ចាស់មនុស្ស និងចាស់សត្វ ខុសគ្នាចំណុចណា..

គ្រប់មនុស្សដែលកើតមកក្នុងលោកនេះ មានទ្រង់ទ្រាយសណ្ឋានយ៉ាងណាក៏ដោយ សុទ្ធតែស្រឡាញ់ការរស់នៅ ទើបបានជាខិតខំបំពេញកិច្ចការងារផ្សេងៗ ទាំងតាមផ្លូវសុចរិតក៏មាន និងតាមផ្លូវទុច្ចរិតក៏មាន ដោយវត្ថុបំណងចង់ឲ្យខ្លួនឯងបានសុខ និងមានសេចក្ដីថ្លៃថ្នូរ មានអ្នកផងរាប់អាន និងទទួលស្គាល់ថាជាមនុស្សគ្រាន់បើ។
ប៉ុន្តែសេចក្ដីសម្រេច ភាពប្រសើរ មិនមែនបានមក ដោយការប្រាថ្នា ហើយខ្វះខាតសតិបញ្ញា និងការព្យាយាមនោះទេ បើមិនមានការសិក្សាអប់រំហើយ ទោះបីរស់នៅអស់រយនៃឆ្នាំ ឬថាខំបរិភោគនូវអាហារដែលមានរស់ជាតិដើម្បីបំប៉នសុខភាពយ៉ាងណា ក៏គ្មានតម្លៃអ្វីដែរ គឺចម្រើនតែសាច់ឈាម ហើយសាច់ឈាម ទីបំផុតបានត្រឹមតែជាចំណីរបស់ដង្កូវ និងដី ទឹក ភ្លើង ខ្យល់ ទៅវិញដោយឥតមានសេសសល់ឡើយ។
សាច់ឈាមរបស់អ្នកប្រាជ្ញដែលយល់ការពិតទាំងឡាយ ក៏នឹងត្រូវវិនាសទៅដូចគ្នាដែរ ប៉ុន្តែមុនពេលដែលសាច់ឈាមនោះវិនាសទៅ លោកបានប្រើប្រាស់វាដោយល្អ ធ្វើឲ្យរូបកាយរបស់លោក ក្លាយទៅជាទីអាស្រ័យនៃប្រាជ្ញាស្មារតី និងគុណធម៌ផ្សេងៗទៀតបានច្រើនណាស់។
ព្រះសម្មាសម្ពុទ្ធតែងបានតិះដៀលនូវភាពអវិជ្ជា ឬការមិនចេះមិនដឹងជារឿយៗ
ដូចដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថា
អ្នកដែលមិនមានការចេះដឹងនេះ តែងចាស់ (ឥតអំពើ) ដូចជាគោដែលគេចិញ្ចឹមដើម្បីយកមកបំរើការងារភ្ជួរាស់ សាច់របស់វាតែងចម្រើនឡើងក៏ពិតមែន តែប្រាជ្ញារបស់វាមិនចម្រើនឡើងទេ។
មានពាក្យមួយឃ្លាដ៏ពេញនិយមថា៖ មនុស្សល្ងង់ខ្លៅគឺមានខ្លួនឯងជាសត្រូវ ចំណែកអ្នកមានបញ្ញាតែងមានខ្លួនឯងជាទីពឹង។
យើងពិនិត្យទៅលើខ្លឹមសារនៃពាក្យនេះក៏អាចយល់ គេមិនបានលើកឡើងថា មនុស្សមានសម្បុរ ស សម្រស់ស្អាត ឬភាពមានបានយកមកជាទីពឹងឲពិតប្រាកដនោះទេ គឺមានតែភាពឆ្លាតវៃប៉ុណ្ណោះដែលជាអាវុធដ៏ក្លៀវក្លា អាចកាប់ឆ្ការរាល់ឧបសគ្គ ទប់ស្កាត់រាល់អំពើបាបមិនឲមកយាយីគ្របសង្កត់ចិត្ត អោយស្ថិតតែក្នុងភាពសុខដុមរមនា ជាជីវិតប្រកបដោយមោទនភាពគ្រប់ដង្ហើមចេញចូលមានតែអារម្មណ៍ដែលជាទីពេញចិត្តតែម្យ៉ាង ។
