ការតស៊ូ ត្រូវប្រកបជាមួយភាពឆ្លាតវៃផង ទើបរស់នៅដោយក្តីសុខ
មុននឹងអ្នកពិបាកចិត្តរឿងអីមួយ អ្នកត្រូវស្គាល់ការពិតឲ្យបានច្បាស់ ព្រោះការស្គាល់ការពិតច្បាស់នាំឲ្យមានការគិតត្រូវ បើមានការគិតត្រួវហើយបញ្ហាលំបាកលែងមានអំណាចមកលើអ្នកទៀតហើយ ។
នៅពេលដែលគេបានរកឃើញការពិតហើយ គេនឹងបាត់បង់ពិធីសាសនាពីក្នុងខ្លួនជាមិនខាន ។
នៅក្នុងខ្លួនមនុស្ស មានអ្វីដែលមនុស្សនៅមិនទាន់បានដឹងច្រើនណាស់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ឋាមពលរបស់ខ្លួនឯង ដែលគេមិនទាន់ចេះប្រើ ឬ ប្រើមិនអស់ មិនទាន់ដល់កំរិតដែលខ្លួនមាន ដែលវាជាបុព្វហេតុនាំឲ្យមានការរស់នៅស្រួល ។

ម្នាក់ៗត្រូវចេះតស៊ូជម្នះចិត្តខ្លួនឯង ត្រូវចេះធ្វើចិត្តឲ្យដូចជាក្មេង ។ យើងមើលកូនក្មេងបើទោះជាត្រូវម្តាយវាយជេរស្តីប្រមាទយ៉ាងណា ក៏នៅតែសសុលក្បែរទ្រូងម្តាយគេងលង់លក់យ៉ាងស្កប់ស្កល់ មិនមានចិត្តគំគួនសងសឹកអ្វីទាំងអស់ សីុឆ្អែតបាត់ឃ្លានដេកលក់បាត់ខ្លាច ចង់មានក្រប៉ុណ្ណាក៏ញញឹមយ៉ាងរីករាយបាន ព្រោះមិនទាន់ចេះប្រៀបធៀប។
ចំណែកអ្នកចេះប្រៀបធៀបគឺមនុស្សធំ តែងគិតថាខ្លួនឆ្លាតជាងក្មេង ប៉ុន្តែមិនបានចាប់ភ្លឹកថាបញ្ញាមនុស្សធំខ្លះគឺបំផ្លាញខ្លួនឯងទៅវិញ។ ពេលខ្លះគ្រាន់តែគេរិះគន់ខ្លួនតែបន្តិចសោះ ទៅជាដេកមិនលក់រាប់យប់ ជួនកាលតាមសងសឹកសុីសាច់ហុតឈាមគំរាមឲ្យគេលេបពាក្យសំដីនោះវិញក៏មាន ។
បើបានគេសរសើរតែបន្តិចភ្លេចជាតិភ្លេចទឹកដី ដេកសប្បាយរាប់ថ្ងៃរាប់ខែក៏មាន ពេលខ្លះប្រៀបធៀបនិងក្តីសុខគេមកបំផ្លាញអារម្មណ៍ខ្លួនឯង។
រឿងបែបនេះ តោងត្រូវហាត់តាមក្មេងខ្លះទើបបានសុខ ។សេចក្តីនេះមិនមែនចង៉ឲត្រលប់ទៅកាន់អតីតកាលទេ តែជាបទពិចារណាមួយដែរ ដែលល្អហើយងាយក្នុងការត្រេះរិះ!
ជីវិតអ្នក គ្រាន់តែអ្នកឈប់ប្រៀបធៀបនិងឈប់ប្រកួតប្រជែងជាមួយបុគ្គលដ៏ទៃនោះ មនុស្សគ្រប់គ្នានឹងស្រឡាញ់អ្នក ហើយខ្លួនឯងក៏រស់ដោយស្ងប់ចិត្តជាងការប្រដេញលើការប្រកួតប្រជែងនិងវាសនាអ្នកផ្សេងផងដែរ ។
គ្រាន់តែចេះព្រលែងចោលរឿងនាំឲចង្អៀតចង្អល់ចិត្តឥតប្រយោជន៍ អ្នកនិងបានប្រយោជន៍មកវិញ ដូចជាយើងនឹងទទួលបានសេរីភាព ដែលជាលក្ខ័ណ្ឌតែមួយគត់នៃសុភមង្គលរបស់ជីវិត។
មនុស្សដែលសំបូរគុណធម៌គេតែងប្រើជីវិតក្នុងការចែកចាយជានិច្ច លះបង់ជានិច្ច ព្រោះគេដឹងថា បើគេកាន់តែចែកចាយ នោះគេកាន់តែទទួលបាន ។
ក្នុងលោកនេះគឺបែបនេះហើយ ចូរតស៊ូជាមួយការយល់ដឹង ទើបការប្រឹងប្រែងនោះមិនឥតប្រយោជន៍ ហើយថែមទាំងត្រូវចំណុចគោលដៅទៀតផង ៕

#ស័ង្ហ

