គ្រាប់ពូជនៃភាពជាអ្នកដឹកនាំ
១) បើចិត្តចង់បានទ្រព្យត្រូវប្រឹងរក បើចិត្តចង់បានវិជ្ជា ត្រូវប្រឹងរៀន បើចិត្តចង់បានជម្នះត្រូវប្រឹងប្រយុទ្ធ។ ភាពចង់បានត្រូវតែប្រឹង។ ដំណាក់កាលខ្លះភាពខ្លាំង ឬខ្សោយពុំសំខាន់អ្វីទេ ឲ្យតែចេះអត់ធ្មត់។ ភាពឈ្នះឬចាញ់ក៏លែងសំខាន់ដូចគ្នា ឲ្យតែចេះតាំងចិត្ត។ ជាច្បាប់សកល “ឲ្យតែមនុស្សចេះប្រឹងនោះយើងក៏ទទួលបានផល”។
២) ក្នុងទ្រឹស្ដីពុទ្ធសាសនាគេនិយាយអំពី “ច្បាប់កម្មផល”។ ចំណែកឯគតិមួយឃ្លានៅក្នុងសៀវភៅ ស្រីហិតោបរទេស អប់រំថា “បុគ្គលគប្បីស្វែងរកទ្រព្យដែលមិនទាន់បាន គប្បីរក្សាទ្រព្យដែលរកបានហើយ កុំឲ្យបាត់បង់អស់ទៅវិញ គប្បីកពូនទ្រព្យសម្បត្តិដែលដែលរក្សាទុកនោះ ឲ្យចម្រើនឡើងដោយប្រពៃ”។ នេះចង់បង្ហាញពីគំនិតចាប់ផ្ដើមនិងទស្សនវិស័យរបស់មេដឹកនាំ។
៣) មេដឹកនាំល្អធ្វើឲ្យអ្នកដើរតាមមានសន្តិភាព (ត្រូវប្រឹងការកសាងសន្តិភាព ការកសាងប្រព័ន្ធសេដ្ឋកិច្ច រក្សាលំនឹង និងមានទស្សនវិស័យ)។ “មេដឹកនាំត្រូវចេះចាប់ផ្ដើម និងត្រូវបញ្ចប់ដោយភាពរុងរឿង” នេះជាមូលដ្ឋានគ្រឹះតូចមួយផ្នែកនៃភាពជាអ្នកដឹកនាំក្នុងសៀវភៅ “ស្រីហិតោបរទេស”។ ត្រង់ចំណុចនេះមេដឹនាំមួយចំនួនក៏បង្ហាញដូចគ្នា ដូចជា លី ក្វាន់យូ (សង្ហបុរី) ប៉ារ៉ាក់អូប៉ាម៉ា (អាមេរិក) និង តេង ស៊ីវពីង (ចិន)។ តាមការយល់ផ្ទាល់ខ្លួន “ទ្រឹស្ដីនេះបានក្លាយជាទ្រឹស្ដីសកលមួយដែលមានមេដឹកនាំជាច្រើន មកធ្វើជាគោលការណ៍ដឹកនាំប្រទេស”។
៤) ការស្វែងរក គឺជាគ្រាប់ពូជ។ ការចាប់ផ្ដើមគឺជាការដាំដុះ។ ការថែទាំគឺជាលំនឹង ចុងក្រោយបានផលគឺជាប្រមូលគ្រាប់។ បន្ទាប់ពីបានគ្រាប់ពូជត្រូវដាំដុះឬសាបព្រោះជាថ្មីសារឡើងវិញ (ទស្សនវិស័យ)។ ភាពជាអ្នកដឹកនាំក្នុងកាលៈទេសៈនេះ មិនថាត្រូវប្រើវិធីបែបណា (ចិត្តដាច់ ឬទន់ភ្លន់) ឲ្យតែត្រូវសម្រេចទស្សនវិស័យទាំងអស់នោះ តែពេលខ្លះក៏មិនត្រូវអាក្រក់ ល្បិចកលហួសហេតុពេកដែរ ព្រោះជាគ្រប់ពូជពុំអាចសាបព្រោះបន្តទៀតបាន។ ភាពជាអ្នកដឹកនាំ គឺជាស្វែងរក!
“The greatest leader is not necessarily the one who does the greatest things. He is the one that gets the people to do the greatest things.” --Ronald Reagan

