កំណត់សតិ និងចេះចែកកាលវិភាគឱ្យចិត្ត
ចិត្តព្រួយខ្លាចនោះចេះតែផុសឡើងផ្ទួនៗ រហូតក្លាយជាចរន្ដនៃការគិតមួយដែលពិបាកទ្រាំ យើងថាមិនគិតទេ ឈប់គិតហើយ តែចិត្តនោះចេះតែផុសឡើងមកឲ្យគិតទៀត ។ បើយើងស្គាល់លក្ខណៈកើតរលត់របស់ចិត្ត គឺថាចិត្តកើតឡើងហើយវាគ្រាន់តែតាំងនៅ ១ ឬ ២នាទី វាក៏រលត់ទៅវិញ យើងកុំមួម៉ៅជាមួយវា ដោយយើងគ្រាន់តែកំណត់សតិដឹង កុំតក់ស្លុត កុំភ័យព្រួយតាមវា បន្តិចក្រោយមកវាក៏រលត់ទៅវិញ ។
ជំងឺចិត្តកើតឡើងក្រោយពីយើងបានជួបការរំខានចិត្តធ្ងន់ធ្ងរ (ស្ត្រេស) ។ អារម្មណ៍ដែលផុសឡើងមកឲ្យគិត យើងគ្រាន់តែកំណត់សតិដឹង ហើយវាក៏រលត់ទៅវិញ បើពិបាកទ្រាំពេក យើងអាចបង្វែរចិត្តមកត្រួតពិនិត្យខ្យល់ដង្ហើមចេញក៏ដឹង ចូលក៏ដឹងក្នុងឥរិយាបទពែនភ្នែន ជើងស្ដាំដាក់លើជើងឆ្វេង ដៃស្ដាំដាក់លើដៃឆ្វេង ដាក់រាងកាយឲ្យត្រង់ ពេលអារម្មណ៍នោះផុសឡើង យើងយកចិត្តទៅត្រួតពិនិត្យអារម្មណ៍នោះ ចាំតាមដានឃ្លាំមើលលក្ខណៈរបស់វាដែលនឹងរលត់ទៅវិញក្នុងពេលបន្ទាប់ ។
ពេលវារលត់ហើយ យើងនាំចិត្តមកត្រួតពិនិត្យខ្យល់ដង្ហើមវិញ ព្រោះយើងមិនងាយពិនិត្យរឿង ២ ព្រមគ្នាក្នុងពេលតែមួយបានទេ បន្តធ្វើយ៉ាងនេះរហូតឈ្នះលើអារម្មណ៍រាយមាយ ប្រមូលផ្ដុំឲ្យមានអារម្មណ៍តែមួយ នៅទីបំផុតយើងនឹងបានទទួលសភាពនៃចិត្តដែលសុខស្ងប់ ប្រាសចាកអារម្មណ៍រវើរវាយ ប្រាសចាកចិត្តសៅហ្មង ទទួលបានសេចក្ដីសុខ រីករាយ ស្រស់ស្រាយ តាមផ្លូវចិត្តផ្លូវកាយ ឈ្នះរាល់អកុសលធម៌ ដែលបណ្ដាលមកពីការគិតខុសរបៀបពីមុនមក ។
ព្យាបាលជំងឺផ្លូវចិត្តគឺអប់រំចិត្តខ្លួនឯង នេះជាគន្លឹះនៃជោគជ័យ គឺជាកូនសោជីវិតដែលអាចចាក់បើកទ្វារឲ្យអ្នកចេញពីគុកកម្មលោកិយ ឆ្ពោះទៅរកសេរីរុងរឿងក្នុងផ្លូវគតិបណ្ឌិតបាន ។

ប៉ុន្តែប្រសិនបើសភាពជំងឺធ្វើទុក្ខខ្លាំងក្លាពេករហូតដល់អ្នកមិនអាចទប់ទល់បាន អ្នកគួរប្រើប្រាស់ឱសថជំនួយដែលផ្ដល់ជូនដោយគ្រូពេទ្យឯកទេស ព្រមជាមួយកិច្ចប្រតិបត្តិលំហាត់ខ្យល់ដង្ហើមជាប់ជាប្រចាំ ។
អ្នកមានទម្លាប់គិតតច្រើន មិនមែនត្រូវមកឈប់គិតបានងាយៗនោះទេ ប៉ុន្តែត្រូវបង្វែរការគិតដែលអត់បានការ មកគិតពិចារណារកផ្លូវតាមសច្ចធម៌ឯណេះវិញ តើលោកនេះទៀងឬទេ? អ្វីដែលទៀងនោះគឺ កើតហើយត្រូវតែស្លាប់ទៅវិញជាធម្មតា ។ ឯសភាពដែលមិនទៀងមានបីគឺ មិនដឹងស្លាប់ពេលណា ១ មិនដឹងស្លាប់កន្លែងណា ១ និងមិនដឹងស្លាប់ដោយសារអ្វី ១ ។
មិនទៀងព្រោះមិនអាចតាំងនៅតាមសភាពដើមបាន ត្រូវប្រែប្រួលទៅរកសភាពអស់ទៅ និងសូន្យជាធម្មតា ។ ចិត្តមិនទៀង រូបមិនទៀង ស្រឡាញ់ប្រែស្អប់ អ្វីៗដែលមានហើយប្រែជាមិនមានវិញ មានប្រែជាបាត់ បាត់ប្រែជាមាន សុខត្រូវប្ដូរជាទុក្ខ ទុក្ខត្រូវប្ដូរជាសុខ ឥតមានអ្វីអមតៈឡើយ នេះហើយជាសច្ចៈភាព ម្តេចចេះតែនាំគ្នាប្រកួតផ្ចាញ់ផ្ចាលជាមួយការពិតដូច្នេះទៅវិញហ្ន៎! ៕

~នុត ស័ង្ហ

