លោកនេះដាច់មេត្តាណាស់ បើយើងមិនចេះស្រណោះ"ចិត្ត"ខ្លួនឯង!

V
vannlyda
តើមូលហេតុអ្វីដែលនាំឲ្យមនុស្សចេះតែគិតខុស ? មកពីខ្វះពត៌មានវិជ្ជមានសំរាប់វិភាគ ឬមកពីយើងជ្រើសទិន្នន័យខុសយកមកប្រើ ។ គំនិតវិជ្ជមាន មានសំបូរហូរហៀរ ក្នុងការបង្រៀនរបស់ព្រះពុទ្ធ តែការប្រមាថរបស់យើងបែរជាយល់ថា គឺជាគំនិតដែលហួសសម័យទៅវិញ ។ ម្យ៉ាងទៀតការខ្វះកល្យាណមិត្តក៏ជារឿងសំខាន់ណាស់ដែរ ក្នុងការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកអំពីប្រភពនៃចំណេះវិជ្ជាឬទស្សនៈផ្សេងៗ។ ហេតុនេះហើយមនុស្សដែលចូលចិត្តភាពឯកោ ពេលធ្វើអ្វីៗច្រើនតែខុស និងច្រើនតែទទួលយកសេចក្តីស្លាប់បានមុនគេ ។ អ្នកប្រាជ្ញលោកសរសើរអ្នកដែលចូលចិត្តញញឹមគ្រប់ពេលវេលា អ្នកចូលចិត្តការគិតវិជ្ជមានគ្រប់ស្ថានការណ៍ ពិតជាអាចជួយទ្រទ្រង់ជីវិតអ្នកនោះ ឲ្យរស់ដោយក្តីរីករាយបាន។ ![Screenshot_2018-11-29-12-31-45.png](https://serey.io/imageupload_data/6ea5b7e7eb43ea3c721b64db30af62afa57ac2e4) ការយល់ត្រូវ គិតត្រូវ គឺជាមេរៀនទីមួយដែលព្រះពុទ្ធជាម្ចាស់លោកបានពន្យល់ក្នុងជំពូកទីមួយនៃមគ្គទាំង៨ដ៏ប្រសើរ ! ។ សូមឧស្សាហ៍ ពិនិត្យសង្កេតចិត្តអ្នកពេលដែលព្រឹត្តិការនៅជុំវិញខ្លួនមានអ្វីខុសប្រក្រតីត្រូវចាប់អារម្មណ៍ភ្លាម ដើម្បីធ្វើការសង្គ្រោះចិត្តឲបានទាន់ពេលវេលា ដោយសតិញាណរលឹកវាឲញឹកញាប់។ ដូចជាខណៈដែលយើងទទួលរងការមើលងាយពីសំណាក់ជនណាម្នាក់ វាគ្មានអីគួរឲ្យអស្ចារ្យនោះទេ បើយើងមិនយកវាមកទុកដាក់ក្នុងខួរក្បាល សូម្បីតែព្រះផងក៏នៅមានគេប្រមាថមើលងាយ ទំរាំមនុស្សថយថោកដូចជារូបយើងរឿងអីដែលអាចគេចផុតបាន(ស្មារតីបែបនេះត្រូវរត់ជួរមុខ) ។ រឿងខ្លះ អ្នកដែលមានការឈឺចាប់ខ្លាំងក៏មកពីគេឲ្យតំលៃខ្លួនឯងខ្ពស់ពេក លើកតំលៃខ្លួនឯងខ្ពស់ពេក ទើបការមើលងាយល្មមៗសោះ ក៏ខ្លួនខឹងសម្បារនិងគេដែរ ដូច្នេះជីវិតនេះសូមធ្វើតែអំពើល្អទៅបានហើយ ។ គេមើលងាយអ្នកៗទ្រាំមិនបាន ភាពរសាប់រសល់ចង់សងសឹកតាមវិធីផ្សេងៗ ឬប្រទេចផ្តាសារតប ដោយគំនិតត្រឹមគិតថាឲ្យបានធូរស្រាលក្នុងចិត្ត ប៉ុន្តែធ្វើយ៉ាងនេះធ្វើឲ្យចិត្តរឹតតែក្តៅក្រហាយរាល់ពេលដែលបាននឹកឃើញរឿងនោះវិញទេ។ យើងកុំធ្វើតាមពាក្យគេមើលងាយទៅបានហើយ បើយើងថ្លោះធ្លោយធ្វើខុស នោះការមើលងាយរបស់គេគឺត្រឹមត្រូវហើយ តែបើយើងគឺជាមនុស្សដែលរឹងមាំ យើងនឹងធ្វើឲ្យអ្នកមើលងាយនោះត្រូវស្តាយក្រោយជាមិនខាន ! ។ មនុស្សគ្រប់រូបមិនមែនសុទ្ធតែស្លាប់ព្រោះតែជំងឺនោះទេ ភាគច្រើនគឺស្លាប់ដោយការព្រួយចិត្ត ព្រោះតែការគិតខ្វល់ខ្វាយ និងការភ័យខ្លាចស្លាប់នោះឯង ។ ការរស់នៅរបស់យើងយ៉ាងណាវាមិនសំខាន់ទេ អ្វីដែលសំខាន់គឺអារម្មណ៍របស់យើង ចំពោះការរស់នៅនេះឯង ។ -យើងគិតយ៉ាងណា