អាពាហ៍ពិពាហ៍ត្រូវកើតមានដោយមេត្រីភាព មិនមែនឃើញរូបឃើញលុយនោះទេ

បើយើងមើលឃើញគ្នាព្រោះតែរូបសម្បត្តិនិងទ្រព្យសម្បត្តិ នោះឈ្មោះថាយើងបានមើលឃើញភាពក្លែងក្លាយរបស់ជីវិតនេះហើយ ។
ពេលនោះយើងនឹងបានជួបភាពខកបំណងជាមិនខាន ព្រោះរូបអាចខូចខាតបានគ្រប់ពេលវេលា ផ្ទៃមុខអាចត្រូវបំផ្លាញបានគ្រប់វិនាទី សូម្បីតែញ៉ាំអាហារក៏មានទាស់និងសុខភាពនៃរច្ឆកាយ,ចំណែកទ្រព្យសម្បត្តិក៏ជារបស់មិនទៀងទាត់ ហើយអ្នកដែលខំរក ច្បាស់ណាស់គេមិនចេះតែចែករំលែកនោះទេ(កុំចោទថាកំណាញ់)។
ផ្ទុយទៅវិញ បើយើងមើលឃើញចិត្តនិងចរិតអាធ្យាស្រ័យដែលត្រូវគ្នា ហើយប៉ងប្រាថ្នានឹងរួមរស់ស្ម័គ្រមេត្រីជាមួយគ្នាលុះអវសាន នោះសម្ព័ន្ធមេត្រីនេះនឹងមិនងាយមានអ្នកណាមកបំផ្លាញបានឡើយ។
ការមានៈរឹងរួស ចង់យកឈ្មះចាញ់គ្នា ក្នុងនាមជាប្តីប្រពន្ធ គឺមកតែពីយើងមើលឃើញគ្នាតាមសំបកក្រៅនេះឯង សុទ្ធតែប៉ងប្រាថ្នាយកប្រយោជន៍ពីគ្នារៀងៗខ្លួន ដល់តែយកមិនបានក៏ខកចិត្តហើយដើរចេញពីគ្នា ចោលកូនតូចៗដែលជាចំណងដៃអសិរពិស ឬជាសត្វនៃសំណល់របស់តណ្ហា ដែលពេលទៅលេងខាងឪពុកត្រូវគេហៅថា ជាប់ពួជឈាមឆ្កែ ដល់ទៅលេងខាងម៉ែគេហៅថាជាប់ពួជឈាមថោក ។
អណ្តាតមិនចេះឆ្អែតនឹងរស ឯពោះក៏មិនចេះធុញនឹងការបន្ទោរបង់ បើយើងសោកស្តាយមិនបន្ទោរបង់វាចោលទេ យើងនឹងចុកពោះរហូតដល់ដាច់ខ្យល់ស្លាប់ជាក់ជាមិនខាន ។
យ៉ាងណាមិញបញ្ហាក្នុងជីវិតក៏ដូចគ្នា ពេលបានជួបវាហើយ ចាំបាច់ត្រូវចេះបោះបង់វាចោល ដើម្បីទទួលយករឿងរ៉ាវថ្មីៗទៀត ទោះរឿងរ៉ាវចាស់ៗនោះល្អឬអាក្រក់ ក៏វាគ្មានប្រយោជន៍សំរាប់យើងតទៅទៀតដែរ វាបានត្រឹមតែធ្វើឲ្យយើងឈឺចាប់ សោកស្តាយតែប៉ុណ្ណោះ ចង់ឲ្យអតីតកាលវាត្រឡប់វិញមិនបានឡើយ។យើងនៅមានរឿងថ្មីៗដែលមានរសជាតិប្លែកៗជាច្រើនទៀត ដែលត្រូវភ្លក់ដោយខានមិនបាន ដូច្នេះពេលញ៉ាំឆ្អែតហើយបោះវាចោលទៅ អាហាររបស់ចិត្តមិនខ្វះទេលើលោកនេះ ។
មនុស្សទីបំផុតត្រូវស្លាប់ព្រោះតែការព្រួយបារម្ភនិងការភ័យខ្លាចនេះឯង បើផ្លូវចិត្តគេរឹងមាំនោះគេមិនឆាប់ស្លាប់បែបនេះឡើយ។ ដើមឈើមួយដើមត្រូវស្លាប់ព្រោះតែមានដង្កូវសីុពីក្នុងនិងបរិយាកាសពីខាងក្រៅមិនអនុគ្រោះដល់វា ជីវិតមនុស្សក៏ដូចគ្នា ខាងក្នុងមានមេរោគរាប់រយប្រភេទកំពុងតែសីុរុកឲ្យរលួយគ្រប់ទីកន្លែង ឯពីខាងក្រៅមានបញ្ហាជីវភាពនិងពាក្យសំដីមនុស្សគ្រប់បែបយ៉ាង ហើយវាថែមទាំងមានរឿងដែលយើងបានបង្កើតឡើងដោយខ្លួនឯងថែមទៀត នោះគឺការព្រួយបារម្ភនិងការភ័យខ្លាច តាមបន្លាចយើងទាំងថ្ងៃទាំងយប់ ទើបធ្វើឲ្យជីវិតត្រូវទ្រុឌទ្រោមឆាប់ស្លាប់ងាយៗយ៉ាងនោះ ! ។

