ស៊ីជិនពីងអំពីតម្លៃស្នូលសង្គម
១. ស៊ី ជិនពីង លើកឡើងថា “យុវជន គួរតែប្រតិបត្តិដោយខ្ជាប់ខ្ជួននូវតម្លៃស្នូលសង្គម”។ វិជ្ជាដ៏ជ្រៅជ្រះ តែងបង្រៀនមនុស្សឱ្យចេះសាបព្រោះគុណធម៌ ពីព្រោះគុណធម៌ គឺជាមូលដ្ឋានគ្រឹះនៃសេចក្តីស្នេហាចំពោះសង្គម។ គុណធម៌ ធ្វើឱ្យមេដឹកនាំចេះស្រឡាញ់ប្រជាជនរបស់ខ្លួនដោយចិត្តស្មោះ។ គុណធម៌ គឺជាឧត្តមមាគ៌ាក្នុងការកសាងសង្គមឆ្ពោះទៅរកឧត្តមភាពពិតប្រាកដ។
២. នៅពេលនិយាយពីគុណធម៌ គឺមានន័យថាការកសាងបារមី (Virtues) ឬកសាងអំនាចនៃសេចក្តីល្អដែលត្រូវតែចេញពីបុគ្គលក្នុងសង្គមម្នាក់ៗ។ ខុង ជឺ ធ្លាប់បានអះអាងថា “ទ្រព្យសម្បត្តិពិតប្រាកដរបស់ប្រទេសជាតិមួយ គឺពុំមែនវាស់លើមាសប្រាក់ទេ តែវាស់កំណត់ដោយការសិក្សាអប់រំរបស់ជនសង្គម គតិបណ្ឌិតរបស់ប្រជាជន និងភាពរឹងប៉ឹងមាំមួនរបស់យុវជនក្នុងប្រទេសនោះ”។
៣. បុគ្គលដែលមានវិជ្ជាជ្រៅជ្រះ ត្រូវតែចេះសាបព្រោះគោលការណ៍គុណធម៌ចូលទៅក្នុងសង្គម។ មនុស្សធម្មតាដែលប្រព្រឹត្តទង្វើអគុណធម៌ គឺប៉ះពាល់ត្រឹមតែមិត្តភក្តិក្បែរខ្លួនប៉ុណ្ណោះ តែមេដឹកនាំប្រព្រឹត្តទង្វើអគុណធម៌ គឺប៉ះពាល់ធ្ងន់ធ្ងរជាប្រវត្តិសាស្រ្តដល់សង្គមទាំងមូល។ ការចេះស្រឡាញ់ប្រជាជន គឺជាមាគ៌ាកសាងឧត្តមភាពនៃសង្គម។ ឧត្តមភាពនៃសង្គមមួយកើតឡើងដោយសារតែមនុស្សក្នុងសង្គមចេះសាមគ្គី។
៤. ពេលនិយាយពីសាមគ្គី យុវជនខ្មែរ គួរតែត្រឡប់ទៅអានសៀវភៅ “ស្រីហិតោបទេស” ដែលនិយាយពីការគប់មិត្ត និងការបំបែកមិត្ត។ មាតិកាអំពីការគប់មិត្ត និងបំបែកមិត្ត គឺសំដៅដល់ការកសាងក្រុមការងារ (Team building) និងការថែរក្សាក្រុមការងារ (Team maintaining)។ នៅក្នុងសៀវភៅ “ទម្លាប់ ៧ប្រការសម្រាប់បុគ្គលជោគជ័យ ឬ 7 Habits of Highly Effective People” បានលើកឡើងនូវគោលការណ៍បីធំៗគឺ៖ ១. ពឹងគេ (Dependent) ២. ពឹងខ្លួនឯង (In-dependent) និង ៣. ពឹងគ្នាទៅវិញទៅមក (Inter-dependent)។
៥. ត្រង់ចំណុចទី៣ គឺចង់បង្ហាញពីការធ្វើការជាក្រុម តែចំពោះខ្មែរយើងខ្លះ ពឹងខ្លួនឯងបានខ្លះ ពឹងពាក់គេម្តងម្តាលបានខ្លះ តែបើពឹងគ្នាទៅវិញទៅមក ឬបង្កើតក្រុមការងារដើម្បីធ្វើការជាក្រុមជាមួយគ្នា គឺពុំសូវចុះសម្រុងនឹងគ្នាប៉ុន្មានឡើយ (ចាំតែប៉ែងជើងដាក់គ្នា)។ អំនាចនៃក្រុមការងារ គឺខ្លាំងណាស់។ ដូច្នេះ ទើបខ្មែរយើងសាងអង្គរបាន ហើយចាស់បុរាណបានបន្សលនូវពាក្យអប់រំស្តីពីការសាមគ្គីជាច្រើនដូចជា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។ ចង្គឹះមួយបាច់ កាច់ពុំបាក់។ អាតូចខ្សោយជាងអាធំ តែបើអាតូចប្រមូលផ្តុំ អាធំបះជើង....”។
៦. ប្រភពនៃគុណធម៌ វាជាអំណាចធំដែលបង្កើតសេចក្តីទុកចិត្តទុកថ្លើមឥតសង្ស័យលើគ្នា។ គោលការណ៍បង្កើតសាមគ្គី គឺត្រូវមានសេចក្តីស្រឡាញ់រាប់អានគ្នាដោយចិត្តស្មោះឥតសង្ស័យ។ សេចក្តីសង្ស័យ វាបំបែកទំនុកចិត្ត ហើយបើកាលណាសង្គមខ្វះទំនុកលើគ្នា គឺមានតែការបែកបាក់ហែកហួរគ្នាប៉ុនណោះ។ មេដឹកនាំចិន ស៊ី ជិនពីង ចង់សង្កត់ធ្ងន់ទៅលើការអប់រំដែលត្រូវផ្តោតសំខាន់ចំពោះសីលធម៌ និងគុណធម៌មនុស្សជាគោល៕
______
*សង្ខេបខ្លឹមសារខ្លះចេញពីសៀវភៅបរទេស “ស៊ីជិន ពីង វិលទៅរកគំនិតអ្នកប្រាជ្ញអតីតកាល” ដោយ ឡាំ លីម

