ភាគច្រើនៃការទទួលបានពន្លឺ របស់យើងគ្រប់គ្នាសុទ្ធតែបម្រះចេញពីភាពងងឹត
“មនុស្សម្នាក់ៗគួតែចាកចេញពីកន្លែងសុវត្ថិភាពទៅរកកន្លែងដែលមានឱកាសកែប្រែខ្លួន ពីអ្នកទស្សនាទៅជាអ្នកសម្ដែង ពីមនុស្សមានភាពទន់ជ្រាយប្រែក្លាយទៅជាមនុស្សមានភាពរឹងមាំ ចាស់ទាំងចិត្ត ចាស់ទាំងគំនិត”។ មិនជួបបញ្ហា មិនស្គាល់វិធី។ ក្នុងន័យនេះមនុស្សគ្រប់រូប មិនគួរប្រែខ្លួនចេញពីទំពាំងដែលមានភាពផុយស្រួយ បន្ទាប់មកក៏ក្លាយជាឫស្សីដើមត្រង់ភ្លឹង ប្រហោងក្នុង ថែមទាំងអាស្រ័យខ្លួនបាននៅតែក្នុងគុម្ពមួយមុខគត់នោះទេ តែគួតែបម្រះខ្លួនប្រៀបដូចជាដើមឈើមួយដើមដែលមានមែកធាងច្រើន(ចេះបត់បែន)
មានខ្លឹមក្នុង និងអាចឈរជើងម្នាក់ឯងបានជាមុនសិនទើបជាការល្អ។ ភាពខ្លាំងរបស់ដើមឈើមួយដើមគឺរក្សាលំនឹង
តែពុំបានន័យថានៅស្ងៀមទ្រឹងទេ។
ក្នុងកាលៈទេសខ្លះមនុស្សបានឆ្លងកាត់ការលំបាកទើបរឹងមាំ ចេះអត់ឃ្លានទើបចេះតស៊ូ។ បញ្ហារាប់មិនអស់ ដោះស្រាយមិនចុះចាញ់ មានបទពិសោធន៍កាន់តែច្រើន ដឹងកាន់តែស៊ីជម្រៅ (ទឹកកាន់តែក្ដៅ កាន់តែធ្វើឲ្យកាហ្វេកាន់តែមានក្លិនឈ្ងុយល្អ)។ នេះគឺជាដំណើរនៃធម្មជាតិ ដូចដែលសូក្រាត(Socrates)បានពោលថា “បទពិសោធន៍ គឺបិតានៃចំណេះដឹង”ដូច្នោះដែរ។
មានពេលខ្លះយើងត្រូវបានអ្នកដទៃបោះបង់ ប៉ុន្តែយើងក៏មិនត្រូវបោះបង់ខ្លួនឯងចោលទេ។ ពេលខ្លះទៀត យើងត្រូវបានអ្នកដទៃបដិសេធ យើងក៏មិនត្រូវបដិសេធចំពោះខ្លួនឯងដែរ ចំណែកតថភាពខ្លះទៀតយើងត្រូវបានអ្នកដទៃរិះគន់ជាន់ពន្លិច យើងក៏មិនកប់ភក់តាមគេដូចគ្នា។ យើងនៅតែមិនភ្លេចប្រើបញ្ញាដើម្បីដឹងថា នៅពេលណាដែលត្រូវប្រកាន់យកគោលជំហររឹងមាំមួយសម្រាប់ខ្លួនឯង ពេលនោះហើយជាជំហានទៅកាន់ភាពរឹងមាំ ហើយវានឹងត្រូវចាប់ផ្ដើមឡើង”។
“Strength and growth come only through continuous effort and struggle.”
—Napoleon Hill

