ស្រោមមុខ ក្រោយអាពាហ៍ពិពាហ៍
ពាក្យសម្តីដែលអ្នកអាចនិយាយបានគ្រប់ទីកន្លែងគឺពាក្យសប្បុរស សូម្បីពាក្យពិតនិយាយខុសទីកន្លែង ខុសពេលវេលា អ្នកអាចមានគ្រោះថ្នាក់បាន ។ មនុស្សទាំងអស់សុទ្ធតែចេះពាក់ស្រោមមុខដូចៗគ្នា គ្រាន់តែស្រោមមុខនោះក្រាស់ឬស្តើងតែប៉ុណ្ណោះ ដើម្បីលាក់បាំងបុគ្គលិកលក្ខណះរបស់ខ្លួន វាជារឿងគួរឲ្យខ្លាច ! ។ ដើម្បីលាក់បាំងការឈឺចាប់ ឬ ជាវិធីការពារខ្លួនចំពោះអ្នកនៅជុំវិញគេ ដោយមិនគិតពីហេតុផលលាក់អារម្មណ៍ទាំងនោះ ពួកគេមិនដែលខ្វល់ពីភាពអវិជ្ជមាន ដើម្បីកុំឲ្យមានការយល់ច្រឡំនោះទេ ។ ប្រតិកម្មធម្មជាតិរបស់មនុស្ស គឺឆាប់វាយតំលៃលឿនរហ័សដែលនាំឲ្យមានការយល់ច្រឡំបានយ៉ាងងាយ (ហ្នឹងលើរង្គើក្រោម)។ ហេតុនេះគេត្រូវទំលាក់របាំងមុខចុះ ហើយកុំខ្លាចនិយាយការពិតដើម្បីដោះស្រាយបញ្ហាក្នុងជីវិតអ្នកឲ្យមានភាពល្អប្រសើរឡើង ! ។ ស្ត្រីខ្មែរមួយចំនួនសុខចិត្តញញឹមចំពោះមុខប្តី តែក្នុងចិត្តសឹងក្អួតឈាម ខ្លះខាងក្រៅធ្វើដូចជាពេញចិត្ត តែខាងក្នុងឆេះសន្ធោរសន្ធៅហើយចង់ឲ្យស្វាមីយល់ចិត្តខ្លួន គេសាងស្ថានការឲ្យកាន់តែធ្ងន់ធ្ងរឡើងដោយការគុំគួនទុកក្នុងចិត្ត ។ កុំពាក់មុខយក្សដាក់គ្នា ដើម្បីតែអំនួត ត្រូវចេះនិយាយគ្នាដើម្បីស្តារស្ថានភាពក្នុងការរស់នៅឲ្យបានល្អទៅ ! ។

