វិធីវិភាគដោះស្រាយបញ្ហា

V
vannlyda
តំបូងត្រូវគិតថា អ្នកគឺជាតុលាការម្នាក់ដែលត្រូវសាកសួរដេញដោលកូនក្តីយ៉ាងមុឺងម៉ាត់ ហើយអ្នកឆ្លើយត្រូវតែឆ្លើយដោយស្មោះត្រង់ កុំកាន់ជើងខ្លួនឯង កុំពង្វាងចម្លើយនៅពេលប៉ះពាល់ដល់ចំណុចមានះប្រកាន់របស់ខ្លួនឲ្យសោះ ពង្រឹងសតិតាំងខ្លួនជាកណ្តាលឲ្យបានរឹងមាំពុំដូច្នោះទេមិនអាចរកច្រកចេញត្រឹមត្រូវបានឡើយ ។ ១- តើអាត្មាអញកំពុងតែមានរឿងអី ? -លើកពីបញ្ហានោះឡើងមក តើវាមកពីហេតុអី ? ២- តើត្រូវដោះស្រាយតាមវិធីណា ? -បើវិធីមានច្រើន ត្រូវវិភាគពីលទ្ធផលនិមួយៗរបស់វា ដើម្បីជ្រើសរើសផ្លូវណាដែលល្អបំផុត ។ ៣- សម្រេចចិត្តអនុវត្តដោយភាពក្លាហានៈ អនុវត្តតាមជំរើសដែលល្អបំផុត ក្រោយពីមានទិន្នន័យជាក់លាក់ហើយត្រូវចាប់ផ្តើមអនុវត្តកុំស្ទាក់ស្ទើរ កុំនៅគិតដដែលៗ កុំសង្ស័យឲ្យសោះ ។ នេះជាឧទាហរណ៍ជាក់ស្តែងមួយ ៖ អញកំពុងមានបញ្ហាអី ? ពិបាកចិត្តរស់មិនចុះសំរុងនឹងគ្នា។ មូលហេតុមកពីអី ? អញទើសចិត្តជាមួយគេព្រោះគេធ្វើមិនត្រូវចិត្តអញ គេក៏ទើសចិត្តជាមួយអញ ។ តើត្រូវដោះស្រាយតាមវិធីណា ? អញត្រូវតែដើរចេញ តែកូននៅតូចៗណាស់ដើរចេញមិនបានទេអាណិតកូន ផ្លូវនេះធ្វើមិនបានឡើយ ! ត្រូវឲ្យគេធ្វើតាមចិត្តអញ ឬអញត្រូវធ្វើតាមចិត្តគេ ឬ នៅធម្មតាៗកុំទើសចិត្ត ? ។ ឲ្យគេធ្វើតាមអញចាំតែគេធ្វើតើ ហើយបើនៅស្ងៀមក៏មិនសុខដែរ ច្រកចេញគឺអញត្រូវតែបំបាត់ចិត្តទើសខ្លួនឯងព្រោះចិត្តធ្វើបាបអញណាស់ អញក៏ខុសដែរ ហេតុនេះអញត្រូវតែហ្វឹកហាត់ចិត្តឲ្យព្រមជាមួយបញ្ហាបានទៅរួច ។ អញត្រូវអប់រំចិត្តខ្លួនឯង សម្លាប់ ភ្នែក ត្រចៀកចោល ព្រមថោកសព្វយ៉ាងដើម្បីកូន សុខចិត្តឲ្យគេថាអញឆ្កួតដើម្បីដូរយកសុភមង្គលឲ្យគ្រួសារកូនចៅអញចុះ ! ពីថ្ងៃនេះទៅអញត្រូវតែអនុវត្តឲ្យបានដាច់ខាត ។ ពីមួយថ្ងៃទៅមួយថ្ងៃ គេចេះតែស្លូតទៅៗ រហូតគេឯងភ័យគ្រប់គ្នា ខ្លាចគេក្លាយទៅជាវិកលចរិត ! គេសើចក្អាកក្អាយចំពោះមុខការដៀលប្រមាទ គេស្រក់ទឹកភ្នែកពេលបានធ្វើអំពើល្អក្នុងគ្រួសារ សាច់ញាតិនិងអ្នកដទៃ ពិសេសស្រក់ទឹកភ្នែកពេលមើលឃើញព្រះពុទ្ធដីកាដែលត្រឹមត្រូវឥតខ្ចោះនិងស្រក់ទឹកភ្នែកអាណិតមនុស្សដែលស្អប់គេ ចិត្តគេសាបឈឹងជាងទឹកទន្លេទៅទៀត ! តែក្តីសុខលូតលាស់ធំជាងភ្នំព្រះសុមេរុទៅទៀត គ្រួសារនោះមានក្តីសុខទល់សព្វថ្ងៃ ។(រឿងខ្ញុំ..) ☝ យុទ្ធសាស្ត្រនេះអ្នកអាចយកទៅដោះស្រាយបានគ្រប់បញ្ហាទាំងអស់មិនមែនតែក្នុងគ្រួសារនោះទេ អ្នកមិនអាចចេះតែសំងំដេកត្រាំក្នុងបញ្ហា ជាជាងស្វែងរកដំណោះស្រាយនោះទេ ត្រូវតែប្រឈមដោះស្រាយ កុំរត់គេចឲ្យសោះ ៕![FB_IMG_1547687895647.jpg](https://serey.io/imageupload_data/87a6182c79353859ff964b899fab22256380deb7)

Comments

wondercury
ប្រពៃណាស់បង លោកយាយខ្ញុំតែងតែអោយឱវាតខ្ញុំបែបនេះកន្លងមក។ សង្ឃឹមថាអត្ថបទនេះជាចំនែកដ៏ធំមួយជាផ្លូវត្រួសត្រាយសំរាប់ខ្មែរគ្រប់រូបដែលបានអាន។
opsin
nice bike.