គិតអ្វីគិតចុះ តែសូមគិតរឿងល្អៗ

V
vannlyda
![FB_IMG_1542560452705.jpg](https://serey.io/imageupload_data/2825dd1761500448ec224d774744c750cf892095) ជីវិត ត្រឹមតែអំពើល្អ ស្មោះត្រង់ និងស្គាល់ការពិតហើយប្រតិបត្តិត្រូវទំនង! ធ្វើខុសពីនេះការរស់នៅគ្មានក្តីសុខឡើយ ។ និទាន មានឆ្កែអង្គែសីុ១ក្បាលនៅក្បែរមាត់ព្រៃ ឆ្កែអង្គែសីុមួយក្បាលនោះ រត់មិនឈប់ ចេញពីព្រៃ រត់ចូលព្រៃ រួចដេកននាលដីផងទៅត្រដុះខ្លួននឹងដើមឈើផង វានៅមិនសុខសោះ ! ។ សុនខនោះកំពុងបោលក៏មានទុក្ខ ឈរក៏មានទុក្ខ អង្គុយក៏មានទុក្ខ ដេកក៏មានទុក្ខ ហើយវាបន្ទោសថា លោកនេះអីក៏ឃោឃៅម្លេះ! មិនបានផ្តល់សេចក្តីសុខឲ្យវាសោះ ! ។ ដែលតាមពិតបញ្ហាគឺមិនមែនមកពីលោកនេះអយុត្តិធម៌ចំពោះឆ្កែនិងទេ គឺមកពីអង្គែរដែលនៅលើស្បែករបស់វានោះឯង។ ទុក្ខរបស់មនុស្សក៏ដូចជាទុក្ខរបស់សុនខនោះដែរ ព្រោះតែការយល់ខុសរបស់ខ្លួន ដែលមិនបានពិចារណាឲ្យឃើញការពិត ក៏នាំគ្នាបន្ទោសថា ការឈឺចាប់ទាំងឡាយគឺបណ្តាល មកពីមូលហេតុខាងក្រៅទៅវិញ គ្មានអ្នកណាយកទុក្ខមកឲ្យយើងបានទេ បើយើងមិនព្រមទទួល។ ១- បើអ្នកមានក្តីស្រឡាញ់ខ្លួនឯងពិត អ្នកនឹងមិនឈឺចាប់ដោយសារតែអ្នកដទៃឡើយ មិនចាំបាច់ត្រូវគិតអាក្រក់បំផ្លាញខ្លួនឯងនោះទេ ! បើអ្នកពិតជាស្រឡាញ់ខ្លួនឯងពិតមែន អ្នកនឹងមិនធ្វើអំពើអាក្រក់ឡើយ ។ ២- អំពើល្អគឺជាអ្វីដែលធ្វើទៅហើយ ចិត្តបានស្កប់ស្កល់មិនក្តៅក្រហាយស្តាយក្រោយ ។ ៣- អំពើអាក្រក់គឺជាអ្វីដែលបានធ្វើទៅហើយ ត្រូវបានអ្នកដទៃតិះដៀល ត្រូវបានខ្លួនឯងតិះដៀល ផលនៃអំពើនោះតែងនាំមកនូវទុក្ខទោសទាំងបច្ចុប្បន្ននិងបរលោកនាយ ។ រាល់ទង្វើទាំងអស់ មានចេតនាជាដើមហេតុ បើយើងគិតតែរឿងអាក្រក់ យើងនឹងធ្វើអាក្រក់ ហើយយើងនឹងក្លាយជាមនុស្សអាក្រក់ ក៏និងបានទទួលផលអាក្រក់ ។ បើយើងគិតតែរឿងល្អ យើងនឹងធ្វើល្អ ហើយយើងនឹងក្លាយជាមនុស្សល្អ រមែងបានទទួលផលល្អ ។ ពេលវេលាគឺជាឱសថដែលអាចព្យាបាលគ្រប់ជំងឺទាំងអស់បាន ។ អំពើល្អនិងសេចក្តីសុខគឺដូចជាម្តាយនិងកូនដែលមិនអាចបែកគ្នាបាន ។ ចង់មានក្តីសុខ កុំគិតរឿងអី្វដែលខ្លួនធ្វើមិនកើត ក្នុងមួយជីវិតនេះយើងមិនអាចធ្វើអ្វីឲ្យអស្ចារ្យនឹងគេបាន តែយើងអាចធ្វើរឿងតូចតាចដោយក្តីស្រឡាញ់បាន ដោយមិនចាំបាច់មានអ្នកណាមកដឹកនាំយើងឲ្យធ្វើឡើយ ។ បានបំរើជនស្លូតត្រង់ដោយក្តីស្រឡាញ់ គឺជាសេចក្តីសុខរបស់មនុស្សល្អ បានធ្វើបាបជនស្លូតត្រង់ដោយក្តីស្អប់ គឺជាសេចក្តីសុខរបស់មនុស្សអាក្រក់ ! ។ លោកនេះដាច់មេត្តា បើយើងមិនចេះស្រឡាញ់និងមិនចេះរួបរួមគ្នាទេនោះ ។ ដើម្បីឲ្យបានសុខ ត្រូវគិតកុំឲ្យកើតទុក្ខ គិតឲ្យកើតសុខ ឯអ្នកខ្លះគិតឲ្យកើតទុក្ខហើយ មកទាមទារចង់បានសុខ ! ចង់បានហេតុផ្សេង ផលផ្សេងម៉េចទៅរួច ?