ច្រណែនជាហេតុនៃទុក្ខ១ក្នុងចំណោមហេតុនៃក្តីទុក្ខនាៗ
នៅពេលមានគេសរសើរថាខ្លួនល្អ ខ្លួនជាអ្នកចេះដឹងអស្ចារ្យជាងគេ ពេលនោះយើងរីករាយ ហើយមានចិត្តស្រឡាញ់អ្នកសរសើរនោះភ្លាម ប៉ុន្តែនៅពេលឮគេសរសើរមនុស្សដែលយើងមិនពេញចិត្ត ថាគេនោះល្អ គេចេះដឹងខ្ពង់ខ្ពស់ យើងបាត់បង់ភាពរីករាយភ្លាម ហើយទុក្ខវេទនាបានកើតឡើងក្នុងខ្លួនយើងមួយរំពេចដែរ នេះជាប្រតិកម្មចិត្តរបស់មនុស្សដែលគ្មានការភ្ញាក់រលឹក បើជាមនុស្សមានស្មារតី គេនឹងរីករាយត្រេកអរតាមភ្លាម ព្រោះគេបានអប់រំចំរើនមុទិតាចិត្ត(ការត្រេកអររីករាយតាមនៅពេលដឹងថាអ្នកដទៃរុងរឿង) ។
គេតែងបួងសួងសូមឲ្យមនុស្សទាំងអស់បានរីករាយសុខសប្បាយ ហេតុអីគេក្លាយជាមនុស្សមានកំហឹងនិងច្រណែនអ្នកដទៃ ? គេដឹងច្បាស់ណាស់ថា ធម្មជាតិនៃចិត្តច្រណែនតាមច្បាប់ស្រូបទាញគឺវាបដិសេធភាពរុងរឿង ច្រានចោលរលកសញ្ញាវិជ្ជមាន នាំឲ្យបាត់បង់សេរីសួស្តី ចិត្តប្រភេទនេះដូចច្រែសសីុដែក ច្រែសកើតពីដែកហើយបំផ្លាញដែក ហេតុនេះគេត្រូវបង្វែរចិត្តច្រណែនមកជាចិត្តរីករាយត្រេកអរតាមភ្លាម ចំពោះអ្នកមានស្មារតីភ្ញាក់រលឹកដឹងទាន់ ! ។
ច្រណែនជាចិត្តក្មេងឆោតល្ងង់ ! ឈ្នានីសជាចិត្តឬស្យា ! ព្យាបាទជាពៀរវេរា ! ត្រូវតែប្រយុទ្ធដើម្បីផ្លាស់ប្តូរមកជាចិត្តមេត្តា ករុណា មុទិតា និងឧបេក្ខាវិញ ! ។


