងគ្នា។ ម្នាក់ៗចង់ចាញ់ ចង់ឈ្នះគ្នា ហើយរកល្បិចអាក្រក់ៗដើម្បីធ្វើបាបគ្នា។ សីលធម៌សង្គមធ្លាក់ចុះ ភាពអាត្មានិយម អួតអាង និងការយកអំណាចមកដាក់គំនាបលើផ្លូវចិត្តរបស់មនុស្សក៏មានឡើងស្ទើរគ្រប់ទិសទី។ អ្នកមានៗហួស ឡានបួនប្រាំចតពាសពេញផ្លូវខ្វែងខ្វាត់។ ចំណែកអ្នកក្រៗហួស រហូតរកអ្វីហូបមិនបាន រកកន្លែងដេកមិនបាន។ មនុស្សចូលចិត្តការបង្អួតគ្នាទៅវិញទៅមក។ មានមនុស្សមួយចំនួនមិនបានធ្វើល្អចេញពីចិត្តមេត្តា និងសប្បុរសដោយពិតនោះទេ។ ពួកគេគ្រាន់តែធ្វើដើម្បីបង្អួតមុខកាមេរ៉ាទូរសព្ទទំនើបៗ ដើម្បីយកមកបង្ហាញគ្នានៅលើបណ្ដាញផ្សព្វផ្សាយសង្គម។
រឿងអាក្រក់ៗត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ និងចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គមដ៏ធំទូលាយ គឺហ្វេសប៊ុក។ ហើយរឿងល្អៗ ដែលមានប្រយោជន៍ដល់សង្គមជាតិ និងមនុស្សជាតិ ពួកគេបែរជាព្រងើយកន្តើយទៅវិញ។ នៅជុំវិញខ្លួន មិនសម្បូរមនុស្សលើកទឹកចិត្ត និងរិះគន់ក្នុងន័យស្ថាបនាទេ ប៉ុន្តែពោរពេញដោយមនុស្សច្រណែន ឈ្នាសនីស និងក្ដិចត្រួយ។ ឯមនុស្សដែលពូកែឱបដៃ ឱបជើង ត្រូវបានទទួលការលើកទឹកចិត្តទំនុកបម្រុងពីពួកអ្នកកេងប្រយោជន៍ដើម្បីខ្លួនឯង។ បញ្ហាផ្លូវចិត្តបានជះឥទ្ធិពលអាក្រក់ដល់យុវវជនមិនតិចទេ។ ពួកគេខ្លះប្រែជាមានចិត្តសាហាវគួរឲ្យខ្លាច។ សូម្បីការប្រើប្រាស់ពាក្យសំដីរបស់គេក៏គ្មានការគោរព និងក្រមសីលធម៌អ្វីបន្ដិចសោះ។
ការរើសអើង ការឲ្យតម្លៃតែលើសម្ភារៈ ការមើលឃើញតែសម្រស់ខាងក្រៅ បានដឹកនាំមនុស្សឲ្យស្វែងរកភាពឡូយឆាយដើម្បីបង្អួតគ្នា។ ពួកគេមិនសូវចំណាយពេលកសាងគុណធម៌ចេញពីខាងក្នុងចិត្តគំនិតមកឡើយ។ ស្ថិតក្នុងស្ថានភាពដ៏រញ៉េរញ៉ៃនេះ ពេលខ្លះ យើងមានបំណងប្រាថ្នាគិតថាចង់ឃើញសង្គមជាតិ ឬពិភពលោកទាំងមូលរីកចម្រើន និងល្អប្រសើរនៅប៉ុន្មានឆ្នាំខាងមុខ។ តើវាអាចទៅរួចដោយរបៀបណា...?
បញ្ហាសុខភាពផ្លូវកាយក៏រីកសុះសាយសម្បូរបែប។ អាហារ បន្លែ ផ្លែឈើ គ្រឿងភេសជ្ជៈ សុទ្ធតែមានផ្ទុកសារធាតុគីមីដែលប៉ះពាល់ដល់សុខភាព។ សំរាម ថង់ប្លាស្ទិចត្រូវបានមនុស្សបោះចោលពាសវាលពាសកាល សូម្បីតែនៅលើទីសាធារណៈនានា ក៏អ្នកខ្លះពុំមានចិត្តញញើតដែរ។ ជំងឺគ្រប់ប្រភេទបានកំពុងកើតមាននៅក្នុងពិភពលោក។ វាគួរឲ្យខ្លាច និងសាហាវបំផុត ដែលគម្រាមកំហែងអាយុជីវិតមនុស្សរាប់សិបនាក់ក្នុងមួយថ្ងៃៗ។ តើនរណាដែលគួរតែទទួលខុសត្រូវលើបញ្ហាទាំងអស់នេះ? វាមិនមែនផ្ដើមចេញពីពួកយើងម្នាក់ៗទេឬ?
កូន ចាបមាស

