ឆាកជីវិតមួយ!
ពេលនឹកទៅដល់បុព្វហេតុទាំងឡាយដែលធ្វើឲ្យឆាកជីវិតនេះបានជួបប្រសព្វនឹងមនុស្សជាច្រើន វាក៏បានធ្វើឲ្យយើងមានក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះពួកគេ។ មនុស្សដែលបានចាកចេញឆ្ងាយពីយើងទៅជារៀងរហូត និងមនុស្សដែលយើងត្រូវចាកចេញពីពួកគេទៅនៅថ្ងៃណាមួយ។ ឆាកជីវិតខុសពីឆាកតន្ត្រី ពេលគេប្រគុំតន្ត្រីមានមនុស្សច្រើនណាស់ដែលរង់ចាំមើល និងទះដៃអបអរសប្បាយជាមួយការប្រគុំ។ ប៉ុន្តែឆាកជីវិតវាស្ងៀមស្ងាត់ខ្លាំងណាស់។ មានមនុស្សមិនច្រើនឡើយ ដែលមកអបអរចំពោះវត្តមានរបស់យើងតាំងពីដំបូង ប៉ុន្តែមានមនុស្សច្រើនដែរដែលចូលរួមសោកស្ដាយពេលដែលវត្តមានយើងលែងមានតទៅទៀត។
គេលះបង់ខ្ញុំដើម្បីបង្កើតស្នេហាថ្មីមួយ ប៉ុន្តែខ្ញុំលះបង់ស្នេហាមួយដើម្បីផ្ដល់ក្ដីស្រលាញ់សម្រាប់មនុស្សជាច្រើន។ ខ្ញុំគេងបានតិចជាងធ្វើការ! ប៉ុន្តែខ្ញុំយល់ថាខ្លួនឯងរស់នៅបានយូរជាងពេលស្លាប់។ ពេលគេងលក់គឺជាពេលស្លាប់មួយខណៈខ្លី។ បើគេងឆាប់ភ្ញាក់គឺស្មើនឹងស្លាប់ឆាប់ដឹងខ្លួនវិញ។ ប្រើពេលរស់នៅបានយូរ គឺប្រើពេលធ្វើការងារមានប្រយោជន៍ចំពោះសង្គមជាតិឲ្យបានច្រើន។ មិនមែនរស់នៅបានយូរដោយរាប់ត្រឹមតែចំនួនឆ្នាំ ឬអាយុដែលខ្លួនអាចមានជីវិតរស់ទេ។ ប៉ុន្តែបើអាចរស់នៅបានយូរឆ្នាំ សាងប្រយោជន៍បានច្រើនថែមទៀត នោះគឺជារឿងអស្ចារ្យណាស់...៕
******************************************************************
អត្ថបទនេះដកស្រង់ពីសៀវភៅ កាដូជីវិត (បោះពុម្ពផ្សាយនៅក្នុងខែ កញ្ញា ឆ្នាំ២០១៨)។ មិត្តអ្នកអានអាចធ្វើការកក់ទុកសៀវភៅនេះមុនពេលចេញផ្សាយបាន ដោយផ្ញើសារលេខទូរស័ព្ទមកកាន់ផេក ឬអាច Comment លេខនៅខាងក្រោមនេះក៏បាន។ យើងនឹងទាក់ទងទៅពេលដែលសៀវភៅចេញពីរោងពុម្ពភ្លាម។ សូមអរគុណ!
រក្សាសិទ្ធិ៖ សៀវភៅជីវិត

