គ្រាន់តែត្រូវរស់នៅឱ្យស្របនឹងធម្មជាតិ
មិនមែនការបែកបាក់ទេធ្វើឲ្យឈឺចាប់ ប៉ុន្តែការមិនចង់ឲ្យមានការបែកបាក់ទេតើ ដែលធ្វើឲ្យយើងឈឺចាប់មិនឈប់សោះ។ ការបែកបាក់ជារឿងធម្មតាតែចិត្តប្រាថ្នាមិនចង់បែក គឺការប្រឆាំងនឹងច្បាប់នៃធម្មជាតិ។ ការមិនចង់នេះហើយដែលធ្វើឲ្យមនុស្សទទួលរងការឈឺចាប់។
វាមិនមែនជារឿងចង់ ឬមិនចង់នោះទេ។ ប៉ុន្តែវាគឺជារឿងដែលយើងគ្រាន់តែអាចទទួលដឹងថា ពេលនេះវាកំពុងកើតឡើង។ បើជួបក៏គ្រាន់តែជាចំណុចចាប់ផ្ដើមទៅរកការបែកគ្នាវិញ ហើយបើបែកវាក៏គ្រាន់តែជាចំណុចចាប់ផ្ដើមទៅរកការជួបវិញនៅខណៈណាមួយ។ ដំណើរនៃជីវិតគឺវាបែបហ្នឹង! ជួបបែកៗវិលចុះឡើងរហូត។ មានរឿងសមបំណងក៏មិនបាច់រំភើបពេក ហើយពេលមានរឿងខកបំណងក៏មិនបាច់កើតទុក្ខពេក។ គ្រាន់តែទទួលដឹងក្នុងអារម្មណ៍គឺបានហើយ...។
កាន់តែប្រាថ្នាខ្លាំងក៏កាន់តែមានរឿងខកចិត្តខ្លាំង រំពឹងខ្លាំងក៏ខូចចិត្តខ្លាំង។ យើងគ្រាន់តែត្រូវរស់នៅឲ្យស្របទៅនឹងធម្មជាតិប៉ុណ្ណោះ។ ជឿទៅលើឧបនិស្ស័យ! មនុស្សដែលបានសាងឧបនិស្ស័យស្រដៀងគ្នាក៏អាចរាប់អានទាក់ទងគ្នា រួមគ្នាសាងបង្កើតបានសមិទ្ធផលជាច្រើនជាមួយគ្នា។ ចំណែកមនុស្សដែលមានឧបនិស្ស័យមិនស្របគ្នា សូម្បីតែមិនធ្លាប់ស្រលាញ់រាប់អានគ្នាផងក៏ចេះស្អប់គ្នាទៅកើតដែរ...។ គ្មានអ្វីជារបស់យើងផង! កើតមកមានតែខ្លួនទទេស្អាត។ ឈ្មោះក៏មិនគ្រាន់តែជានាមដែលតាងសម្រាប់ឱ្យងាយហៅ។ ចុងក្រោយឈ្មោះនេះក៏គ្មាននរណាចងចាំដែរ!!!
កូន ចាបមាស

