គ្រប់គ្នាតែងមានកម្មជារបស់ខ្លួនដែលបានសាង
ផលកម្មដែលយើងបានធ្វើ បានហុចផលឲ្យយើងហើយ តើយើងត្រូវទៅចង្អុលមុខអ្នកណាឲ្យមកទទួលជំនួសយើងបាន? ។
ទាំងយើងទាំងគេ តើមានអ្នកណាខ្លះដែលបានដឹងជាមុនថាខ្លួននឹងត្រូវជួបផលកម្មអ្វីនោះ?។
មានគូស្វាមីភរិយាថ្មោងថ្មីមួយគូ ដែលមានការឆ្លងកាត់ឧបសគ្គសំបើមណាស់ទំរាំបានឈានដល់អាពាហ៍ពិពាហ៍ ចំណងដៃសុភមង្គលរបស់ពួកគេគឺកូនប្រុសដ៏ស្រស់ស្អាតមួយ ! កំពុងតែពេញស្រឡាញ់ ស្រាប់តែឪពុកត្រូវគ្រោះថ្នាក់ចរាចរណ៍ ឆក់យកជីវិតបាត់ទៅ ។
អ្នកថាទៅមើលតើទំហំទុក្ខរបស់នាងជាភរិយាមានទំហំប៉ុណ្ណាទៅ?
នាងសឹងតែលោតចូលភ្លើងតាមប្តីសំណព្វចិត្ត តែសំលេងកូនប្រុសបានអង្រួនទ្រូងជាម្តាយឲ្យខំទប់ចិត្ត ខំរស់ដើម្បីកូនដែលជាចំណងលោហិតរវាងប្តីសំឡាញ់និងនាង។ពេលការរស់នៅមានក្តីសុខ មិនត្រូវបំភ្លេចផលកម្មដែលដូចជាស្រមោលអន្ទោលតាមប្រាណ វារង់ចាំតែឱកាស រួមនិងការដែលយើងមានក្តីប្រមាទនឹងអាលហុចផលឲ្យយ៉ាងវេទនាយើងមិនដឹងមុន។ ហេតុនេះត្រូវខំរូតរះបំពេញកុសល បំពេញបុណ្យទុកឲ្យហើយ វាជាការត្រៀមលក្ខណៈដោយល្អ កុំចាំមានវិប្បិសារីស្តាយក្រោយឲ្យសោះ ។

ទោះយើងជួបរឿងអកុសល តែបើចិត្តពោរពេញដោយថាមពលដែលកើតចេញពីទម្លាប់ស្វែងយល់និងសិក្សាពីជីវិតតាមពិតទៅ មនុស្សម្នាក់ៗអាចរស់នៅបាន គឺសុទ្ធតែមានទស្សនវិជ្ជា ( វិជ្ជានៃការយល់ឃើញ វិជ្ជាស្វែងរកសុខ ) ផ្ទាល់ខ្លួន ដូចជាអ្នកសល់ជីវិតពីជំនាន់លោកពត ប្រពន្ធកូនត្រូវស្លាប់ចោលអស់ អ្នកខ្លះគាត់មានបុណ្យជាទីពឹងមានធម៌ជាទីពឹង ។ ហើយបើយល់ពីសច្ចធម៌ក្នុងធម្មជាតិកាន់តែប្រសើរ ទោះរូបជាប់គុកលោកិយក៏ត្រូវហែលក្នុងរលកកំហឹងរបស់ចិត្តអកុសលនៃពួកអង្គការអាវខ្មៅ ។ទាំងនេះក៏គាត់ទទួលបានបទពិសោធពិតពីធម្មជាតិ ដែលមានព្រះធម៌ជាប្រទីបបំភ្លឺផ្លូវជីវិតរបស់គាត់ឲ្យរស់ក្នងសភាពធម្មតាបាន ។
ដូច្នេះគប្បីយល់ឲច្បាស់ថា នុយក្លេអ៊ែរឲ្យតែវាផ្ទុះវានឹងបំលែងរូបធាតុទាំងអស់ឲ្យក្លាយជាថាមពល ឬអាតូម
ដោយមិនប្រកាន់ថាអ្នកណាគឺជាម្ចាស់របស់វាឡើយ ច្បាប់កម្មក៏ដូចគ្នាពេលណាវាឲ្យផលគឺវាមិនអនុគ្រោះថាអ្នកណាគឺជាម្ចាស់របស់វាដែរ។ហេតុនេះបើយើងបានសាងបាបកម្មហើយ មកបួងសួងសុំក្តីសុខជារឿងមិនអាចសោះឡើយ ៕
#ស័ង្ហ

