ភាពជាអ្នកដឹកនាំបែបទំនុកចិត្តនិយម
១\ ចិត្តបង្ហាញអំពីសេចក្ដីស្រឡាញ់។ គំនិតបង្ហាញអំពីវីធីសាស្រ្ត។ ក្ដីស្រឡាញ់ បូកជាមួយវិធីសាស្រ្តបង្កើតទៅជាចំណងរឹតមនុស្សឲ្យចេះស្លាប់រស់ជាមួយគ្នា។ ក្ដីស្រឡាញ់ ចងមនោសញ្ចេតនា។ ខួរក្បាល ផ្ដាច់មនោសញ្ចេតនា។ ចំណុចនេះមេដឹកនាំខ្មែរសម័យបុរាណយល់ស៊ីជម្រៅបំផុត (ជ័យវរ្ម័នទី៧) ព្រោះថាកាលពីសម័យចក្រភពអង្គរទ្រង់ធ្លាប់បង្រួមសាសនាបែបមនោសញ្ចេតនា (ពុទ្ធនិយម) និងសាសនាដែលបែបប្រយុទ្ធ (ព្រាហ្ម៍និយម) ចូលគ្នាក្លាយជាចក្រភពរុងរឿងក្នុងតំបន់អាស៊ី។
២\ ដើរផ្លូវជិត ដើរតែម្នាក់ឯងក៏បាន តែត្រូវប្រុងប្រយ័ត្នខ្ពស់។ បើដើរផ្លូវឆ្ងាយ អាចត្រឹមដើរតែម្នាក់ឯងក៏បាន តែត្រូវប្រុងប្រយ័ត្នលើសពីភាពប្រុងប្រយ័ត្ន (១០០០លើ១០០)។ សាមកុកនិយម តែងពោលតៗគ្នាថា “ពុំមែនមិនទុកចិត្តនរណាទេ តែគ្រាន់តែចង់ឃើញផ្ទាល់ភ្នែកខ្លួនឯងតែប៉ុណ្ណោះ”។ នេះជាទ្រឹស្ដីរបស់សឺ ម៉ាអ៊ី។ វិភាគរបៀបដឹកនាំសម័យចិនទំនើបបន្តិច ទី១)តើ ចេក ម៉ា (Jack Ma) យកភ្នែកដើរមើលស្ថានគ្រប់កន្លែង? តើ តេង ជិនពីង (Xi JinPing) យកភ្នែកក្រវែលមហាយក្សចិនគ្រប់ស្ថានការណ៍? បើធ្វើបែបនេះបង្ហាញពីភាពពុំទុកចិត្តគ្នា។ តើទស្សនៈសឺ ម៉ាអ៊ីអាចប្រើក្នុងស្ថានភាពបច្ចុប្បន្នបានទេ? ចម្លើយមានពីរ ទី១)បានក្នុងសម័យសង្រ្គាម (ត្រជាក់ និងកាប់សម្លាប់)។ ទី២) មិនបានក្នុងសម័យរួបរួម (ត្រូវការវិធីនិងក្ដីស្រឡាញ់ក្នុងការបង្រួមមនុស្ស)។
៣\ ភាពខ្លាំងរបស់មេដឹកនាំ គឺការកៀងគរមនុស្សធ្វើដោយក្ដីស្រឡាញ់ និងទស្សនវិស័យរួមគ្នា។ ចំណែកភាពខ្សោយវិញ នាំមនុស្សធ្វើតែបេះចោល ដកចេញ នៅពេលអ្នកដើរតាមអស់ប្រយោជន៍។ ចរិតលក្ខណៈបែបនេះ ពុំហៅថាភាពជាមេដឹកនាំចម្រើនទេ។ សុភាសិតមួយពោលថា “សាស្រ្តវិជ្ជា ជាគ្រឿងកាត់បង់នូវសេចក្ដីសង្ស័យជាអនេក ជាគ្រឿងបើកបង្ហាញនូវអាថ៌កំបាំង និងជាភ្នែកសម្រាប់មើលសព្វសារពើការណ៍ទាំងឡាយ អ្នកណាមិនមានសាស្រ្តវិជ្ជា អ្នកនោះទុកដូចជាមនុស្សខ្វាក់”។ សុភាសិតនេះដកស្រង់ពី សៀវភៅស្រីហិតោបរទេស វគ្គគប់មិត្ត។ ចង់បានន័យថា “មេដឹកនាំត្រូវមានវិធីបូកជាមួយក្ដីស្រឡាញ់ ទើបក្លាយជាមេដឹកនាំល្អ ចំណែកភាពមិនទុកចិត្តក្រុមការងារតែងនាំចង្រៃ (ក្នុងលក្ខខណ្ឌសន្តិភាព)”។ “ភាពជាអ្នកដឹកនាំ គឺជាការប្រើវីធីសាស្រ្ត បូកក្ដីស្រឡាញ់”។ នេះជានិយមន័យ។
A leader isn't someone who forces others to make him stronger; a leader is someone willing to give his strength to others so that they may have the strength to stand on their own. Beth Revis
(រូបភាពចង់បង្ហាញពីភាពខ្លាំងរបស់ស្រមោច)

