សម្ព័ន្ធជីវិត
យល់ដឹងពីច្បាប់សម្ព័ន្ធភាព ដឹងច្បាស់ពីធម្មជាតិទាំងឡាយសុទ្ធតែពឹងអាស្រ័យគ្នា គឺជារឿងមានប្រយោជន៍ខ្លាំងណាស់ ដើម្បីឲ្យចេះការពារខ្លួន ឲ្យចេះជួយការពារអ្នកដទៃ ចេះឲ្យតំលៃគ្នា មិនត្រូវបំផ្លិចបំផ្លាញគ្នា ។
អ្នកដែលមានការយល់ដឹងពីច្បាប់នេះ ចេះគិតពីគ្រោះថ្នាក់ដល់ខ្លួនឯង និងគ្រោះថ្នាក់ដល់អ្នកដទៃ ចេះសាមគ្គីគ្នា នឹងនាំឲ្យមានសុខុមាលភាពដល់ពិភពលោកទាំងមូលទៀតផង ។
ពេលអ្នកពិបាកចិត្ត អ្នកត្រូវចេះសួរខ្លួនឯងថា ៖ មកពីហេតុអី កត្តាចំបងមានអ្វីខ្លះ រួចហើយរកមើលគុណសម្បត្តិនិងគុណវិបត្តិរបស់វា ។ តើការពិបាកចិត្តបន្ថែមលើបញ្ហាដែលមានស្រាប់ វានាំឲ្យចំណេញឬខាត ? ត្រូវផ្តោតលើវិធីដោះស្រាយបញ្ហា ទោះដោះស្រាយបានមិនបាន ដាច់ខាតត្រូវតែបញ្ចប់ការព្រួយចិត្ត ព្រោះសុខភាពគឺសំខាន់លើសពីអ្វីៗទាំងអស់ កុំឲ្យប៉ះពាល់ដល់សុខភាពឲ្យសោះ ! ។
នេះជាបទពិសោធជីវិតរបស់ខ្ញុំផ្ទាល់ណា៎ !
មនុស្សយើងនេះណា ម្នាក់ៗតែងចង់បានក្តីសុខពីអ្នកដទៃ តែងចង់ឲ្យគេគោរពស្រឡាញ់កោតសរសើរខ្លួន ប៉ុន្តែអ្នកដទៃនឹងឲ្យក្តីសុខដល់យើង គោរពស្រឡាញ់កោតសរសើរយើង លុះត្រាយើងផ្តល់ក្តីសុខ គោរពស្រឡាញ់កោតសរសើរដល់ពួកគេវិញដែរ រឿងនេះមិនអាចកើតឡើងដោយបង្ខំបានទេ ! ។ ព្រះពុទ្ធបង្រៀនថា « ការមិនបៀតបៀនគ្នាគឺជាសេចក្តីសុខ» បើយើងមិនបៀតបៀនគេ គេក៏មិនបៀតបៀនយើងដែរ ។
បានកើតជាមនុស្សសិក្សារៀនសូត្រមានត្រឹមតែចិត្តស្រឡាញ់និងបញ្ញាការពារខ្លួនគឺគ្រប់គ្រាន់ណាស់ទៅហើយ តែសូមកុំសសើរបញ្ញាដែលបៀតបៀនគ្នាធ្វើអី ទីណាដែលមានការបៀតបៀនគ្នា ទីនោះគឺមានបញ្ហាមិនចេះចប់ងាយឡើយ ! បើជីវិតដែលខ្លីបែបនេះ នៅមានពេលបង្កទុក្ខសោកឲ្យគ្នាទៀតផងឬ ? ជាការមិនគួរសោះ ! ។
ការគិតច្រើនគឺជាមូលហេតុដ៏ចំបងនាំឲ្យបាត់បង់សុភមង្គល ប៉ុន្តែការគិតក្នុងឧបាយត្រឹមត្រូវ កាន់តែគិតគឺកាន់តែមានក្តីសុខ ។ បង្រៀនចិត្តខ្លួនឯងឲ្យចេះមើលឃើញអ្វីៗក្នុងផ្លូវល្អ នាំឲ្យមានការរស់នៅជាមួយសេចក្តីស្រឡាញ់ មានស្មារតីភ្ញាក់រលឹក កំចាត់ការភ័យខ្លាច កាត់បន្ថយភាពអាត្នានិយម នាំឲ្យមានការផ្លាស់ប្តូរខ្លួនឯង មានអារម្មណ៍ល្អដោយខ្លួនឯងមិនចាំបាច់ត្រូវការជំនួយពីខាងក្រៅឡើយ ៕

#ស័ង្ហ
Comments