ការបញ្ចូលគំនិតទៅនិងការសិក្សា
គិតឃើញថាវាសនាអាក្រក់នៅពេលដែលចិត្តគេមានស្នាមប្រឡាក់ គិតឃើញថាវាសនាល្អនៅពេលចិត្តគេបរិសុទ្ធ វាសនាល្អអាក្រក់កើតមកពីចិត្តគិតទាំងអស់ ។
ជីវិតគឺនិយាយពីការឲ្យនិងការយក អ្នកមិនអាចឲ្យគេអាក្រក់ហើយសង្ឃឹមថាបានល្អពីគេមកវិញនោះទេ តាមរយៈភាពឈា្លសវៃមនុស្សសុទ្ធតែអាចផ្លាស់ប្តូរបាន ។
ឋាមពលជីវិតគឺខ្លាំងក្លាណាស់ ! វារត់លើបន្ទាត់តែមួយដែលផ្លាស់ប្តូរតាមរយៈឆ័ត្រជីវិតដ៏ពិសិដ្ឋមុននឹងក្លាយទៅជាមនុស្សពេញលក្ខណ។ គំនិតគឺជាឋាមពលនោះហើយ វាជួយតំរង់ជីវិតឲ្យមានភាពត្រឹមត្រូវ រួចហើយរាលដាលទៅកាន់ជីវិតដទៃទៀតតាមបាតុភូតកញ្ចក់ ។ តំលៃពេលវេលាគឺឋិតនៅលើការចេះពេញចិត្តរស់នៅជាមួយខ្លួនឯង ហើយរីករាយជាមួយអ្វីដែលខ្លួនមាន ។
នៅសកលវិទ្យាល័យហាវឺតគេបានសិក្សាទៅលើនិស្សិតដែលបានបែងចែកជាពីរក្រុម ៖
១- ក្រុមទីមួយនេះគេពន្យល់តែពីសេចក្តីសុខ ភាពរីករាយត្រេកត្រអាល បើអ្នករៀនចប់ អ្នកនឹងបានសញ្ញាប័ត្រធ្វើការមានប្រាក់ខែច្រើន បានដើរលេងជុំវិញពិភពលោក មានការងារល្អមានគេស្រឡាញ់គោរពរាប់អាន មានសម្លៀកបំពាក់ថ្លៃៗ មានវីឡាឡានទំនើបៗប្រើយ៉ាងសុីវិល័យបំផុត ។
២- ក្រុមទី២គេពន្យល់ថា ជីវិតនេះគឺលំបាកណាស់ រៀនយ៉ាងលំបាក ពេលចេញពីរៀនត្រូវស្វែងរកការងារយ៉ាងលំបាក ខ្លះត្រូវគ្មានការងារធ្វើពីរបីឆ្នាំទើបរកបាន ខ្លះត្រូវធ្វើការងារតូចតាចដើម្បីចិញ្ចឹមជីវិតទាំងដែលខ្លួនមិនចូលចិត្ត ។ លោកនេះមិនមែនចេះតែរស់នៅមានក្តីសុខរហូតនោះទេ រស់នៅមួយថ្ងៃលំបាកជាងមួយថ្ងៃ ! មានតែការអត់ធន់ប៉ុណ្ណោះទើបតស៊ូរស់នៅបាន ។ លុះ៥ឆ្នាំក្រោយមក លទ្ធផលដែលទទួលបានគឺ ក្រុមទីមួយកើតជំងឺធ្លាក់ទឹកចិត្ត អស់សង្ឃឹម ព្រួយបារម្ភច្រើនដល់ទៅ៤០% និងធ្វើអត្តឃាត៤% ហើយ ២០%មានវិបត្តិចរិតលែងមានមនោសញ្ចេតនាជាមួយម៉ែឪបងប្អូនយកលុយជាធំគ្មានការសណ្តោសអ្នកណាឡើយ ។ ចំណែកក្រុមទីពីរ គេលើកគ្នាមកថ្លែងអំណរគុណសាលាយ៉ាងគគ្រឹកគគ្រេង «អរគុណលោកគ្រូ ! ដែលបានប្រាប់ការពិតដល់ពួកខ្ញុំឲ្យពួកខ្ញុំមានការយល់ដឹងពីការពិតរបស់ជីវិត»ពេលខ្ញុំបានជួបទុក្ខលំបាក ពួកខ្ញុំបែរជារីករាយហើយនឹកដល់ពាក្យសម្តីលោកគ្រូជានិច្ច ។ ពេលប្រជុំនាយកសាលាបានប្រកាសថា ៖ ខ្ញុំមិននឹកស្មានសោះថា ព្រះពុទ្ធបានបំលែងគំនិតអវិជ្ជមានទៅជាវិជ្ជមានទទួលបានលទ្ធផលល្អប្រសើរយ៉ាងនេះសោះ ! សង្គមឥណ្ឌាគេបានប្រើបច្ចេកទេសនេះរាប់ពាន់ឆ្នាំមកហើយ មេរៀនរបស់ព្រះពុទ្ធគឺបង្រៀនតែទុក្ខសោករបស់ជីវិតដែលពីមុនខ្ញុំបានគិតថាវាជាគំនិតប្រតិកិរិយា ! ។ ទីបំផុតពាក្យដែលធ្វើបាបយើងគឺ អញ !របស់អញ ស្រឡាញ់ ស្អប់ ទើសចិត្ត គាប់ចិត្ត អំនួតក្អេងក្អាង សុខទុក្ខ ប៉ុន្តែដោយសារតែពាក្យនេះហើយទើបយើងរកសុខឃើញ ដោយត្រូវចេះផ្លាស់ប្តូរវា ។
អ្នកមិនអាចមានសេរីភាពបានទេដរាបណាអ្នកមិនទាន់បានរំដោះខ្លួនពីគុកនៃគំនិត ត្រូវចេះបញ្ចប់គំនិតនៅពេលដែលកិច្ចការបានដោះស្រាយរួចហើយ ! ចប់ ! ៕

