មេឆ្លាត តែងទទួលបានប្រវត្តិសាស្ត្រល្អ
មេគ្រួសារ ឬប្រមុខជាតិទាំងមូល បើគ្មានចំណេះដឹងគ្មានសមត្ថភាព ប្រៀបដូចជាក្រុមល្ខោនមួយក្រុម ដែលនាំគ្នាសម្តែងរឿងម្តងឆាកកំប្លែង ម្តងឆាកកំសត់ ម្តងត្រូវចុះសុំទានគេក្រៅឆាក ម្តងឆាកឃោរឃៅកាប់សម្លាប់គ្នាឯង ។
ចំណេះអាចជួយដោះស្រាយភាពល្ងង់ខ្លៅបានគ្រប់ពេលវេលា កុំនៅតែមានះផ្កាប់មុខ មិនព្រមទទួលស្គាល់សមត្ថភាពខ្លួននិងត្រូវបន្ថែមអ្នកមានសមត្ថភាពទៀត ទើបហៅថា ជាមេជាប្រមុខរដ្ឋាដ៏ឆ្លៀសវៃ មិនមែនម្តងញេញធ្មេញម្តងញាក់ចិញ្ចើមដាក់គ្នាឯង មិនដឹងដើមមិនដឹងចុងមិនដឹងកន្លែងបញ្ចប់រឿងរ៉ាវ មិនបានត្រួតពិនិត្យដោយសាចំណេះចេះស្ទើ បានជាភ្លេចថា គ្រាន់តែសណ្តកដែកគោលតែមួយ ក៏នាំឲ្យទ្រនាប់ជើងសេះរបូត ហើយសេះត្រូវខ្ចកជើងរត់មិនរួច ទើបចាញ់សង្គ្រាមត្រូវប្រគល់ទឹកដីឲ្យទៅគេ ហើយប្រជារាស្ត្រត្រូវធ្វើជាទាសករ ( កុំគិតថាកំហុសតូចតាចឥតផលឲ្យសោះ )។
អ្នកខ្លាំងពិតប្រាកដតែងមានភាពអត់ធ្មត់ជាត្រីមុខ ការចេះអត់អោនលើកលែងទោស ថ្វីត្បិតមិនអាចកែប្រែអតីតបាន តែវាបានល្អប្រសើរនៅអនាគត បែបនេះហើយលោកហៅថាបញ្ញា។
មនុស្សមានបញ្ញាចេះធ្វើឲ្យចិត្តខ្លួនមានក្តីសុខ អ្នកជុំវិញខ្លួនក៏ទទួលបានភាពស្ងប់ សុខសូម្បីជាមួយរឿងដែលមិនគួរមានក្តីសុខ ក៏អ្នកមានបញ្ញាតែងបង្វែព្រឹត្តិការណ៍ឲមកស្ថិតក្នុងក្របខ័ណ្ឌសុភមង្គលវិញបាន ។ ផ្ទុយពីមនុស្សល្ងង់( ដូចនៅម្នាក់ម្ខាងផែនដី) មនុស្សល្ងង់អាចធ្វើឲ្យចិត្តខ្លួនកើតទុក្ខបាន អ្នករស់ក្បែរខ្លួនកើតទុក្ខបាន សូម្បីជាមួយរឿងដែលមិនគួរមានទុក្ខ(ជាអតិពាលោខោ ល្ងង់ហើយពូកែសន្សំរឿងទៀត)។
សភាពនៃបញ្ញាពុំត្រូវកំណត់ដោយសញ្ញាប័ត្រធំឬច្រើននោះទេ
ហើយបើខ្លួនជាមេនៃក្រុមមួយ ចាំបាច់អ្នកត្រូវតែឆ្លាតដោយសុភវិនិច្ឆ័យថា មនុស្សតែងមានគំនិតរៀងៗខ្លួន គេមិនដើរតាមផ្លូវគំនិតយើងមិនមែនមានន័យថាគេវង្វេងផ្លូវនោះទេ ភារៈរបស់យើងជាមេត្រូវធ្វើតែអំពើល្អ ទៅកាន់អ្នកក្រោមឱវាទគ្រប់គ្នាទើបពេលចាស់ស្លាប់ទៅវាមិនស្តាយក្រោយ ថែមទាំងត្រូវបានគេចារឹកទុកជាប្រវត្តិសាស្ត្រយ៉ាងល្អថែមទៀតផង ៕
សូមអភ័យទោស សូមអរគុណ

#ស័ង្ហ

