តុល្យបញ្ញា
ជីវិតមនុស្សមិនអភព្វទេ គឺចិត្តមនុស្សទេដែលអភព្វ ។
គេថាយើងអភព្វ តើយើងព្រមអភព្វតាមគេថាឬទេ?បើយើងព្រមគឺយើងពិតជាអភព្វមែនហើយ !។
ជីវិតគឺជាសម្លរកកូរ ពេលហូបប៉ះបន្លែល្វីង អត់ធ្មត់បន្តិចទៅ គង់នឹងជួបបន្លែផ្អែមវិញជាមិនខាន ទាល់តែមានរសជាតិចំរុះបែបនេះទើបហៅថាសម្លរឆ្ងាញ់។
ជីវិតមានគ្រប់រសជាតិគ្រប់អត្ថន័យពិតប្រាកដមែន ហើយវាក៏ដូចជាពន្លឺកាំជ្រួចដែលជះចេញគ្រប់ពណ៌លើផ្ទៃមេឃ សម្រាប់ឲ្យក្មេងៗស្រែកហ៊ោរកញ្ជ្រៀវទះដៃ រួចហើយក៏ត្រូវស្បៃអន្ធការត្របាក់លេបយកអស់ ធ្វើឲ្យអ្នកមានភាពរីករាយត្រូវខកចិត្តយ៉ាងខ្លាំង ព្រោះតែចាញ់បោកស្រមោលជីវិត ។

មិនចាំបាច់ខំនិយាយថាយើងបានធ្វើល្អប៉ុណ្ណាទេ ព្រោះអ្វីដែលយើងកំពុងធ្វើគឺមានគេមើលឃើញហើយ យើងមិនអាចបោះដុំថ្មឲ្យអណ្តែតលើទឹកបានទេ។ យើងធ្វើអ្វីមានមេឃដឹងដីដឹងខ្លួនយើងដឹង រាល់ទង្វើរបស់យើងគឺមានខ្លួនយើងជាអ្នកទទួលផលមុនគេ ហេតុនេះគួរធ្វើល្អឬធ្វើអាក្រក់យើងដឹងខ្លួនឯងច្បាស់ណាស់! ។
ក្នុងលោកនេះគ្មានអ្នកណាធុញទ្រាន់នឹងប្រាក់ទេ
ប៉ុន្តែបើបានដោយការប្រើអំណាចគឺមិនអាចស្វែងរកមិត្តភាពពិតប្រាកដបានឡើយ ព្រោះពេញមួយជីវិតរបស់អំណាចគឺមានតែការចាញ់និងឈ្នះតែប៉ុណ្ណោះ។
មនុស្សដែលវង្វេងពិតប្រាកដគឺជាមនុស្សដែលមិនអាចបែងចែករវាង ភាពចាំបាច់ពិតប្រាកដនិងភាពចាំបាច់ក្លែងក្លាយនេះឯង ។
ធ្វើជាមនុស្សកុំឆ្លាតជ្រុលពេក ពេលខ្លះបញ្ញារបស់យើងអាចធ្វើបាបយើងស្ទើរស្លាប់ស្ទើររស់ក៏មាន។
ការចងចាំខ្លះវាតែងតាមញាំញីចិត្តយើងរហូត បើអញ្ចឹងម៉េចមិនទំលាក់វាចោលទៅ? កុំថាប៉ិនចងចាំសុទ្ធតែបានក្តីសុខឲ្យសោះ ត្រូវចេះរើសថាអ្វីគួរចាំអ្វីមិនគួរចាំផង៕

@vannlyda

