អតីកាលមួយ!
យើងមិនបាច់ចាំកើតទុក្ខចង់ត្រឡប់ទៅរកពេលវេលាពីម្សិលមិញវិញទេ ព្រោះបើមានថ្ងៃបន្ទាប់សម្រាប់ការរស់នៅ ថ្ងៃនេះក៏នឹងក្លាយជាម្សិលមិញដូចគ្នា។ វាជារឿងធម្មតាទេ ពេលដែលយើងស្មុគស្មាញ និងពិបាកចិត្តយើងក៏នឹកដល់កុមារភាពមួយ ជួនកាលក៏គិតផ្តេសផ្ដាសចង់ត្រឡប់ទៅរកពេលវេលាមួយនោះវិញ។ ប៉ុន្តែវាអាចទៅរួចយ៉ាងម៉េច? តើយើងអាចត្រឡប់ក្លាយខ្លួនជាក្មេងម្ដងទៀតយ៉ាងម៉េចទៅ? ព្រោះយុវភាពមួយនេះ វាបានចូលមកជំនួសកុមារភាពរបស់យើងយូរណាស់ហើយ។ បន្ដិចទៀតភាពទ្រុឌទ្រោមក៏នឹងចូលមកជំនួសយុវភាពដែលពោរពេញដោយកម្លាំងខ្លាំងក្លានេះម្ដង។ ស្លឹកឈើដែលលាស់ត្រួយមក វាក៏នឹងត្រូវចាស់ ហើយក៏ទុំជ្រុះចាកមែកនៅរដូវស្លឹកឈើជ្រុះ។ ផ្កាឈើដែលរីកស្រស់ស្អាត វាក៏ត្រូវក្រៀមស្វិតស្រពោនទៅវិញនៅទីបំផុត។ បើយើងគ្រាន់តែសម្លឹងមើលទៅពិភពលោកនេះដោយប្រើត្រឹមតែកែវភ្នែកទទេស្អាតមួយគូ ប្រើមនោសញ្ចេតនាដ៏ស្ងប់ស្ងាត់មួយ ប្រើបេះដូងដែលពោរពេញដោយសេចក្ដីស្រលាញ់ដ៏ធំធេង នោះយើងនឹងមើលគ្រប់យ៉ាងនៅក្នុងជីវិតពិតជាធ្វើដំណើរស្របគ្នាល្អណាស់។
*********************************************
ដកស្រង់ចេញពីសៀវភៅ កាដូជីវិត (បោះពុម្ពផ្សាយក្នុងខែ កញ្ញា ឆ្នាំ២០១៨)
រក្សាសិទ្ធិិ៖ សៀវភៅជីវិត