សូមមនុស្សគ្រប់គ្នា កុំចាស់ដូចជាគោចាស់ សូមបានចាស់ក្នុងនាមជាមនុស្សចាស់។ ចាស់គឺជាគំរូ ចាស់ជាគ្រូបង្ហាញដល់ក្មេងៗដែលជាអនុជនជាន់ក្រោយ ដែលតែងទម្លុះអាថ៌កំបាំងធម្មជាតិបានមុន ស្គាល់ការពិតដែលគួរឬមិនគួរ
ក្នុងភាវៈជាអ្នកបង្ហាញសន្តិនិយម រស់ដោយសេរីភាព សន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត គំនិតពោរពេញដោយភាពរាប់អាន គោរពស្រលាញ់មេត្តា មិនបៀតបៀនដល់អ្នកដ៏ទៃ មានភាពស្មោះត្រង់ មានគុណធម៌ បង្កើតកេរតំណែលល្អៗជាដើម បែបនេះហើយលោកថា ចាស់សមគួរ ឬចាស់សមសូន ។
ម៉្យាងវិញទៀត បើកាលណាជាគំរូមិនល្អ វានិងបង្កើតបានជាវប្បធម៌ កម្លាំងនិយម ឬអាជ្ញានិយមដូចពពួកសត្វធាតុដែលគ្មានគុណធម៌ សិលធម៌ សុជីវធម៌ រស់ប្រជែងគ្នាដោយប្រខាំ ប្រជល់អាងមាឌអាងកំលាំងដូចជាដំរីទឹក នៅពេលណា មេហ្វូងកាន់តែចាស់ទៅៗ អាស្ទៀវមួយទៀតឡើងមកហើយវាចង់ធ្វើជាមេហ្វូង ក៏តែងតែព្យាយាមបំបាក់មេកញ្ចាស់នោះតែម្តង។
បែបនេះហើយជាភវគតិជាសត្វដែលតែងប្រព្រឹត្តតាំងពីយូរលង់ ដូចជាសត្វដំរីទឹកនិងមនុស្ស វាខុសគ្នា បើមនុស្សវិញគេគោរពមនុស្សចាស់តែដំរីទឹកវិញវាប្រគួតជាមួយមេចាស់ កាច់បំបាក់ហើយ ដើម្បីវាគ្រប់គ្រងក្នុងហ្វូងវិញម្តង។
ចូរមនុស្សគ្រប់រូបរស់នៅដោយមានរបៀបសណ្តាប់និងវិន័យ កុំនិយមជ្រុលខ្លាំងពេកនិងអំណាច បុណ្យយសសក្តិ ជេស្តា ឋានៈ យកមកគំរាមជនស្លូតត្រង់ដោយវ៉ៃដំច្រំធាក់ តាមតែអំពើចិត្តឡើយ ព្រោះទង្វើទាំងអស់នោះជាទង្វើសត្វធាតុតែប៉ុណ្ណោះដែលអាចបង្កឡើងបានយ៉ាងដូច្នោះ ។
🔊សូរិយាល្ងាចថ្ងៃ
ទន្សោងគោព្រៃ...រកសុីជើងភ្នំ
សុីតូចដោយតូច...សុីធំដោយធំ
រកសុីជើងភ្នំ...ផឹកទឹកដងអូរ
លុះផឹករួចហើយ...បញ្ជល់គ្នាវោ
សុទ្ធតែឡើងក... អួតអាងកំលាំង ។
_បទនេះបុរាណយើងលោកចងក្រងមកគឺចង់បង្ហាញពីសង្គមរបស់សត្វ គ្មានអ្វីក្រៅតែពីប្រជែងដណ្តើម ប្រចឹកប្រជល់ប្រខាំ មិនមានស្មារតីដើម្បីអភិវឌ្ឍន៍ចិត្តគំនិតឲប្រែទៅរកភាពរុងរឿងនិងរីកចំរើនបានឡើយ៕
🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇
ដោយខ្ញុំបាទ នុត ស័ង្ហ

