ចែកផ្លូវគ្នាដើរ មិនសុទ្ធតែអាក្រក់នោះទេ !
រឿងខ្លី !
ថ្ងៃមួយនៅផ្ទះមេធាវីមួយ ៖
ប្តី : លោកខ្ញុំសុំលោកជួយរៀបចំការលែងលះជាមួយប្រពន្ធខ្ញុំ ! ។
លោកមេធាវី : ហេតុអីទៅប្អូន? ។
ប្តីនោះតប : មនុស្សស្អីក្នុងបន្ទប់ដេកក៏ចិញ្ចឹមឆ្កែនិងឆ្មាដែរ ខ្ញុំទ្រាំមិនបានទេ ! ក្លិនស្អុយពួកវាខ្លាំងណាស់!!!!!
មេធាវី : អញ្ចឹងម៉េចមិនបើកបង្អួចទៅប្អូន ?
ប្តី : បើបើកបង្អួច មិនឲ្យសេកនិងព្រាបរបស់ខ្ញុំហើរអស់ទេអី ?
មេធាវី : ហ្អាក !! អឹស ! ចប់ហើយអញ្ចឹង !
រឿងរ៉ាវស្នេហាត្រូវថយចុះ កាលណាភាគីម្ខាងៗព្យាយាមតែងតាំងខ្លួនឯងឲ្យមានឋានៈខ្ពង់ខ្ពស់ជាងភាគីម្ខាងទៀត ។ បើចង់ស្វែងរកសុភមង្គលត្រូវរក្សាតុល្យភាពក្នុងសម្ព័ន្ធភាពឲ្យបាន។
ស្នេហាដែលទទួលបានពីការខំយកចិត្តគ្នាតែងរហ័សទទួលការឈឺចាប់ជាងស្នេហាដែលទទួលបានពីការស្គាល់ចិត្តថ្លើមគ្នា។
ក្នុងលោកនេះគ្មានអ្នកណាអាចរស់នៅក្បែរយើងបានដោយសារតែភាពល្អឥតខ្ចោះរបស់យើងនោះទេ។ម្នាក់ខំសន្សំសៀវភៅ ឯម្នាក់ខំសន្សំស្បែកជើង ការខំសន្សំនេះនាំឲ្យគេទាំងពីរមានការឈឺចាប់ តែគេទាំងពីរមានចំណុចរួមមួយ គឺការភ័យខ្លាចការបាត់បង់ ភ័យខ្លាចការមិនបាននិងខ្វល់ខ្វាយក្នុងការសន្សំដូចគ្នា។
បើចេះតែទើសគ្នាក្នុងការសន្សំ នឹងនាំឲ្យសាបសូន្យសេចក្តីសុខក្នុងគ្រួសារជាមិនខាន ! ។
នាងបានកើតមកក៏មិនមែនដើម្បីអ្នក ឯអ្នកបានកើតមកក៏មិនមែនដើម្បីនាង ប៉ុន្តែចៃដន្យយើងបានជាស្រឡាញ់គ្នា ហើយសម្រេចចិត្តរួមរស់ជាមួយគ្នា ។ ឥឡូវការរស់នៅរបស់អ្នករកាំរកូសមិនចុះសំរុងនឹងគ្នា ពីមួយថ្ងៃកាន់តែកើតជម្លោះជាងមួយថ្ងៃ នេះមិនមែនជាកំហុសអ្នកណាទាំងអស់ គឺវាគ្រាន់តែជាការរស់នៅមួយដែលមិនចុះសំរុងនឹងគ្នាតែប៉ុណ្ណោះ ! មិនចាំបាច់ឈឺចាប់ សោកសៅអ្វីឡើយ បើយើងរស់នៅជាមួយគ្នាមិនបានទៅហើយនោះ នាំគ្នាចាកចេញទៅ មិនមែនមានន័យថាគាំទ្រការបែកបាក់ទេ តែធ្វើយ៉ាងណាឲ្យតែចិត្តពួកអ្នកមានក្តីសុខ ព្រោះក្តីសុខជាបំណងធំក្នុងជីវិតម្នាក់ៗ តើត្រូវបង្ខំចិត្តបំពេញឲការឈឺចាប់អស់មួយជីវិតឬ? ។
"មនុស្សចូលមកក្នុងជីវិតអ្នកត្រូវជួយកាត់បន្ថយភាពតានតឹងក្នុងជីវិតអ្នក បើចូលមកបង្កើនភាពតានតឹងដដែលខំនាំចូល មកធ្វើអី !"៕

#ស័ង្ហ


