កិច្ចធម្មជាតិ
ខណៈពេលដែលមនុស្សកំពុងតែនាំគ្នាបួងសួងសុំក្តីសុខពីព្រះជាម្ចាស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីឆ្ពោះទៅកាន់វិថីជីវិតដ៏មានក្តីសុខ បែរជាអ្នកខ្លះត្រូវស្លាប់ក្រោមគំនរថ្ម ខ្លះត្រូវខ្យល់គួចឆក់យកទៅលើមេឃយ៉ាងសែនវេទនាខ្លោចផ្សារទៅវិញ ! ។
កាលថ្មីៗនេះ នៅទីក្រុងដាឡាស ពេលកំពុងតែសប្បាយនឹងលោកតាសាន់តាដើរចែកអំណោយ ស្រាប់តែខ្យល់ព្យុះ ដែលមានគំនួចដ៏មហិមា បានមកនាំយកគេហដ្ឋាននិងជីវិតមនុស្សសត្វអស់ជាច្រើន ។
តើនេះជាការមិនពេញចិត្តរបស់ព្រះអាទិទេពមែនទេ ?
លោកនេះមិនមានអ្វីដែលកើតឡើងឥតហេតុផលនោះឡើយ ! (យោបល់Nikola Tesla និយាយតាមព្រះពុទ្ធ) អស់ព្រៃ អស់ប្រេង អស់រ៉ែ ពេលនោះហើយខ្យល់និងរន្ទះ រញ្ជួយដីនិងទឹកជំនន់ចាប់ផ្តើមបំពេញភារៈកិច្ចរៀងៗខ្លួន ពេលនោះទាំងអ្នកល្អ អ្នកអាក្រក់គឺត្រូវស្លាប់ទាំងអស់គ្នាជាធម្មតា ។
ដូច្នេះគ្មានអ្វីត្រូវនាំគ្នាពឹងក្តីសុខនឹងរបស់ខាងក្រៅនោះបានទេ ពឹងការយល់ខុសក៏មិនបានដែរ វានាំតែភាពត្រេកត្រអាលឲ្យវិនាសឆាប់តែប៉ុណ្ណោះ បើពឹងធម៌ ពឹងចិត្តខ្លួនឯងគឺមិនអីទេ អាចរួចពីអបាយភូមិបាន ។
ជីវិតគឺផុយស្រួយណាស់ ! វាស្ទើរតែគ្មានរសជាតិអ្វីទាំងអស់ បើយើងមិនចេះថែមគ្រឿងឲ្យវាទេនោះ ! ៕


