តើគួរជ្រើសមនុស្សបែបណា ?

V
យើងម្នាក់ៗតែងតែប្រាថ្នាចង់បានមនុស្សល្អមករួមដំណើរជីវិតជាមួយ វាមិនចម្លែកទេដែលគ្រាន់តែចង់បានមនុស្សល្អ ។ មនុស្សល្អលើលោកនេះមិនខ្វះទេ អ្វីដែលខ្វះនោះគឺភាពល្អពិតៗ ស្រឡាញ់យើងពិតៗ ។ យើងគួរស្រឡាញ់មនុស្សម្នាក់ដែលឲ្យក្ដីស្រឡាញ់របស់គេមកយើងដោយគ្មានលក្ខខណ្ឌ ទើបយើងអាចទទួលបានក្ដីស្រឡាញ់ដ៏បរិសុទ្ធពិតៗ ។ ក្ដីស្រឡាញ់មិនមែនជាការទាមទារទេ តែជាការធ្វើគ្រប់យ៉ាងដើម្បីគ្នាទៅវិញទៅមក ។ បើគេស្រឡាញ់យើងដោយសារយើងមានការងារល្អ ដោយសាររូបសម្បត្ដិយើងស្អាត ដោយសារយើងមានលុយ នោះគឺគេមិនបានស្រឡាញ់យើងដោយស្មោះទេ គឺគេស្រឡាញ់អ្វីដែលយើងមាន ប្រសិនបើថ្ងៃណាមួយអ្វីៗដែលយើងមាននោះត្រូវបាត់បង់ដោយប្រការណាមួយ គេអាចនឹងបោះបង់យើងចោលក៏ថាបាន។ គេថាស្នេហាមិនមែនជាលុយទេ តែបើគ្មានលុយអ្វីៗក៏គ្មានដែរ ។ ការស្វែងរកមនុស្សម្នាក់មកកាន់ដៃយើង កំដរយើងឆ្លងកាត់គ្រាលំបាកៗ ទទួលយកគ្រប់យ៉ាងដែលយើងមាន ហ៊ានពុះពារឧបសគ្គគ្រប់យ៉ាងជាមួយយើង ស្រឡាញ់យើងដោយចិត្ដស្មោះ វាពិតជាពិបាកបំផុត ប៉ុន្ដែបើយើងអង្គុយតែទាមទារចង់បានភាពល្អពីគេ ទាំងដែលខ្លួនឯងពុំទាន់ល្អដូចអ្វីដែលចង់បានពីគេ នោះរឹតតែពិបាកថែមទៀតក្នុងការស្វែងរកមនុស្សល្អ ព្រោះមនុស្សល្អអាចនឹងមានគេតាមប្រមាញ់ច្រើន ប៉ុន្ដែនិស្ស័យនៃភាពជាមនុស្សល្អដូចគ្នា គេប្រាកដជាប្រើកែវភ្នែកដ៏ល្អរបស់គេស្វែងរកមនុស្សល្អដូចគេហើយ ហើយម្នាក់នោះអាចជាយើងក៏ថាបានប្រសិនបើយើងជាមនុស្សល្អពិតមែន។ ផ្កាដែលរីកយ៉ាងស្រស់ស្អាត វាមិនខ្វល់ថាមានមនុស្សប៉ុន្មាននាក់ស្រឡាញ់វាទេ សំខាន់វានៅតែរីកបញ្ចេញភាពស្រស់ស្អាតរបស់វាដល់ផែនដី។ ការសម្រេចចិត្ដបញ្ចប់ភាពជាយុវវ័យ ឱកាសគឺមានតែម្ដងគត់ ប្រើការជ្រើសរើសម្ដងនេះរើសឲ្យត្រូវ កុំឲ្យខ្លួនឯងមានការស្ដាយក្រោយ ដោយសារការសម្រេចចិត្តមិនច្បាស់លាស់ ឬតាមការណែនាំរបស់អ្នកដទៃ ឬដោយសារសម្លឹងឃើញអ្វីៗដែលគេមាន ។ គ្មានអ្វីមានមាតម្លៃឡើយក្រៅពីក្ដីស្រឡាញ់ ព្រោះបើគ្មានក្ដីស្រឡាញ់ ក៏គ្មានសុភមង្គលយូរអង្វែងដែរ។ រឿងរៀបការ មិនមែនជារឿងលេងសើចទេ វាគឺជាកិត្តិយសរបស់យើង ម្លោះហើយការសម្រេចចិត្ដគឺត្រូវតែឆ្លងកាត់ភាពប្រាកដប្រជាសិន មុនផ្ញើជីវិតផ្ញើក្ដីសង្ឃឹមទៅលើគេ ជ្រើសយកគេមករួមដំណើរជីវិត ព្រោះរឿងឈឺចាប់ទៅថ្ងៃក្រោយអាចមានឬអត់ ត្រូវមើលលើនិស្ស័យរបស់គេ និងយើងហើយ ៕... អត្ថបទ៖ ប្រាជ្ញាជីវិត![D9BA9EFC-D9F2-417D-9BFB-C9E21BBF5D51.jpeg](https://serey.io/imageupload_data/07065ac0445cabf3dd233ad507ca95ff67d17b45)

Comments

wondercury
អគុណដែលបានចែករំលែកអត្ថបទរបស់កញ្ញា សេតហត្ថា