គេធ្វើមិនល្អមកយើង យើងចាត់ថាជាចំណោទដែលយើងត្រូវដោះដោយល្អ ហើយពេញចិត្តទាំងសងខាង
ក្នុងរូបភាពដែលយើងមើលឃើញជាទូទៅ ទេវទត្តគឺជាសត្រូវរបស់ព្រះពុទ្ធ ប៉ុន្តែតាមពិតព្រះពុទ្ធពំដែលទុកទេវទត្តជាសត្រូវឡើយ ។ ជារួម ទេវទត្ត អាចជាបុគ្គលដែលទទួលបានក្តីមេត្តាពីព្រះពុទ្ធជាម្ចាស់ច្រើនជាងគេបង្អស់ ព្រោះទេវទត្ត ជាតួអង្គសំខាន់ ដែលតាមយាយីព្រះពុទ្ធរហូតមក សឹងតែគ្រប់ព្រឹត្តិការណ៍ទៅហើយ ។ នេះក៏អាចជាមូលហេតុ ដែលធ្វើអោយទេវទត្តក្លាយទៅជាកម្មវត្ថុនៃការចម្រើនមេត្តាភាវនា របស់ព្រះពុទ្ធផងដែរ ។
សូមសាងមិត្ត កុំសាងសត្រូវ
សូមទទួលការរាប់អានពីខ្ញុំផង...
ឥលូវសូមមកគិតពិចារណាជាមួយកំណាព្យ
ដែលនិពន្តដោយលោកគ្រូខ្ញុំបាទ( គុយ សុធន)ខ្ញុំបានសរសេរចំលងទាំងស្រុងដើម្បីយកមកភ្ជាប់និងអត្ថបទនេះថា យើងត្រូវតែរៀនរស់ជាមួយរឿងរ៉ាវទាំងអស់ក្នុងជីវិត។
*ធ្វើស្រែកចម្ការរឿងបញ្ហាទឹក នៅពេលធ្វើសឹករឿងបញ្ហាបាយ
ចងកម្មពៀរគ្នារឿងទុក្ខវែងឆ្ងាយ បញ្ហាទាំងឡាយជារឿងជីវិត។
ស្គមធាត់ហត់នឿយ ជារឿងរូបកាយ ភ័យព្រួយសប្បាយជារឿងផ្លូវចិត្ត
បន្លំឆបោកជារឿងទុច្ចរិត ជួយសង្រ្គោះពិតជារឿងបុណ្យទាន។
ឃោសនាដកដូររឿងនយោបាយ ខ្វះខាតប្រាក់ចាយជារឿងធនធាន
ភ័យខ្លាចចោរប្លន់ជារឿងអ្នកមាន ភ័យខ្លាចអត់ឃ្លានជារឿងអ្នកក្រ។
គ្រប់គ្រងក្រុមហ៊ុនជារឿងថៅកែ រង់ចាំប្រាក់ខែជារឿងកម្មករ
រថយន្តលឿនយឺតរឿងអ្នកបើកបរ រាស្រ្តអាក្រក់ល្អរឿងអ្នកដឹកនាំ។
អាបត្តិខុសត្រូវជារឿងវិន័យ បរមត្ថវែងខ្លីរឿងអភិធម្ម
វត្តឥតរបៀបរឿងអ្នករៀបចំ ប្រវត្តិឧត្តមជារឿងព្រះសូត្រ។
សួរមាត់សួរ ក រឿងពាក្យសម្ដី ទូលពិតវែងខ្លីជារឿងយកគោត្ត
សុភាពរាបសាជារឿងស្លូតបូត ឈ្លោះគ្នារហូតរឿងខ្វះមេត្តា។
គ្រប់គ្រងពលរដ្ឋជារឿងមន្រ្តី ប្រពន្ធផិតប្ដីជារឿងតណ្ហា
បានគ្នាលួចលាក់រឿងឥតខាន់ស្លា ឥតស្ដាប់មេបារឿងចិត្តមានះ។
បញ្ហាមានក្រជារឿងទ្រព្យធន ឈ្លោះប្ដីប្រពន្ធជារឿងក្នុងផ្ទះ
ប្រកែកតវ៉ាជារឿងចង់ឈ្នះ ធ្វើស្រែលើរាស្រ្តរឿងកេងប្រវ័ញ្ច។
បាត់បង់ព្រឹក្សាជារឿងមេព្រៃ បាត់បង់បក្សីរឿងព្រានប្រមាញ់
ស្វែងរកម្ហូបស្រស់ជារឿងចង់ឆ្ងាញ់ ងង៉ក់ក្នក់ក្នាញ់រឿងស្រឡាញ់ស្អប់។
ល្បីល្បាញអាប់ឱនជារឿងកេរ្តិ៍ឈ្មោះ មានស័ក្តិមានយសជារឿងគួរគាប់
ព្រាត់ប្រាសបែកបាក់ជារឿងអភ័ព្វ បានមិនចេះស្កប់ជារឿងលោភលន់។
ការចិញ្ចឹមកូនរឿងម្ដាយឱពុក ទទួលដាក់ទុកជារឿងប្រពន្ធ
មើលកូនបាត់ប្ដីជារឿងទុក្ខធន់ ប្ដីក្បត់ប្រពន្ធរឿងមានស្រីថ្មី។
ការធ្វើសង្រ្គាមជារឿងស្លាប់រស់ ការងារ ព ពោះជារឿងស្រ្តី
និពន្ធចងក្រងជារឿងកវី ប្រគំតន្រ្តីជារឿងអ្នកភ្លេង។
រឿងរ៉ាវទាំងអស់ជារឿងធម្មតា រឿងដែលខ្លោចផ្សាគឺរឿងវង្វេង
កើតមកជាមនុស្សបុណ្យធំក្រៃលែង មិនគួរវង្វេងធ្វើបាបខ្លួនឯង។
ប្រព្រឹត្តខុសឆ្អងលើអ្នកដទៃ បង្កភិតភ័យឱ្យគេចំបែង
បំពុលសង្គមឥតមានកោតក្រែង លូក ល ប្រឡែងនឹងភ្លើងអវិចី។
អរគុណ


