ភាវៈនៃចិត្តស្ងប់ កើតពីចំណេះដែលចេះស្វែងយល់ពីធម្មជាតិពិត

V
vannlyda
![FB_IMG_1541812052049.jpg](https://serey.io/imageupload_data/08f8ad5aa481c7d4cf636e0ccc1666ead0bc6f37) សុំនាំរឿងមួយ ដើម្បីជាទិដ្ឋានុគតិ(សុំអនុញ្ញាតិនិងសូមខមាទោស) មានភិក្ខុសង្ឃមួយអង្គទេសនាល្បីល្បាញណាស់ នៅក្បែរវត្តលោក មានហាងលក់ចានឆ្នាំងមានកូនក្រមុំយ៉ាងស្រស់សោភាមួយ។ ថ្ងៃមួយស្រាប់តែម្តាយនាងដឹងថានាងមានទំងន់ ពួកគាត់បានបង្ខំឲ្យនាងឆ្លើយប្រាប់ថាតើអ្នកណាជាឪពុករបស់ក្មេងនោះ?... ស្រាប់តែនាងប្រាប់ថា គឺលោកសង្ឃដែលទេសនាល្បីល្បាញនោះឯង។ ម្តាយឪពុកនាងខឹងជាខ្លាំង ពួកគាត់បានលើកគ្នាទៅផ្តាសាលោក យឹស!អាអ្នកល្បី ធ្វើឯងពូកែប្រដៅគេមាំណាស់ ! មកសំងំបំផើមកូនអញហើយនៅដើរទេសន៍ធ្វើឲ្យព្រងើយ!ម៉ាអាត្រងោលអត់សីល..! ភិក្ខុកម្លោះស្រាប់តែពោលដោយញញឹមថា អីចឹងឬ? តាយាយហួសចិត្តនាំគ្នាចង្អុលមុខលោកហើយក៏នាំគ្នាទៅផ្ទះអស់ទៅ។ កន្លងបាន៩ខែដប់ថ្ងៃ ទារកគ្រប់ទសមាស ក៏កើតចេញពីផ្ទៃម្តាយមក ជាទារកប្រុសយ៉ាងស្រស់ស្អាត ស្អែកឡើងយាយតាបានបីចៅទៅវត្ត បោះចៅព្រូសនៅមុខលោក យកទៅឯង! កុំមកសំងំធ្វើកម្លោះ អញមិនមែនខ្ញុំកូនឯងទេវើយ!។ លោកពោលតបថា អីចឹងឬ? ហើយក៏ចាប់ក្មេងនោះមកបីលួងកុំឲ្យស្រែកយំ ឯយាយតាថាហើយក៏នាំគ្នាទៅវិញអស់ទៅ...។ លោកត្រូវអ្នកស្រុកជេរប្រមាទ គេលែងនិមន្ត លែងរាប់រក ទោះលោកទៅបិណ្ឌនៅទីណាក៏មិនបានបាយសូម្បីតែមួយវែក! លោកត្រូវតស៊ូ ដើរសុំទឹកដោះពពែគេ យកមកបញ្ចុកទារកខ្លះយកអង្ករបបរយកទឹកបញ្ចុកខ្លះ---។ ថ្ងៃខែកន្លងផុតទៅ មិនយូរប៉ុន្មានកុមារាដ៏ស្រស់ស្អាត បានចេះរត់លេងចេះហៅឪពុកថាប៉ាៗទៀតផង។ យាយតាចេះតែលឺពាក្យចចាមអារាមថាចៅគួរឲ្យស្រឡាញ់ណាស់ ពួកគាត់បានលបទៅលួចមើលចៅជាញឹកញាប់ រហូត។ ចំណែកកូនស្រីដឹងថាម៉ែឪស្ងប់កំហឹងគ្រាន់បើហើយ ទើបបង្ហើបប្រាប់ពីការពិត ,តាមពិតឪពុករបស់កូននោះគឺជាកម្លោះនេសាទម្នាក់នៅមាត់ស្ទឹងឯណោះសោះ! នាងបានស្រឡាញ់គ្នាពេលទៅបោកគក់ខោអាវ។តាយាយស្រែកភ្លាត់សម្លេង!ហេតុអីឯងមិនប្រាប់ពួកអញឲ្យត្រង់ ម្តេចទៅទំលាក់កំហុសដាក់លោកដែលមិនដឹងខ្យល់អីទៅវិញ? នាងនោះតប បើខ្ញុំឆ្លើយការពិត លោតែពុកម៉ែទៅសម្លាប់ប្តីខ្ញុំ បើទំលាក់កំហុសដាក់លោកៗចិត្តល្អច្បាស់ជាមិនប្រកែកហើយពុកម៉ែក៏មិនហ៊ានធ្វើអ្វីដល់លោកដែរ។ តាយាយស្តាប់ហើយសឹងសន្លប់នាំគ្នារត់យ៉ាងលឿនសំដៅវត្ត ទៅដល់លត់ជង្គង់ថ្វាយបង្គំលោកគ្រឹបសុំខមាទោសលោកតាមសាច់រឿងចប់សព្វគ្រប់លោកបានស្តាប់ហើយក៏ពោល អីចឹងឬ? ពួកតាយាយនាំគ្នាសុំចៅពីលោកវិញ លោកក៏ពោលទៀតថា អីចឹងឬ? ហើយក៏លើកកុមារនោះ ឲ្យទៅតាយាយវិញដោយឥតបញ្ចេញវាចាអ្វីទាំងអស់លោកនិមន្តចូលកុដិវិញដូចអត់មានរឿងអ្វីកើតឡើងទាំងអស់។ នេះហើយជាភាវៈនៃអ្នកមានចិត្តស្ងប់ លោកត្រូវទទួលអកុសលវិបាកយ៉ាងធ្ងន់ធ្ងរ ត្រូវចិញ្ចឹមទារកផងត្រូវគេជេរប្រមាទមិនឲ្យអាហារផង តែលោកដឹងក្នុងចិត្តច្បាស់ ថាការពិតគឺនៅតែជាការពិត រឿងឥតប្រយោជន៍ខ្លះមិនចាំបាច់ត្រូវព្រួយឬក្តៅក្រហាយអ្វីឡើយ ការពិតយូរឬឆាប់គង់នឹងត្រូវបើកកកាយជាមិនខាន។ ជីវិតមនុស្សតែងជួបផលលំបាកជាធម្មតា ឆ្លងកាត់ការពិតហើយគង់នឹងធម្មតាជាមិនខាន ញាតិមិត្តផ្អើលនាំគ្នាមកខមាទោសលោក ដំណឹងនេះ បានដឹងដល់ព្រះរាជា ស្តេចយាងមកនិមន្តលោកឲ្យធ្វើជារាជគ្រូបង្រៀនដល់ព្រះរាជឱរសឲ្យហាត់អត់ធ្មត់យកលោកជាគំរូតទៅ។ ក្រោយពីទទួលអំណានរឿងបែបនេះហើយ តើយើងនៅគិតថាមានរឿងអី ដែលថាហួសហេតុជាងនិងទៀត ដែលយើងតែងតែផ្តាសា ខឹងគេខឹងឯង មួម៉ៅក្តៅក្រហាយ ហើយស្រែកវាហួសហេតុពេក គ្មានពីណាទ្រាំបាន គួរឲជេរគួរឲវាយ ។ល។ ប៉ុន្តែយើងមើលភិក្ខុជាតួអង្គ ដែលគ្មានទំនាក់ទំនងអ្វីសោះ ត្រូវគេចោទជារឿងទោសធំជាងគេនៃអាបត្តិរបស់សង្ឃបន្ទាប់ពីសម្លាប់មនុស្ស តែលោកបែជាមិនភ្ញាក់ផ្អើលសូម្បីបន្តិច! ថែមទាំងចិញ្ចឹមទារកដោយក្តីមេត្តាទៀតផង។ ចំណេះដែលខ្ពស់បំផុតគឺជាចំណេះដែលនាំឲ្យមានការអត់ធន់ ចំណេះដែលកាត់បន្ថយភាពអាត្មានិយម ដើម្បីឲ្យយើងអាចរស់នៅលើពិភពលោកនេះបានងាយស្រួល វាជាក្តីប៉ងប្រាថ្នាដ៏ធំទូលាយរបស់មនុស្សដែលមានការភ្ញាក់រលឹក ចំណេះបែបនេះត្រូវបានឆ្លងកាត់ការយល់ដឹងតែពីខ្លួនឯងតែប៉ុណ្ណោះ ។ មានតែការធ្វើចិត្តខ្លួនឲដូចជាទឹកទេទើបប្រសើរ ទឹកអាចពន្លត់ភ្លើងតែភ្លើងមិនអាចដុតទឹកបានឡើយ។ ការខុសរឺត្រូវ ល្អអាក្រក់ ទោះមនុស្សធម្មតា មិនអាចបែងចែកវាច្បាស់តែពពួកចតុលោកបាលឬសក្កទេវត្តាទ្រង់បែងចែក សនិងខ្មៅបានច្បាស់ណាស់។ ការពិតនៅតែជាការពិត មិនអាចបំភ្លៃបានទេ។ ពន្លឺជីវិតនឹងភ្លឺច្បាស់ បើសិនជាអ្នកមានជំរើសត្រឹមត្រូវ គេមិនអាចស្តាប់ឮសម្លេងពិតរបស់ធម្មជាតិបានទេ បើភាពអ៊ូអរក្នុងចិត្តនៅតែមាន ! ។![tumblr_njitu7bndf1u34kfbo1_1280.jpg](https://serey.io/imageupload_data/8c0863b089ee6ab1d8caa1b4b5bff8127dcb2703) #ស័ង្ហ

Comments

pov
បងបានរឿងនិងពីណា​ អានហើយស្ទើស្រក់ទឹកភ្នែក ទាំងលោក​ ទាំងទារកគ្មានកំហុសសោះ បែត្រូវរងទុក្ខ ខ្ញូុំអាចវិនិច្ឆ័យថា ព្រះសង្ឃនោះជាព្រះអរហន្ត​ ទើបអាចធ្វើចិត្បែបនិងបាន
wondercury
គ្មានអ្វីប្រសើរជាងការធ្វើជាទឹកទេ ទឹកអាចពន្លត់ភ្លើងតែភ្លើងមិនអាចដុតទឹកឡើយ។ ខុសរឺត្រូវ ល្អអាក្រក់ ទោះមនុស្សមិនអាចបែងចែកវាច្បាស់តែសក្កទេវត្តាទ្រង់បែងចែក សនិងខ្មៅបានច្បាស់ណាស់។ ការពិតនៅតែជាការពិត មិនអាចបំភ្លៃទេ។
business
រឿងវិសាមញ្ញអ្នកបានពន្យល់រឿងនេះយើងអាចយកអ្វីដែលមានប្រាជ្ញា។ អរគុណសម្រាប់ការចែករំលែកល្អបំផុត