លោកនាអនាគត ម្នាក់ៗត្រូវបន្ថែមថាមពលឲចិត្តជារឿយៗ ទើបទប់ទល់បាន

V
vannlyda
វិទ្យុមួយដែលគេមិនបានបើកថាមពល(Power)វាមិនឮសម្លេងគឺនៅស្ងៀមទ្រឹងមួយកន្លែង ជីវិតមនុស្សក៏ដូចគ្នា បើគេមិនចេះបើកយកឋាមពលវាចេញមកប្រើទេ ជីវិតគ្មានអ្វីប្រែប្រួលឡើយ ! ចិត្តស្ងប់ មិនគិតរាយមាយ ហើយគិតផ្តោតទៅលើកិច្ចការអ្វីដែលខ្លួនពេញចិត្ត រួចព្យាយាមធ្វើតាមយុទ្ធសាស្ត្រដែលខ្លួនបានគ្រោងទុក នេះហើយគឺជាការបើកឋាមពលជីវិតរបស់ខ្លួន ព្រោះបន្ទាប់មកឋាមពលចក្រវាឡនិងឋាមពលចិត្តផ្ទៃបាត(Subconscious) នឹងចូលរួមជួយជ្រោមជ្រែងកិច្ចការរបស់អ្នកឲ្យមានភាពរលូន(Synchronize)ទៅមុខជានិច្ច ត្រាតែបានដល់គោលដៅជោគជ័យ ។ ឧបសគ្គខ្លះៗក្នុងកិច្ចការតែងតែត្រូវរលាយបាត់ទៅវិញ ដោយសារអំណាចផលបុណ្យ(ចិត្តល្អ)ដែលអ្នកបានបំពេញថ្មីៗជាបន្តទៀត ។ « ដោះស្រាយផលកម្មចាស់ - សាងកម្មថ្មី - ប្រកបដោយបញ្ញានិងការព្យាយាម » គឺជាកាតព្វកិច្ចតាមផ្លូវជីវិត ។ អ្នកមានបំផុតក៏ជាមនុស្ស អ្នកក្របំផុតក៏ជាមនុស្ស ចម្លើយមាននៅខាងលើនេះស្រាប់ហើយ ! ។ រឿងពិតក្នុងបច្ចុប្បន្នភាព ! ១- ចំណូលច្រើនតែចិត្តមិនស្ងប់ ចំណូលតិចពេកដេកកើតទុក្ខ ។ ២- សញ្ញាប័ត្រកាន់តែខ្ពស់ ចិត្តទូលាយកាន់តែតិច ចិត្តចង្អៀតកាន់តែខ្លាំង ។ ៣- មានផ្ទះធំបែរជាមានសមាជិកតិច មានមិត្តក្នុងហ្វែសបុកច្រើន តែរកមិត្តចិត្តមួយថ្លើមមួយគ្មាន ។ ៤- បញ្ញាកាន់តែខ្ពស់ ការអាណិតអាសូរកាន់តែតិច ។ ៥- ព្រោះតែឲ្យតំលៃពេលវេលា ធ្វើឲ្យមនុស្សដែលខ្លួនស្រឡាញ់ឯកោគ្រប់គ្នា ។ ៦- សុខចិត្តអង្គុយមើលលោកខែ តែមិនមើលមនុស្សក្បែរខ្លួន ។ ៧- សិទ្ធិមនុស្សកាន់តែខ្លាំង ភាពជាមនុស្សកាន់តែតិច ។ ៨- Crushកាន់តែច្រើន ស្នេហ៍ពិតកាន់តែតិច (Crush មនុស្សតាមយកចិត្ត) ។ ៩- ថ្នាំផលិតកាន់តែច្រើន បំផ្លាញសុខភាពកាន់តែខ្លាំង ។ មនុស្សសព្វថ្ងៃកំពុងតែជាប់អន្ទាក់ក្នុងការគិតខុសខ្លាំងណាស់ មានតែព្រះធម៌ទេទើបអាចជួយស្រាយចំណងនេះបាន ។ មនុស្សរឹងមាំ តែងមានសេចក្តីស្រឡាញ់ច្រើន មានការលះបង់ខ្ពស់ ចេះព្រលែងចោល ចេះដើរចេញ ហើយព្យាយាមសារជាថ្មី គ្មានថ្ងៃដែលជីវិតអាចជិះជាន់គេបានឡើយ ! ។ ព្រោះបើគេអាចបដិសេធការឈឺចាប់បានហើយ តើនៅមានអ្វីអាចគ្រប់គ្រងចិត្តគេបានទៀតទៅ ? គេមកកាន់ផែនដីនេះ គឺដើម្បីរកផ្លូវដើរដោយខ្លួនឯង បើដើរបានដោយសារតែការបង្ហាញផ្លូវពីអ្នកដទៃ នោះមួយជីវិតគ្មានថ្ងៃរកក្តីសុខឃើញឡើយ ។ ១- រៀនមើលពីភាពខ្វះខាតរបស់ខ្លួនឯងហើយខិតខំបំពេញបន្ថែម ប្រសើរជាងការតាមមើលភាពខ្វះខាតរបស់អ្នកដទៃ ។ ២- បើអ្នកពិតជាស្រឡាញ់ខ្លួនឯងពិតមែន អ្នកនឹងមិនហ៊ានគិតអាក្រក់ និយាយអាក្រក់ ធ្វើអាក្រក់នោះទេ ព្រោះអំពើអស់នេះ សុទ្ធតែជាអំពើបំផ្លាញខ្លួនឯង ។ ៣- បើផ្លាស់ប្តូរជីវិតមានការលំបាក ផ្លាស់ប្តូរខ្លួនឯងឲ្យក្លាយជាមនុស្សខ្លាំងវិញទៅ ។ ![15x21 p.jpg](https://serey.io/imageupload_data/432c3961e84721a23957ea6539ccfd28ef8d6716)

Comments

wondercury
គ្មានអ្វីសំខាន់ជាងកំលាំងចិត្តហើយពិបាករកជាងកំលាំងចិត្តទេបងអើយ។