ភាពជាអ្នកដឹកនាំយល់អំពីស្ថានភាព
១\ កាលៈទេសៈសង្រ្គាម ឈ្នះជាអំណាច។ កាលៈទេសៈសន្តិភាព ចំណេះដឹងជាអំណាច។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំរបស់ នីកូឡូ ម៉ាឆីវាលី (Niccolò Machiavelli)។ កាលៈទេសៈពង្រឹងសន្តិភាព គឺត្រូវពង្រឹងអត្តចរិត។ នេះជាមូលដ្ឋាននៃភាពជាអ្នកដឹកនាំរបស់ ជូ កឺលៀង។ តថភាពខ្លះគ្រាន់តែបង្រ្កាបគេឲ្យចាញ់នោះបានន័យថា“យើងឈ្នះ”។ ក្រោយពីឈ្នះ ដាក់ដាវ ដាក់លំពែង ឱនខ្នង គោរពច្បាប់វិន័យ។ វិជ្ជានាំឱ្យមានវិន័យ។ វិន័យ នាំឱ្យបានសេចក្ដីថ្លៃថ្នូរ។ សេចក្ដីថ្លៃថ្នូរនាំឱ្យបានទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិ នាំឱ្យបានធម៌។ ធម៌ដឹកនាំឱ្យបានសេចក្ដីសុខ។ គំនិតនេះដកស្រង់ចេញពីសៀវភៅ “ស្រីហិតោបរទេស”។ ដែលគ្រូព្រាហ្មណ្យ បង្រៀនស្ដេចក្នុងការគ្រប់គ្រងប្រទេស គ្រប់គ្រងទឹកដី (បរិបទខ្មែរ)។
២\ មេដឹកនាំល្អ យល់អំពីរបៀបធ្វើ។ របៀបធ្វើក្នុងន័យនេះចង់បានន័យថា “មានសិល្បៈក្នុងធ្វើឲ្យអ្នកដើរតាម ដើរតាមទស្សនវិស័យខ្លួនឯង។ មេដឹកនាំត្រូវយល់ពីស្ថានភាព យល់វប្បធម៌ យល់ពីភូមិសាស្រ្ត និងចរិតលក្ខណៈ”។ ឧទាហរណ៍ទី១) ព្រះបាទជ័យវរ័្មនទី៧ យល់ថា “ប្រជាជនក្នុងសម័យទ្រង់គួរបដិបត្តិពុទ្ធសាសនាបែបមហាយាន ទើបរីកចម្រើន”។ ឧទាហរណ៍ទី២) លី ក្វាន់យូ យល់ថា “ប្រជាជនសង្ហបុរីសម័យនោះ ពុំត្រូវការប្រជាធិបតេយ្យទេ តែត្រូវការវិន័យ”។ ចុងក្រោយការយល់អំពីរបៀបធ្វើ ក្នុងន័យនេះ គឺទទួលភាពរុងរឿង បានផលល្អ។
៣\ ចេះវីធី មិនយល់អំពីសិល្បៈស្មើនឹងមិនចេះ។ មានទស្សនវិស័យគ្មានសមត្ថភាពដឹកនាំប្រៀបដូចជាគ្មានទស្សនវិស័យ។ កាលៈទេសៈនេះ ទោះត្រូវធ្វើបែបណា ច្នៃសិល្បៈបែបណាក៏ដោយ ឲ្យតែនាំមនុស្សទៅរកភាពរីកចម្រើន នោះបានសេចក្ដីថា “ឈ្នះ”។ ផ្ទុយពីនេះ មានទស្សនវិស័យ គ្មានសិល្បៈ មិនយល់អំពីវិធីបានន័យថា “ចាញ់”។ ចាញ់និងឈ្នះរបស់មេដឹកនាំ មានតម្លៃមហាសាល ព្រោះវាសនាអ្នកដើរតាមពឹងលើអ្នកដឹកនាំទាំងស្រុង។ រទះពឹងគោ ទូកពឹងច្រវ៉ា កង់ពឹងចង្កូត។ អ្នកដើរតាមទម្រេតលើអ្នកដឹកនាំ តែអ្នកដឹកនាំមិនត្រូវទម្រេតលើសេចក្ដីស្លាប់នោះទេ។ ស្ថានភាព សំខាន់ជាងទ្រឹស្ដី ឬគោលការណ៍។
“Do what you feel in your heart to be right, for you'll be criticized anyway.” --Eleanor Roosevelt

