ធ្វើល្អ បានល្អ ធ្វើអាក្រក់បានអាក្រក់
_តើអ្នកគួររស់នៅជាមួយក្តីល្អ ជាជីវិតប្រកបដោយគុណធម៌ ឬក៏ចង់រស់ដោយអមគ្នាជាមួយភាពទុច្ចរិត ?
-កើតមួយជាតិធាតុមួយចាន ចុះបើកើតច្រើនឋាន តើគំនរឆ្អឹងច្រើនប៉ុណ្ណាចំពោះអត្ថភាពដែលយើងមិនដឹងថាចាប់ផ្តើមពីត្រឹមណាមក ប៉ុន្តែអ្វីដែលយើងដឹងយ៉ាងច្បាស់នោះគឺ គ្មាននរណាម្នាក់នៅក្រៅបញ្ជីរមរណ:បានឡើយ
ហើយកម្មលិខិតបានកត់បញ្ចូលរួចរាល់ហើយ
នៅឡើយតែកម្មល្អឬអាក្រក់តែប៉ុណ្ណោះ ដែលត្រូវបញ្ចេញផល។

បើទង្វើល្អក៏រមែងប្រាកដដល់សុគតិ គឺជាដំណើរសុខសាន្ត ទង្វើអាក្រក់ក៏រមែងប្រាកដដល់ទុគតិ គឺជាដំណើរវិបត្តិ ។
គ្មានពីណាដឹងតែយើងខ្លួនឯង ជាអ្នកដឹង ដឹងយ៉ាងច្បាស់ជាងនរណាទាំងអស់ ដឹងថាខ្លួនមានភាពសុចរិតឬទុច្ចរិត។
ចំណែកទ្រឹស្តីដែលជនមោហៈអវិជ្ជាខ្លះតែងចំអកទៅកាន់អ្នកធ្វើអំពើល្អថា "ធ្វើល្អបានតែល្អទេ តែបើធ្វើ អាក្រក់ គឺបានលុយ" តែសូមជម្រាបផងថា ការពិតនៅតែពិត គ្មានរបស់ឬវត្ថុអ្វីទៅកែប្រែ បានឡើយ ទង្វើអាក្រក់ នៅតែអាក្រក់ មិនបាត់បង់ដោយសារបានលុយមកទេ ព្រោះលុយជាវត្ថុខាងក្រៅ ចំណែកចិត្តអាក្រក់ជាវត្ថុខាងក្នុង ត្រូវបន្សាបដោយចេតនាល្អៗពីខាងក្នុងដូចគ្នាដែរ មិនមែនយកលុយទៅបន្សាបបានទេ។
☝សូមបោះបង់ចោលនៅគំនិត ដែលគិតថាអំពើល្អធ្វើឲ្យយើងខាតបង់ ធ្វើអោយយើងចាញ់ប្រៀបអ្នកដទៃ ធ្វើអ្វីមិនទាន់គេ ពេលធ្វើទៅ ឃើញតែអស់ច្រើនជាងបាន ត្រង់ពេកប្រហែលជារកអង្ករច្រកឆ្នាំងមិនបាន ។ល។
👉 តែសម្រាប់បុគ្គលជាគតិបណ្ឌិត យល់ឃើញផ្ទុយពីនេះ ព្រោះ អ្នកប្រព្រឹត្តអាក្រក់គ្មាននរណាម្នាក់ ត្រូវបានគេសរសើរលើកតម្កើង បំពាក់ងារ ឬជូនប័ណ្ណសរសើរថាជាមនុស្សអាក្រក់ ហើយប្រកាសឲ្យមនុស្សគ្រប់គ្នាគោរពបូជានោះទេ ឃើញតែមនុស្សល្អប៉ុណ្ណោះ។
តែក៏អាចមានខ្លះដែរ ចំពោះមនុស្សអាក្រក់ ដែលប្លមខ្លួនធ្វើជាមនុស្សល្អ ព្រោះដោយយកប្រាក់ យសស័ក្តិតំណែងមកពាំងបាំងភាពអាក្រក់របស់ខ្លួន តែកុំភ្លេចថាចេតនាអាក្រក់បាននិងកំពុងសន្សំទុកជានិច្ចកាលក្នុងបេះដូងខ្លួនរួចរាល់អស់ទៅហើយ គឺថា អាក្រក់រស់ជាប់ខ្លួន ខ្លួនរស់ជាប់ជាមួយអាក្រក់ ទោះព្យាយាមបំភាន់ក៏ដោយ។