។ ពេលប្តីមិននៅផ្ទះ មានស្ត្រីខ្លះគិតថា ប្តីមុខជាទៅលេងសើចស្រីនៅខាងក្រៅ ក្បត់ចិត្តខ្លួន អាចជួបស្រីល្អជាងខ្លួន គេបបោសអង្អែល លង់ស្នេហ៍ជាមួយគេ ហើយបោះបង់ប្រពន្ធចោល មិនត្រឹមប៉ុណ្ណឹងទេ នៅលួចកិបកេងលុយកាក់ចិញ្ចឹមស្រីក្រៅផ្ទះ ទីបំផុតក៏មានកូន ប្តីនោះមុខជាស្រឡាញ់កូនគេជាងកូនខ្លួន ! កូនឯងនឹងគ្មានអនាគត ទីបំផុត អញត្រូវតែលែងលះ ហើយអញចេញរកសីុចិញ្ចឹមកូនតែម្នាក់ឯង ! កំសត់ណាស់ ស្រាប់តែទឹកភ្នែកចាប់ហូរដោយមិនដឹងខ្លួន ទាំងដែលប្តីខ្លួនគាត់ទៅធ្វើការសោះ ! អត់ដឹងខ្យល់អី មកដល់ផ្ទះត្រូវប្រពន្ធរករឿង ឡូឡាបោកប្រាស់ កូនៗភិតភ័យសភ្នែក ។ ![FB_IMG_1542007576333.jpg](https://serey.io/imageupload_data/e72832c525dccc45c42043ee43744ed16511667e) ខ្លះបាត់ប្តីពីផ្ទះ គេគិតថា បើប្តីក្បត់ចិត្ត សូមឲ្យចេះរក្សាខ្លួនកុំឲ្យឆ្លងរោគនាំទុក្ខដាក់ផ្ទះ បើគេពិតជាចង់ក្បត់មែន យើងក៏មិនអាចខាឃាំងគេបានដែរ សូមឲ្យការធ្វើដំណើរទៅមកមានក្តីសុខ ទាល់តែបានឃើញមុខប្តីទើបអស់ក្តីបារម្ភ យ៉ាងណាក៏ជាប្តីរបស់អញដែរ ។ គ្រាន់តែគិតសោះ ម៉េចមិនចេះគិតឲ្យកើតសុខហ្ន៎ ? ។ មនុស្ស ! ពេលមានបញ្ហា មិនគិតពីវិធីដោះស្រាយបញ្ហាទេ ទៅផ្ចង់ចិត្តគិតផ្តោតតែការឈឺចាប់ដោយសារបញ្ហាទៅវិញ បើប្តីចង់ក្បត់ចិត្ត ម្តេចមិនមើលមកខ្លួនឯង! ទៅប្រឹងតែកែតំរូវប្តីឲ្យមកតាមចិត្តខ្លួនដោយកំណត់ម៉ោងពេលចូលផ្ទះ ឯប្តីត្រូវទទួលការគ្រប់គ្រង ហើយរវល់គិតតែពីខំរើបំរះ ! ! ! ទីបំផុតម៉្ងៃៗគិតតែពីប្រឹងរកឧបាយដាក់គ្នាដើម្បីហេតុផលរៀងៗខ្លួន ។ 《 នេះហើយ ប្រៀបប្រដូចអ្នកចាប់ពស់មិនចំក្បាល ម្នាក់ចាប់ចំកន្តុយ ម្នាក់ចាប់ចំខ្លួន! ទីបំផុតត្រូវអន្តរាយទាំងសងខាង》។ បើអ្នករស់ជាមួយបច្ចុប្បន្នបានល្អ ជីវិតនឹងប្រទានពរអ្នកនៅថ្ងៃខាងមុខ អ្នកមិនអាចយល់ច្បាស់បានទេបើអ្នកនៅតែព្យាយាមគ្រប់គ្រងរឿងខាងក្រៅ ផ្សេងពីបេះដូងរបស់អ្នក ៕ ![Screenshot_2018-11-25-19-44-56.png](https://serey.io/imageupload_data/2807408ffbcd04779111992192739d5288767942) #ស័ង្ហ

Comments

pov
ដូចរឿងខ្ញុំ​​ កាលដប់ឆ្នាំមុន​ មកផ្ទះត្រូវទៀងពេល បើមិនចឹងទេ ប្រពន្ធរករឿងសួរនាំ ... តែបច្ចុប្បន្នយើងទាំងពីរយល់ច្រើន​ ហើយវ័យក៏ចាស់ដែរ អរគុណ ​បានអានហើយដូចជាធូរអារម្មណ៍មួយយ៉ាងល្អ
imnarasa
ខ្ញុំស្រលាញ់ ពេញចិត្ត ខ្ញុំនិងធ្វើអ្វីមួយ ជាយុត្តិសាស្ត្ររក្សា តែមិនមែនជាការហួងហែងទេ!