ជម្រៅច្បាប់ធម្មជាតិមាន៣យ៉ាង
ច្បាប់ថាមពល (Energy law) ១
ច្បាប់រលកសញ្ញា(Signal law) ១
ច្បាប់រំញ័រ (Vibrant law) ១
ដែលយើងគួរព្យាយាមសិក្សាឲ្យបានច្បាស់ ដើម្បីតំរង់ទិដ្ឋិឲ្យត្រឹមត្រង់តាមពុទ្ធោវាទ ។

ក- ច្បាប់ថាមពល : ថាមពលមានលក្ខណៈញ័រជានិច្ច១ មិនបាត់បង់សាបសូន្យ១ បំលែងជានិច្ច១ ។ លោកនេះនិងមឺុនចក្រវាឡទៀតសុទ្ធតែសាងពីអាតូម អាតូមបើគេបំបែកឲ្យដល់កំរិតគឺជាថាមពលដែលសូន្យទទេរ ចិត្តគឺជាថាមពលមួយបែប ដែលមានចេតនានិងតណ្ហាជាកម្លាំង វាញ័រជានិច្ច បំលែងពីរូបធាតុមួយទៅមួយ ឬ ហៅថា ស្លាប់កើត កើតស្លាប់នោះហើយ ។
ថាមពលចិត្ត កើតពីការសន្សំក្នុងអតីតជាតិខ្លះ និងកើតពីការពិចារណាបច្ចុប្បន្នខ្លះ(ជីវិតមានត្រឹមតែការតាំងចិត្តនិងកាត់ចិត្ត បើមិនមានការតាំងចិត្តទេ គេមិនអាចធ្វើការអ្វីបានសម្រេចឡើយ ហើយបើមិនមានការកាត់ចិត្តទេ គេក៏មិនអាចចាកចេញពីអន្លង់ទុក្ខសោកបានដែរ)។
ខ- ច្បាប់រលកសញ្ញាៈ គឺជាតួច្បាប់កម្មនោះឯង អ្វីដែលយើងបានគិតសុទ្ធតែមានផលជានិច្ច(កម្មវិញ្ញាណ) ឬ ហៅថាច្បាប់ស្រូបទាញ(Attraction law)ក៏បាន អ្វីដែលយើងបានធ្វើមានផលជានិច្ច កម្មដទៃដ៏តិចតួចឯណាមិនឲ្យផលរមែងមិនមាន កម្លាំងដទៃស្មើដោយកម្លាំងកម្មមិនមាន អ្នកណាធ្វើ អ្នកនោះទទួល ...។ធ្លាប់ជេរ ធ្លាប់លួច ធ្លាប់សម្លាប់ សុទ្ធតែបានកត់ត្រាក្នុងភវង្គចិត្ត រួចហើយវានឹងរលាបញ្ចេញការជំរុញចិត្តឲ្យបានជួបឬវានាំឲ្យមានការគិត ហើយស្រូបទាញយករឿងដូចគ្នានេះមកឲ្យខ្លួនបានជួបវិញដែរ ! លោកនេះមិនមានភាពចៃដន្យនោះទេ។
គ- ច្បាប់រំញ័រៈ រូបធាតុដែលបានសាងឡើងពីអាតូម សុទ្ធតែញ័រៗ វិលៗ(គ្រាប់អេឡិចត្រុងវិលជុំវិញណ្វៃយ៉ូ) បង្កើតជាបំរែបំរួល «អនិច្ចំ» គ្រប់វិនាទី អ្វីដែលបានពូនផ្តុំករកើតមើលទៅហាក់ដូចជាថ្មី តែតាមពិតវាគ្រាន់តែជារបស់ដែលប្រែប្រួលទៅរកភាពបែកធ្លាយទៅវិញតែប៉ុណ្ណោះ ! អ្វីៗក្នុងលោកមិនទៀង តែងប្រែប្រួល តែអ្វីដែលទៀងគឺការបែកធ្លាយទៅវិញ អមតៈភាពក្នុងលោកគឺសេចក្តីស្លាប់!
ព្រះពុទ្ធទ្រង់ត្រាស់ថា ទុក្ខំព្រោះមានការបៀតបៀនគ្នាជានិច្ច(អាតូមឆក់ដណ្តើមគ្រាប់អេឡិចត្រុងគ្នា) អនិច្ចំ មានភាពមិនទៀងជានិច្ច អនត្តា មិនមានខ្លួនឯងទេ វាពឹងអាស្រ័យគ្នាដើម្បីកើត រលត់ជានិច្ច ។ ថាមពលដើមរបស់វា គឺ អវិជ្ជានិងតណ្ហា ដែលនាំឲ្យមានសង្ខារ(ការប្រជុំតាក់តែង)នាំឲ្យកើតវិញ្ញាណនិងនាមរូបគឺជីវិតរាប់មិនអស់នៅក្នុងលោក ! ។ សាងកម្មអាក្រក់ ឈ្មោះថាសាងនូវចំណងវដ្តៈទុក្ខ សាងកម្មល្អឈ្មោះថាស្រាយចំណងវដ្តៈទុក្ខ ចិត្តមិនជាប់ជំពាក់អ្វីទាំងអស់ឈ្មោះថា លាលោកនេះ(ចិត្តជាសមុច្ឆេត) ៕

~
នុត ស័ង្ហ

