ការត្រាច់ចរលើវិថីជីវិត តែងជួបពិត រាល់បញ្ហា,សម្រេចត្រង់ថា អ្នកគិតដូចម្តេច?!

V
vannlyda
ជោគជ័យនៅក្នុងជីវិតមនុស្សម្នាក់ៗ ពុំមែនកើតឡើងតែដោយសារ ការរៀនសូត្រច្រើនតែម្យ៉ាងនោះទេ ត្រូវមានចរិយាល្អ ហើយនិងការរួសរាយ បុិនប្រសប់ គួបផ្សំជាមួយផង ។ អាចនិយាយបានថា សំខាន់មានការចេះដឹង ឆ្លាតផ្សំជាមួយទើបប្រសើរ ព្រោះអ្នកខ្លះប្រកបរបររកសុីក៏មានភាពរីកចំរើន ក្លាយជាអ្នកមានបាន ខ្លះខំរកនឿយហត់នឹងគេដែរ តែនៅតែមិនរីកចំរើនសោះ ។ ទោះជាយ៉ាងណា ជីវិតគ្រប់រូប គប្បីប្រកាន់ខ្ជាប់នៅហេតុផលថា ក្នុងលោកនេះគ្មានពាក្យថា"ចៃដន្យ"នោះទេ ។ ការទទួលបានយ៉ាងងាយស្រួលដោយ មិនឆ្លងកាត់ភាពតស៊ូ វាក៏ជាមូលហេតុដែលនាំទៅរកភាពបរាជ័យ ដែលនិងមិនអាចស្រោចស្រង់វិញបាន។ យើងរស់នៅក្នុងពិភពមួយដែលមានយប់ និង ថ្ងៃជាច្រើន, ហើយរយៈពេលយប់ និង ថ្ងៃនិមួយៗ មានពេលម៉ោងស្មើៗគ្នា នៅក្នុងកំឡុងពេលមួយឆ្នាំៗ។ គប្បីស្វែងយល់ដោយខ្លួនឯងថា សូម្បីតែជីវិតដ៏រីករាយមួយ ក៏វាមិនអាចកើតមានឡើងដោយគ្មានភាពសៅហ្មង ឬ ស្មុគស្មាញនោះដែរ។ ពាក្យដែលថា សប្បាយរីករាយ ក៏វានឹងអាចបាត់បង់អត្ថន័យរបស់វា ប្រសិនបើវាមិនមានតុល្យភាពជាមួយនិងភាពសៅហ្មង ឬ ស្មុគស្មាញទេនោះ។ វាមិនអស្ចារ្យសោះឡើយ បើយើងមិនដែលមានបញ្ហា ឬ មិនមានថ្ងៃសៅហ្មងសោះនោះ! ពន្លឺព្រះអាទិត្យបន្ទាប់ពីមានព្យុះ វាក៏និងប្រែជាមានពន្លឺភ្លឺជាងព្រះអាទិត្យដែលគ្មានពពកបាំង ដែលហាក់បង្ហាញពីឧត្តមភាពរបស់ចក្រវាឡនេះថា ប្រណិតនិងក្រៃលេង ។ ដូចគ្នានេះដែរ, សុភមង្គលដែលកើតមានឡើងបន្ទាប់ពីពេលដែលមានបញ្ហា វាអាចមានអត្ថប្រយោជន៍កាន់តែខ្លាំង ឬក៏ យ៉ាងហោចណាស់, ក៏វាមានគុណសម្បត្តិកាន់តែច្រើនជាងសុភមង្គល លើសពីចំណោមនៃពេលវេលាដ៏ស្រួលៗកន្លងមកទៅទៀត។ ប្រសិនបើអ្នកមានអារម្មណ៍ថា រឿងរ៉ាវមិនមានដំណើរការល្អទេពេលនេះ, បើចំពោះខ្ញុំ ជាបទពិសោធ គឺខ្ញុំតែងនៅតែគិតពីអារម្មណ៍ល្អៗ ដែលភាសាបច្ចេកទេសថា "គិតបែបវិជ្ជមាន" ហើយចិត្តស្រស់ស្រាយក៏មកនៅក្នុងអារម្មណ៍វិញដដែល, នៅពេលដែលខ្ញុំបានឆ្លងកាត់រឿងនោះផុតខ្ញុំហាក់ដូចជាបានទទួលថាមពលចិត្តគំនិតកាន់តែអង់អាចជាងមុន។ តាមពិតវាគ្មានលើសពីមត្ថភាពយើងសោះ អោយតែព្រមទទួលយកការពិត ហើយត្រូវប្រឈមជាមួយរឿងរ៉ាវដែលយើងតែហៅថា"បញ្ហា"កុំព្យាយាមរត់គេចឲសោះ។ ការតស៊ូត្រាច់ចរលើវិថីជីវិត គឺតែងតែជួបប្រទះផ្លូវបែបនេះ ហើយគ្មានជម្រើសល្អដោយងាកទៅរកផ្លូវវាង ផ្លូវកាត់ ដែលបណ្តាលនាំឲខុសចាកគន្លងនោះទេ ព្រោះគោលដៅពិតប្រាកដរបស់យើងវានៅខាងមុខ ដូច្នេះអ្វីដែលត្រូវជ្រើសគឺត្រូវតែឆ្លងកាត់រឿងនោះ ហើយវានិងបានផុតដោយជោគជ័យជាក់ជាមិនខាន ឲតែប្តេជ្ញាចិត្តច្បាស់លាស់។ ត្រូវដាស់សតិខ្លួនរាល់ថា៖ "ខ្ញុំគឺជាម្ចាស់នៃវាសនារបស់ខ្ញុំ, ខ្ញុំគឺជាមេបញ្ជាការនៃព្រលឹងរបស់ខ្ញុំ, គ្មាននរណាម្នាក់ផ្សេងដទៃនោះទេ, ប្រាកដណាស់ មានតែខ្ញុំខ្លួនឯងប៉ុណ្ណោះ។ ទាំងនេះជាចំនុច ដែលម្នាក់ៗត្រូវសម្រេចតាំងចិត្តដោយខ្លួនឯង មិនរំពឹងអទិទេព,ឥន្ទ្រព្រហ្ម,យមកាល,ចតុលោកបាលណាមកធ្វើសេចក្តីសម្រេចជួសយើងបាននោះឡើយ ។ ជីវិត ហើយនិងការសម្រេចចិត្តដ៏ត្រឹមត្រូវ ស្មេីនឹងទទួលបាននៅភាពជោគជ័យមួយផ្នែកយ៉ាងធំ លោក អាល់ បឺត ខេមមឺស បាននិយាយថា ៖ "ជីវិត គឺជាប្រភពនៃជម្រេីស នឹងការសម្រេចចិត្ត" អ្វីៗគ្រប់យ៉ាងដែលអ្នកនិយាយ និងធ្វេី គឺជាលទ្ធផលបានមកពីការសម្រេចចិត្ត ទោះបីការសម្រេចចិត្តនោះត្រឹមត្រូវ ឬ មិនត្រឹមត្រូវ យ៉ាងណាក៏ដោយ ចុងក្រោយគឺនៅតែសម្រេចចិត្តដោយខ្លួនឯងជានិច្ច ។ តេីធ្វេីបែបណាទេីបងាយស្រួលក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ? អ្នកត្រូវធ្វេីតាមវិធីសាស្រ្តនិមួយៗ ដាក់ផែនការដំណោះស្រាយ តាមតែអ្នកអាចធ្វេីបាន បន្ទាប់មកអ្នកត្រូវជ្រេីសរេីសការសម្រេចចិត្តមួយ ប្រកបដោយគតិបណ្ឌិត ។ លោក ហ្រេ្គនឡែន រ៉ាយ បាននិយាយថា ៖ " អ្នកមានគតិបណ្ឌិតចេះសម្រេចចិត្តដោយខ្លួនឯង រីឯមនុស្សល្ងិតល្ងង់ចូលចិត្តធ្វេីតាមគេបញ្ជា ឬងប់ងល់និងអទិទេពនិយម" ។ " ជោគជីតារាសីរបស់មនុស្ស គឺពុំមែនស្ថិតនៅលេីបុគ្គលដទៃ ឬ ឱកាសពេលវេលា ឬក៏ស្ថានភាពនោះទេ តែវាស្ថិតនៅលេីជម្រេីសរបស់មនុស្សម្នាក់ៗដោយខ្លួនឯងផ្ទាល់ ទេីបការសម្រេចចិត្តនោះ វាទទួលបានជោគជ័យក្នុងរង្វង់ដែនវិថីនៃឆាកជីវិត ។ 🤽‍♂️ រូបមន្តខ្លះៗពីរបៀបធ្វេីការសម្រេចចិត្តដ៏ត្រឹមត្រូវ៖ ១) ស្វែងរកពត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ។ ២) វិភាគពត៌មានដែលទទួលបានទាំងនោះ ។ ៣) ស្វែងរកយោបល់ពីអ្នកមានបទពិសោធន៍ ។ ៤)ស្វែងរកគុណសម្បត្តិ នឹងគុណវិបត្តិ ។ ៥) ធ្វេីការសម្រេចចិត្តជ្រេីសដោយម៉ត់ចត់។ ៦) ដាក់ផែនការប្រតិបត្តិដោយប្រសិទ្ធិភាព ។ ៧) អនុវត្តផែនការដោយភាពឆ្លាតវៃ គឺតស៊ូ អត់ធ្មត់ខ្ពស់ មុឹងម៉ាត់ បត់បែនតាមស្ថានការណ៍ តែនៅចំណុចគោលដៅ ៕ ![Screenshot_2018-10-18-05-42-43.png](https://serey.io/imageupload_data/2dc973e15bdff8d18dfc5d5180fa15e060e70680) ដកដង្ហើមចូល-ចេញ មួយៗ ហើយ អាន ពិចារណាសេចក្តីក្នុងអត្ថបទដោយល្អ... រក្សាសិទ្ធ៖ ស័ង្ហ សូមអរគុណ !

Comments

modou
និយាយត្រង់ មានអារម្មណ៍ថាសំនេរន័យដដែលៗ ផុសអត់អីប្លែក អានហើយអត់ជក់ចិត្ត មានអារម្មណ៍ច្រំដែល ធ្លាប់អាន។