ជីវិតរបស់យើងក៏យ៉ាងនោះដែរ! -យើងជាអ្នកបង្កើតការគិតឲ្យបានជាសុខទុក្ខផ្ទាល់ខ្លួន -គិតឲ្យសុខក៏បាន គិតឲ្យទុក្ខក៏បាន សំខាន់គឺនៅលើទិន្នន័យដែលយើងបានបង្កើតឡើងតែប៉ុណ្ណោះ! ។ មានគ្រូបង្រៀនថ្នាក់បឋមសិក្សាម្នាក់ គ្រាន់តែចូលនិវត្តភ្លាមគាត់លើសសំពាធឈាម បានហៅពេទ្យទៅដល់ផ្ទះ ពេទ្យ : បងមានអារម្មណ៍ដូចម្តេចដែរ ក្រោយពីចូលនិវត្ត មកនេះ? អ្នកគ្រូស្រាប់តែធ្លាក់ទឹកភ្នែកពីរបីតំណក់រមៀលកាត់ថ្ពាល់ និយាយទាំងអួលដើមកថា : ចប់ហើយខ្ញុំ ! គ្រាន់តែរឺត្រែតភ្លាមគ្មានសល់អីមួយសេនទេ តើឲ្យខ្ញុំសង្ឃឹមអី ? ដេកចាំតែថ្ងៃស្លាប់ទៅខ្ញុំ ! បើបាននៅបង្រៀនគ្រាន់លក់នេះលក់នោះចិញ្ចឹមឆ្នាំង ដល់ឥឡូវ ! ! ! មិនដឹងជាត្រូវទៅសុំទានឯណាទេ ។ គ្រាន់តែការរំជួលចិត្តប៉ុណ្ណឹងសំពាធឈាមគាត់ឡើងដល់១៨ភ្លាមមួយរំពេច ! បង ! (ពេទ្យនិយាយកាត់)នេះបងមិនទាន់អត់អីទទួលទានផង បងបែរជាជិតស្លាប់មុនទៅហើយ ព្រោះតែការគិត ! ជីវិតបើទោះជាលំបាកយ៉ាងណាក៏ចប់ត្រឹមតែស្លាប់ ចាំពេលណាពេលនឹងទៅ ហេតុអីក៏បងមកត្រូវដេកគិតឲ្យឈឺខ្លួនមុនដូច្នេះ? ហ្នឹងហើយ ហេតុអីបងមិនមើលវត្តអារាមខ្លះទៅ គឺទីនោះហើយដែលមានសមាគមចាស់ៗ យើងអាចជួយគ្នាទៅវិញទៅមកបាន សូម្បីតែខ្ញុំក៏មានសមាគមនៅវត្តទៅរៀនធម៌រាល់ថ្ងៃសៅរិ៍ដែរ ។ មកដេកសំងំកើតទុក្ខតែម្នាក់ឯង មិនទាន់អត់បាយមិនទាន់ចាស់ជ្រុលផង ចង់ស្លាប់មុនអាយុព្រោះតែដេកគិតរឿងកំសត់ៗទៅហើយ។ គាត់ញញឹមស្ងួត ! ឥឡូវពេទ្យអូសទាញគាត់ចូលវត្តបានហើយ ! តែទៅមួយថ្ងៃខានមួយខែតែប៉ុណ្ណោះ ចង់តែបានសុខ តែមិនខំសាងហេតុនាំឲ្យបានសុខសោះ ! ។ ការគិតឲ្យកើតទុក្ខគឺជាឃាតករដ៏សាហាវនិងសំងាត់បំផុត ដែលអាចសំលាប់មនុស្សបានយ៉ាងស្ងៀមស្ងាត់ គ្មានឲ្យដំណឹងដល់អ្នកណាម្នាក់ឡើយ ។ គំនិតដ៏អាក្រក់នេះ វាសំងំបំផ្លាញខួរក្បាល រហូតដល់លែងដំណើរការបាន ទីបំផុតក៏សំរេចចិត្តស្លាប់មុនអាយុតែម្តងទៅ ។ បើយើងមិនសំលាប់គំនិតទុក្ខសោកនោះឲ្យបានមុនទេ វានឹងសំលាប់យើងបានមុនជាមិនខាន ! ។ ការគិតឃើញតែរឿងអពមង្គល អាចមកពីខួរក្បាលដំណើរការខុសប្រក្រតី ឬមកពីទំលាប់គិតច្រើន រហូតដល់ខួរក្បាលចុះជាតិដូប៉ាមីន នាំឲ្យមានអារម្មណ៍ស្ងួតក្នុងក្បាល សោះកក្រោះ មើលឃើញលោកនេះគ្មានន័យអ្វីទាល់តែសោះ លោកនេះមិនគួរឲ្យចង់រស់នៅតទៅទៀត ។ ត្រូវចាំថា៖ 《ជិវិតនៅពីមុខអ្នកសំខាន់ជាងជីវិតនៅពីក្រោយអ្នក ប៉ុន្តែអ្នកមានតែជីវិតដែលនៅជាមួយអ្នកនេះតែប៉ុណ្ណោះដែលអាចបំពេញរឿងប្រសើរផ្តល់ដល់ជីវិតអ្នកបាន》 ៕ ![Screenshot_2018-11-27-22-07-21.png](https://serey.io/imageupload_data/fa4c87d868da2a235933949df18b4c79678794c6) #ស័ង្ហ

Comments

sathya
សូមផ្ញើការបកស្រាយជាមួយផងសម្រាប់គំនិតរបស់ខ្ញុំ ( ចិត្តមិននឹង + គ្មានភាពអំណត់ ) គិតមិនសម្រេច ដើរមិនត្រូវ ឈោងមិនឆ្ពោះ មិនខាន ៕