កាដូជីវិត!
ខ្ញុំគិតថាវាជាសំណាងមួយល្អណាស់ ព្រោះនៅទីបំផុត ខ្ញុំក៏បានរកឃើញមធ្យោបាយទាក់ទងជាមួយមនុស្សរាប់ពាន់នាក់ ដែលរស់នៅទីកន្លែង និងមជ្ឈដ្ឋានផ្សេងៗគ្នាបានយ៉ាងងាយស្រួល។ តាមរយៈស្នាដៃសៀវភៅលើកដំបូងរបស់ខ្ញុំ ដែលមានចំណងជើងថា "វិញ្ញាសាជីវិត" បានបោះពុម្ពផ្សាយជាលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០១៧ និងបានបោះពុម្ពផ្សាយជាលើកទី២នៅក្នុងខែឧសភាឆ្នាំ២០១៨ វាហាក់ដូចបទពិសោធន៍ជីវិតថ្មីមួយដែលខ្ញុំបានទទួលនូវក្ដីរំភើបរីករាយដែលស្ទើរតែមិនគួរឱ្យជឿ។
ខ្ញុំបានទទួលសារលិខិតថ្លែងអំណរគុណជាច្រើន ពីសំណាក់មិត្តអ្នកអាននៅគ្រប់មជ្ឈដ្ឋាន ហើយដែលភាគច្រើនសារលិខិតទាំងនោះ ពួកគាត់ចង់និយាយពាក្យអរគុណ សម្រាប់សៀវភៅមួយក្បាលដែលខ្ញុំបានសរសេរវាឡើង។ ប៉ុន្តែវាបែរជាធ្វើឱ្យខ្ញុំកាន់តែទទួលអារម្មណ៍ថា ខ្លួនឯងកំពុងតែទទួលបានការជំរុញទឹកចិត្តច្រើនមែនទែនពីមិត្តអ្នកអានទាំងអស់តាមរយៈសារ និងពាក្យពេចន៍ដែលចេញពីជម្រៅចិត្តពិតៗ។
"កាដូជីវិត"គឺជាចំណងជើងសៀវភៅស្នាដៃទី២របស់ខ្ញុំដែលបានប្រសូតឡើងមក ដោយទឹកចិត្តស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះវប្បធម៌នៃការចែករំលែក។ ខ្ញុំស្រលាញ់ពាក្យថា "ជីវិត" នេះជាមូលហេតុដែលខ្ញុំចង់សរសេររឿងរ៉ាវរបស់ជីវិត។ ខ្ញុំឱ្យគុណតម្លៃជីវិតបន្ថែម ដោយការធ្វើនូវរឿងល្អៗដែលជាគុណប្រយោជន៍សម្រាប់មនុស្សរួមជំនាន់ និងអនុជនជំនាន់ក្រោយ។ អ្នកដាំបណ្ដុះពូជឈើប្រាកដជានឹងចាកចេញពីផែនដីនេះទៅមុននៅថ្ងៃណាមួយ ប៉ុន្តែដើមឈើនឹងក្លាយទៅជាម្លប់សម្រាប់អនុជនជាន់ក្រោយបានជ្រកសម្រាកកាយ។
ខ្ញុំសូមឧទ្ទិសស្នាដៃនេះជូនចំពោះដួងវិញ្ញាណក្ខន្ធនៃបុព្វបុរស និងអ្នកនិពន្ធខ្មែរគ្រប់ជំនាន់ទាំងអស់ដែលបានបូជាលះបង់កម្លាំងចិត្ត កម្លាំងកាយ ដើម្បីបង្កើតនូវស្នាដៃល្អៗជាច្រើន ព្រមទាំងបានថែរក្សាការពារមកយ៉ាងល្អសម្រាប់ជាមរតកនៃកូនចៅជាន់ក្រោយបានស្គាល់។ ព្រមជាមួយគ្នានេះដែរ ខ្ញុំក៏សូមឱ្យស្នាដៃនេះបានក្លាយទៅជាចំណែកតូចមួយ ដែលជួយសាងកម្លាំងដួងចិត្តនៃអ្នកអានទាំងអស់។ សូមឱ្យសេចក្ដីមេត្តាការស្រលាញ់រាប់អានដោយភាតរៈភាព និងការចែករំលែកនូវរឿងរ៉ាវល្អៗមានកាន់តែច្រើនឡើងៗ នៅក្នុងដួងចិត្តនៃខេមរបុត្រគ្រប់ទិសទី។ សូមឱ្យដួងព្រលឹងនៃអនុជនមានកម្លាំងខ្លាំងក្លា រឹងមាំ និងអាចអត់ធ្មត់តស៊ូចំពោះបញ្ហាលំបាកៗទាំងឡាយទាំងពួងបាន មិនថាជាបញ្ហាអ្វីក៏ដោយចុះ៕
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨
កូន ចាបមាស