🔑ចាំទុកថា អំពើអាក្រក់ក្តី ល្អក្តី សឹងតែកើតចេញពីចេតនា កាលបើចេញជាសកម្មភាពទៅហើយ ទោះតាមកាយក្តីវាចាក្តី ដោយហោចទៅសូម្បីត្រឹមតែគិតក្នុងចិត្ត ក៏អាចធ្វើអោយកើតទៅជារីករាយឬសៅហ្មងបានដែរ ហើយភាពរីករាយ ឬសៅហ្មងនេះហើយ ដែលធ្វើឲ្យចំរើននិងវិនាស បើទុកណាជាគ្មានអ្នកណាដឹងឮក៏ដោយ ។
🔎អំពើដែលយើងបានធ្វើទៅហើយ ទោះជាគ្មាននរណាដឹងក៏ដោយ តែខ្លួនឯងគឺជាអ្នកដឹង។ បើជាអំពើអាក្រក់ ចិត្តរបស់យើងនិងទទួលភាពក្តៅក្រហាយ ស្តាយក្រោយ ដូចច្រែះកើតពីដែករមែងស៊ីនូវដែកនោះវិញ បើជាអំពើល្អ ចិត្តរបស់យើងក៏និងទទួលភាពស្រស់ថ្លារីករាយ មានមោទនចំពោះខ្លួនឯង ព្រោះមិនបានសាងសេចក្តីក្តៅក្រហាយចំពោះអ្នកដទៃណា ហើយអំពើល្អនោះលោកប្រៀបទៅនឹងដំណេកលើពូកដ៏ទន់ល្មើយ ក៏នឹងជួយដល់សុខភាពផ្លូវកាយផងដែរ គឺឈាមរត់បានល្អ ចង្វាក់បេះដូងដើរស្រួល សរសៃប្រសាទស្រឡះល្អ មានភាពរឹងប៉ឹង និងជឿជាក់លើខ្លួនឯង ក្រៅពីនេះមនុស្សម្នាស្រលាញ់ចូលចិត្ត មានតែមនុស្សល្អដូចគ្នាប៉ុណ្ណោះ មករាប់អានជាមួយ តែសូមអោយអំពើល្អរបស់យើង ជាអំពើល្អពិតប្រាកដ មិនមែនគ្រាន់តែជាការសម្តែងនោះទេ។
💌មានមាសប្រាក់បណ្តាស័ក្តិថ្កើងថ្កាន បើគ្មានអំពើល្អ ទ្រទ្រង់ទេ ថ្ងៃណាមួយ ជីវិតនឹងត្រូវអន្តរាយ តែបើមានអំពើល្អ ទោះគ្មានទ្រព្យសម្បត្តិ ឬលាភយសបណ្តាស័ក្តិ ក៏ជីវិតនៅចាត់ថា ជាជីវិតល្អប្រសើរ ហើយទៅថ្ងៃមុខជីវិតក៏កាន់តែរុងរឿងទៅៗជាដ៏រាប ទាំងបច្ចុប្បន្នជាតិនិងអនាគតជាតិ ។
✨បញ្ជាក់ : អំពើល្អ និង អាក្រក់ ទាំងពីរនេះសម្រាប់បណ្តាញសង្គមសេរី(serey) សូមគាំទ្ររាល់អំពើល្អ (vote)គ្រប់បែបគ្រប់យ៉ាង ហើយនិងរួមសហការគ្នាដើម្បីបំបាត់រាល់អំពើអាក្រក់ ទាំងអស់ក្នុងសង្គម ៕
************ ^^^^^^**************
🔊 មនុស្សល្អ មានអំពើល្អជាអ្នករក្សា
ចំណែកមនុស្សអាក្រក់ ត្រូវបានហ៊ំព័ទ្ធដោយ អកុសល
ដោយខ្ញុំព្រះករុណា ខ្ញុំបាទ នុត ស័ង្ហ

