គ្មានអ្វីត្រូវទន្ទឹងផលហួសដែនរបស់ហេតុនោះឡើយ
សេចក្តីស្មោះត្រង់មួយ កិត្តិយសមួយ អំពើសប្បុរសមួយ បើអ្នកធ្វើមិនបានទាំងបីនេះទេ សូមត្រឹមតែការប្រើជីវិតខ្លួនឯងឲ្យបានល្អចុះ ! ហើយថែរក្សាអ្វីដែលនៅសេសសល់ឲ្យបានល្អ គឺក៏ល្អបំផុតហើយ ។
បើអ្នកសង្ឃឹមថា មនុស្សធ្វើរឿងត្រឹមត្រូវចំពោះអ្នក ព្រោះតែអ្នកបានធ្វើរឿងត្រឹមត្រូវចំពោះគេ នោះវាដូចជាអ្នកសង្ឃឹមថា តោនឹងមិនសុីអ្នកព្រោះតែអ្នកមិនសុីតោដូច្នោះដែរ ។

ចង់ធ្វើអ្វីមួយក៏បាន ឲ្យតែគប្បីចំពោះខ្លួនឯង គប្បីចំពោះដូនតា និងគប្បីចំពោះជាតិ ធ្វើវាឲ្យបានល្អទៅមិនខុសទេ ! ។
អ្វីៗនៅក្នុងលោកសុទ្ធតែប្រព្រឹត្តិទៅត្រឹមត្រូវតាមហេតុផលនឹងមានពេលវេលារបស់វាជានិច្ច មិនថាថ្ងៃនេះឬថ្ងៃស្អែកគឺមិនខុសគ្នាសូម្បីតែមួយវិនាទី ។ បើអ្នកបានយល់ពីបញ្ហានេះ អ្នកនឹងមិនអន្ទះសារក្នុងការរង់ចាំ អ្នកមិនចាំបាច់ទន្ទឹងរង់ចាំមើលផ្លូវ អ្នកមិនចាំបាច់ចង់ឲ្យវាយ៉ាងនេះ ឲ្យវាយ៉ាងនោះ អ្នកនឹងរីករាយជាមួយលំហូរទៅនៃពេលវេលាជាមិនខាន ។
កុំវង្វេងផ្លូវរបស់អ្នកជាមួយនឹងគោលដៅ ទោះជាឥឡូវនេះអ្នកកំពុងតែជួបព្យុះសង្ឃរា មិនមែនមានន័យថាអ្នកស្វែងរកគោលដៅមិនឃើញនោះទេ ។ អាថ៌កំបាំងតែមួយគត់ក្នុងការរស់នៅ គឺចេះរីករាយទទួលយកអ្វីៗដែលខ្លួនបានជួបយកមកដោះស្រាយប្រកបដោយបញ្ញាឲ្យបានល្អតែប៉ុណ្ណោះ ! ។

មនុស្សគឺជាផ្នែកមួយនៃធម្មជាតិ នៅលើផែនដីនេះប្រព័ន្ធព្រះអាទិត្យនិងសកលចក្រវាឡសុទ្ធតែជាប់ទាក់ទងជាមួយមនុស្ស កុំវាយឬកថាអ្នកមិនទទួលរងផលប៉ះពាល់ជាមួយឋាមពលផ្ទាល់របស់ខ្លួនឲ្យសោះនោះ ! ។
ហោរាសាស្ត្រគឺជាការសិក្សាទំនាក់ទំនងឋាមពលទាំងនោះឯង ជឿឬមិនជឿស្រេចលើអ្នកទេ ព្រោះហោរាវាគ្រាន់តែជាការចំណាំហើយចងក្រងជាក្បួនខ្នាតទុក និងជាការបញ្ចេញមតិផ្ទាល់របស់លោកហោរតែប៉ុណ្ណោះ ពេលខ្លះគេពិតជាបានមួលបង្កាច់ច្បាប់ធម្មជាតិពិតប្រាកដមែន ព្រោះវាជាវប្បធម៌របស់ហោរាសាស្ត្រ ។ ប៉ុន្តែបើចំលើក្បួនណាដែលមិនមែនជាក្បួនបោក អ្នកនឹងត្រូវបះសក់ជាមិនខាន អតីត និងអនាគតរបស់អ្នកដូចអត់ស្លៀកខោអញ្ចឹង ព្រោះត្រូវលោកហោរមើលឃើញទាំងអស់ ប្រុងខ្លួនឲ្យហើយទៅ របស់ក្នុងលោកមិនមែនមានត្រឹមយើងដឹងប៉ុណ្ណឹងទេ វាមានច្រើនជាងនិងទៀត ៕


