ក្តីស្រលាញ់មួយ

V
![6F46B920-14DB-4624-8255-E145F1C426E1.jpeg](https://serey.io/imageupload_data/12093afa33e34ae930ecc7622ff06047e249fa70) ក្ដីស្រលាញ់ពិតប្រាកដ មិនបានធ្វើឱ្យយើងទទួលអារម្មណ៍ឈឺចាប់ទេ។ សាកនឹកស្រមៃទៅដល់ពេលដែលយើងអង្គុយមើលថ្ងៃលិច តើយើងនឹងមានអារម្មណ៍អស្ចារ្យដូចម្តេច ជាមួយពន្លឺដ៏ក្រហមច្រាលដែលស្ទើរតែគ្មានកម្ដៅនៃព្រះអាទិត្យ កំពុងតែចាំងមកប៉ះនឹងផ្ទៃផែនដីនេះ ស្រាប់តែសល់កាន់តែតិចទៅៗ នៅខណៈដែលភពផែនដីកាន់តែធ្វើដំណើរផុតចាកឆ្ងាយពីពន្លឺព្រះអាទិត្យទៅបន្ដិចម្ដង។ យើងគ្មានអារម្មណ៍ចង់ឃាត់កុំឱ្យផែនដីឈប់នៅនឹងមួយកន្លែង ដើម្បីឱ្យយើងបានគយគន់ពន្លឺនៃដួងព្រះទិនករនាពេលល្ងាច រហូតដល់យើងមានអារម្មណ៍ធុញទ្រាន់នោះទេ។ យើងនឹងនៅតែមានអារម្មណ៍រីករាយបែបហ្នឹង រហូតទាល់តែផែនដីបានធ្វើដំណើរផុតពីដុំពន្លឺនៃព្រះអាទិត្យ ហើយនៅសល់តែពន្លឺក្រហមព្រាលតិចៗនៅជើងមេឃខាងលិច។ យើងនៅតែប្រាកដក្នុងចិត្តជានិច្ច ថាស្អែកឡើងផែនដីនឹងវិលទៅជួបព្រះអាទិត្យសារជាថ្មីម្ដងទៀត នៅឯទិសខាងកើត។ក្ដីស្រលាញ់ដ៏ពេញលេញមួយគឺវាបែបហ្នឹង... ។ ពន្លឺព្រះអាទិត្យចាំងមកប៉ះខ្លួនយើង តែយើងស្រវាចាប់វាមិនបាន។ យើងមើលឃើញថាព្រះអាទិត្យនៅទីនោះ នៅខាងមុខយើងនោះ ប៉ុន្តែយើងដើរយ៉ាងណាក៏ទៅមិនដល់។យើងមើលឃើញជើងមេឃហាក់ដូចជានៅមិនឆ្ងាយ ប៉ុន្តែការពិតវាគ្មានជើងមេឃទេ គ្មាននរណាម្នាក់បានទៅឃើញជើងមេឃនៅកន្លែងផ្សេង ក្រៅអំពីកន្លែងដែលយើងកំពុងតែឈរ ហើយសម្លឹងមើលទៅមុខ។ការស្រលាញ់គឺវានឹងធ្វើឱ្យយើងមានអារម្មណ៍ល្អ មានថាមពលផ្លូវចិត្ត ហើយក៏ធ្វើឱ្យជីវិតយើងមានសម្រស់ស្រស់ត្រកាល។ ********************************************** ដកស្រង់ចេញពីទំព័រមួយនៃសៀវភៅ កាដូជីវិត (ចេញផ្សាយដំបូងនៅដើមខែកញ្ញា)។ អាចកក់ទុកបានដោយផ្ញើសារលេខទូរស័ព្ទមកកាន់ផេក ឬ Comment លេខនៅខាងក្រោមនេះក៏បាន។ អាចកក់ទុកបានត្រឹមថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨។ តម្លៃសម្រាប់អ្នកកក់មុនគឺ ២៨០០០រៀល ឬ៧ដុល្លារ!

Comments