ពុទ្ធសាសនាបានបង្រៀនជាច្រើនឲមនុស្សចេះគិត!..

V
vannlyda
![Screenshot_2018-11-07-07-31-20.png](https://serey.io/imageupload_data/acc019529d39daf7da304bcd9e35707f8a4efaab) ការយល់ដឹងគឺជាផ្នែកមួយយ៉ាងសំខាន់ តើពុទ្ធសាសនាមានបានបង្ហាត់មនុស្សឲ្យចេះគិតដែរ ឬ ត្រឹមឲជឿឬត្រឹមតែធ្វើតាមគ្នា? ព្រះពុទ្ធ = ព្រះ ( ជាគុណជាតិដ៏ប្រសើរ ដែលមានប្រយោជន៍ចំពោះមនុស្ស) ពុទ្ធឬពុទ្ធិ ប្រែថាចំណេះដឹង ។សារុបមកពាក្យថាព្រះពុទ្ធប្រែថា គុណជាតិដ៏ប្រសើរ បានដល់ការចេះដឹងឬបញ្ញាញាណ សាសនាប្រែថាការប្រៀនប្រដៅ គឺជាការប្រៀនប្រដៅមនុស្សឲ្យកើតបញ្ញានេះឯង។ ព្រោះហេតុនេះម្ចាស់ពុទ្ធសាសនាគឺជាបញ្ញាញាណ មិនមែនជារបស់បុគ្គលណាមួយឡើយ ជនណាម្នាក់មិនបានប្រកាសខ្លួនថាជាពុទ្ធបរិស័ទក៏ដោយ ឲ្យតែស្រឡាញ់ការសិក្សា ស្រឡាញ់សច្ចៈយុត្តិធម៌ មិនប្រព្រឹត្តិអំពើទុច្ចរិត ចេះដុសខាត់សំអាតចិត្តឲ្យរួចផុតពីការមានៈប្រកាន់ នោះឈ្មោះថាជាពុទ្ធបរិស័ទហើយ។ ព្រះសមណៈគោតម លោកឈ្លាសវៃនិងមានមហាករុណាទិគុណ លោកមិនមានមានៈ ទើបមិនដាក់ឈ្មោះព្រះអង្គជាម្ចាស់សាសនា ដូចជាសាសនាដទៃ ។ព្រះពុទ្ធសាសនា បានបង្ហាត់មនុស្សឲ្យចេះគិត គឺតាំងតែពីទំព័រទីមួយនៃគម្ពីរព្រះត្រៃបិដកមកម៉្លេះ ! ។ មេរៀនដែលបង្ហាត់មនុស្សឲ្យចេះគិត នៅក្នុងការបង្រៀនរបស់ព្រះពុទ្ធពាក្យបច្ចេកទេសហៅថា យោនិសោមនសិការៈ ។ យោនិសោប្រែថាប្រភព ឬ ដើមហេតុនៃបញ្ញា ឯមនសិការៈប្រែថាការគិតពិចារណា ឲ្យបានសីុជំរៅ។យោនិសោមនសិការៈ គឺមានការស្តាប់ត្រូវ បានដល់ពុទ្ធដីកា ហើយយកទៅត្រិះរិះពិចារណា ឲ្យបានត្រឹមត្រូវ ឲ្យយល់ហើយទើបជឿ កុំជឿទាំងមិនយល់ ជឿទាំងងងឹតងងល់ ជឿផ្កាប់មុខងើបមិនរួចជាដើម ។យោនិសោមនសិការៈគឺជាសម្ព័ន្ធភាពសំរាប់តភ្ជាប់ រវាងបុគ្គលនិងបុគ្គល រវាងបុគ្គលនិងពិភពធម្មជាតិ រវាងបុគ្គលនិងពិភពលោក ឲ្យឋិតនៅក្នុងចំណងសុខសន្តិភាពជាសកល នេះគឺព្រះពរទាំង៨៤០០០របស់ព្រះសមណៈគោតមដែលជាអគ្គបុគ្គលដ៏ប្រសើរក្នុងលោក ! ! ! ។ បើបានគិតហើយ បានធ្វើហើយ នៅតែបរាជ័យ ក៏មិនត្រូវទំលាក់ចោលការគិតនេះដែរ បើទំលាក់ចោលការគិត នោះឈ្មោះថាចប់ហើយ នាមជាពុទ្ធបរិស័ទ។ បើទោះជាបានពោលពាក្យថា អញឈប់គិតហើយ ! នេះក៏មកពីបានគិតថា រឿងនេះមិនគួរដល់ការគិតតទៅទៀតឡើយ ព្រោះវាជារឿងដែលដោះស្រាយមិនចេញ ។ ដូច្នេះសូមយល់ដឹងពីវិធីគិតបែបយោនិសោមនសិការៈ ១គិតរកហេតុផលឲ្យឃើញ : ផលកើតពីហេតុ បើគ្មានហេតុក៏គ្មានផល ហេតុរលត់ផលរលត់។ ២គិតបែបបំបែកធាតុផ្សំៈ រូបធាតុនិមួយៗសុទ្ធតែកើតពីធាតុល្អិតៗដែលហៅថាកលាបៈឬអាតូម វាពូនផ្តុំហើយបែកធ្លាយ ៗ មិនមានទីបំផុត អវិជ្ជាចេះតែប្រកាន់ថាជាខ្លួន។ ៣គិតបែបសច្ចៈភាពៈ ធម្មជាតិំណាកើតធម្មជាតិនោះត្រូវតែរលត់ទៅវិញជាធម្មតា ដើម្បីធ្វើឲ្យចិត្តព្រមទទួលយកការពិត។ ៤ វិធីគិតដើម្បីកាត់បន្ថយបញ្ហាជាមុនឬបញ្ជៀសបញ្ហាៈ គឺគិតក្នុងអរិយសច្ចៈ៤ ៥ គិតតាមបែបគោលការណ៍ៈ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ៦ គិតបែបគុណទោស និងរកផ្លូវដោះស្រាយៈ គិតឲ្យឃើញថាមានតំលៃឬគ្មានតំលៃ ការមិនប្រមាទ គិតបែបពេញចិត្តនិងមិនពេញចិត្ត ។ ៧ គិតឲ្យឃើញតំលៃពិតនិងតំលៃក្លែងក្លាយៈ ជីវិតរស់ត្រឹមតែបច្ច័យ៤ ក្រៅពីនោះជាតំលៃក្លែងក្លាយ ។ ៨ គិតឲ្យចំរើនគុណធម៌ៈ គិតកុំឲ្យកើតអគតិធម៌ កុំឲ្យលំអៀងដោយស្រឡាញ់ស្អប់ ដើម្បីឲ្យកើតឧបេក្ខាចិត្ត ។ ៩គិតដើម្បីឲ្យកើតសតិស្មារតីតាំងនៅក្នុងបច្ចប្បន្នភាពជានិច្ចកុំឲ្យអតីតកាលនិងអនាគតញាំញីចិត្ត ឲ្យឈឺចាប់ ឲ្យព្រួយកង្វល់ ។ ១០ វិធីគិតបែបសព្វជ្រុងជ្រោយ គិតដល់ឬសគល់នៃច្បាប់ធម្មជាតិ គិតដល់អស់អាថ៌សេចក្តី គិតអស់ចំងល់ក្នុងច្បាប់ធម្មជាតិ គឺពិចារណាពី ត្រៃល័ក្ខណ៍ មិនទៀងជាទុក្ខ មិនឋិតក្រោមអំណាចខ្លួន បដិច្ចសមុប្បាទ(ច្បាប់នៃសម្ព័ន្ធភាព)។ យោនិសោមនសិការៈគឺទូលំទូលាយដូច្នេះឯង មិត្តអ្នកជំនាន់ក្រោយជាទីស្រឡាញ់ ! បើអ្នកបោះបង់ចោលពុទ្ធសាសនាដោយសារតែលាភសក្ការៈ ដោយសារតែមានការងារធ្វើ នោះអ្នកនឹងមានឈ្មោះថាជាអភ័ព្វបុគ្គលហើយ ព្រោះត្រូវឃ្វាងសច្ចៈធម៌ មិនបានដឹងការពិតនៃច្បាប់ធម្មជាតិ អ្នកនឹងត្រូវមានការកើតស្លាប់ មានទុក្ខសោកជាអង្វែងជាមិនខាន! ។ ![bm-image-762073-300x225.jpeg](https://serey.io/imageupload_data/e431e410ae39e9aebb98c50019cfb7335388be08) #ស័ង្ហ ១៤ -០៧,១១,២០៦២.២០១៨

Comments