បញ្ហាក្នុងលោក បង្រួមឲខ្លី នៅត្រឹមពីរប៉ុណ្ណោះ ត្រូវយកមកដោះស្រាយ

ធម្មជាតិភ្លើង មានកម្តៅជាអំណាច!
លូកដៃចូលជាអំពើ រលាក់ជាបច្ចុប្បន្នភាព ក្តៅផ្សារឈឺចុកចាប់ជាផល តែដើមហេតុឲកើតព្រឹត្តិការបែបនេះព្រោះតែអវិជ្ជាទើបមិនស្គាល់ភ្លើងថាមានតេជានុភាពបង្កើតបញ្ហាជាទុក្ខវិបត្តិ ។
ប៉ុន្តែរាល់បញ្ហាវាសុទ្ធតែមានដំណោះស្រាយ ព្រោះព្រះពុទ្ធបានត្រាស់ថា ទុក្ខ,បញ្ហា អាចរំលត់បាន ។
ការរំលត់គឺនៅត្រង់ការឈប់គិត! ហេតុអ្វី?
រឿងងាយយល់ តែមនុស្សមិនងាយយល់ គឺមិនបានស្វែងយល់! ថាតើគិតដើម្បីឈប់គិតយ៉ាងម៉េច? ។
វាជាការលំបាកពិតមែន ប៉ុន្តែមានតែការគិតប៉ុណ្ណោះដើម្បីទៅឲ្យបានដល់ការឈប់គិត ! ។
បញ្ហាជីវិតមានតែពីរយ៉ាងទេ គឺ
១ បញ្ហាដែលដោះស្រាយមិនបានដូចជា ការចាស់ ឈឺ ស្លាប់ សេចក្តីព្រាត់ប្រាសនិងការជាប់ទោសទណ្ឌក្នុងប្រទេសដែលមានច្បាប់។ បើវាជាបញ្ហាដែលដោះស្រាយមិនបានដដែល តើយើងត្រូវគិតពីវាធ្វើអី?
២ បញ្ហាដែលដោះស្រាយបានៈ បើវាជាបញ្ហាដែលដោះស្រាយបានដដែល តើយើងចាំបាច់ត្រូវគិតពីវាធ្វើអី ? ។
ទីបំផុតលោកនេះមិនគួរដល់ការគិតស្មុគ្រស្មាញឡើយ !
អ្នកប្រាជ្ញលោកតែងពោលថា ជួបរឿងអី ដោះស្រាយហ្នឹងទៅ ដោះស្រាយហើយក៏ចប់ មិនចាំបាច់នៅប្រកាន់យកមកទុកក្នុងចិត្តឲជាប់ជំខពាក់ធ្វើអ្វីឡើយ ! ។
បញ្ហាជីវិតបើទោះជាយើងរអ៊ូរទាំ ឬ មិនរអ៊ូរទាំពីវា ក៏យើងនៅតែមិនអាចគេចជៀសផុតពីវាបានដដែល ហេតុនេះមានតែការតាំងចិត្តអត់ធន់តស៊ូដើម្បីដោះស្រាយតែប៉ុណ្ណោះ។
បើមានអ្នកណាម្នាក់ធ្វើឲ្យយើងឈឺចាប់ យើងត្រូវពិនិត្យឲ្យដល់ទីជំរៅនៃបញ្ហា តើពាក្យសំដីរបស់គេនោះហូរមកបំផ្លាញយើង ឬ មួយក៏មកពីយើងរើសពាក្យសំដីគេយកមកគិតដើម្បីបំផ្លាញខ្លួនឯង ?។
បើពូកែរើស ត្រូវឆ្លាតក្នុងការបោះចោលផង ! កុំគិតតែពីរើសទុកៗ ប្រយ័ត្នរើសចំរងើកភ្លើង នាំឲ្យឆេះក្បាលខ្លួនឯងទៅវិញទេ ។
មនុស្សកាលនៅធម្មតាតែងងើយមើលមេឃ ស្រែកហៅទេវតាឲ្យជួយនៅពេលដែលខ្លួនទាល់ច្រក ឬដោះស្រាយបញ្ហាមិនចេញ ប៉ុន្តែនៅពេលដែលខ្លួននៅមានអំណាចដោះស្រាយបញ្ហាបាន គ្មានអ្នកណានឹកឃើញថាខ្លួននឹងមានថ្ងៃត្រូវពឹងទេវតានោះទេ ទើបប្រមាទទេវតា ព្រហើនចំពោះច្បាប់កម្មផល មានៈលើព្រហ្មលិខិត សុទ្ធតែពោលពាក្យថាបើអញចេះជឿកម្មផលគឺអញគ្មានថ្ងៃនេះទេ!។
ព្រោះតែក្តីល្ងង់ អត់ដឹងថាតុលាការកម្ម មានអំណាចមិនខ្លាចសូម្បីស្តេចទេវតាឬស្តេចអាទិទេព សូម្បីតែព្រះពុទ្ធក៏ត្រូវទទួលផលកម្មកាត់ទោសដែរ! ។
ដូច្នេះនៅពេលដែលអាចកែគំនិតបាន សូមកែទៅ ប្រយ័ត្នទំរាំចេះប្តេជ្ញាចិត្តទទួលកំហុស ស្រាប់តែអ្វីៗត្រូវហួសអស់!
ប៉ុន្តែក៏នៅគ្រាន់បើជាងការមិនព្រមទទួលកំហុសដែរ។
ធ្វើខុសហើយចេះកែប្រែនឹងក្លាយជាអរិយៈបុគ្គលដូចជាព្រះអង្គុលីមាល បើមិនចេះកែប្រែទេពេញមួួយជីវិតទទួលបានតែសំពាយវិប្បដិសារី ហើយយកតាមគ្រប់ៗជាតិ។ ការស្លាប់ដោយគ្មានវិប្បដិសារីគឺជាការលំបាក តែសូមឲ្យវិប្បដិសារីនោះគឺជាការសោកស្តាយដែលមិនបានធ្វើអំពើល្អឲ្យអស់ចិត្តជូនជាតិមាតុភូមិចុះ(បែបនេះទើបគួរស្តាយ) ។
មួយជំហានថយក្រោយនៅមានសង្ឃឹមសោះតែធ្វើមិនបាន នេះហើយការប្រើជីវិតឲ្យជាកញ្ជះចិត្តមានៈនិងតណ្ហា វាសមមុខហើយចំពោះផលកម្មគ្រប់ៗគ្នានោះ ។
សេចក្តីនេះសមគួរនឹងដាស់តឿនយើងឲ្យប្រុងប្រយ័ត្ន ចំពោះអ្វីគួរធ្វើនិងអ្វីមិនគួរធ្វើ ដាក់មានះចុះចាប់យកព្រះធម៌ គឺជាសេចក្តីសុខពិតឥតប្រែប្រួល ។
សូមអនុមោទនា...

#ស័ង្ហ

