បន្តអភិវឌ្ឍន៍ខ្លួនឲស្របដំណើរធម្មជាតិ
ខ្ញុំសូមបួងសួង ឲ្យនាំគ្នាថែរក្សាផែនដីដែលមានស្រាប់ជាជាងនាំគ្នាបង្កើតផែនដី ! ។
បើទោះជាខ្ញុំដឹងថា ថ្ងៃស្អែកផែនដីនឹងត្រូវផ្ទុះបែកជាបំណែក ក៏ខ្ញុំនៅតែដាំដើមឈើដែរ នៅតែអោបផែនដីដែលជាមរតកដូនតាជាទីស្រឡាញ់របស់ខ្ញុំ ហើយមាត់ខ្ញុំនិងភាវនាថា"ពុទ្ធោ"ពាក្យភាវនានេះ មិនមែនដើម្បីសំរន់ការភ័យខ្លាចនោះទេ គឺ ដោយសារតែការរីករាយជ្រះថ្លានិងការពេញចិត្តចំពោះការយល់ដឹងរបស់ព្រះពុទ្ធ ហើយខ្ញុំបានប្តេជ្ញាចិត្តដើរតាមព្រះយុគលបាតរបស់ព្រះអង្គលុះអវសាន្តជាតិ ! ។

ទោះថ្ងៃនេះមេឃមីស្រទំ តែគ្មានអីត្រូវយំត្រូវស្រណោះស្រណោក ព្រោះបានដឹងយ៉ាងច្បាស់! ដឹងថាព្រះអាទិត្យកំពុងតែរះទេតើ! គ្រាន់តែមេឃក្រាលដោយពពកក្រាស់ ជារដូវកាលនៃបរិយាកាសខែត្រជាក់ តាមពិតថ្មើណេះថ្ងៃរះកាន់តែតែខ្ពស់ណាស់ទៅហើយ ! ប្រញាប់រៀបចំធ្វើកិច្ចការអ្នកបន្តទៀតចុះ ទៅសិក្សារៀនសូត្រសិក្សាឲជីវិតមានវិន័យ រកកម្រៃផ្គត់ផ្គង់ជីវភាព នាំគ្នាអានទៅទំព័រមុខនៃជីវិតតទៀត កុំនៅទ្រឹងដដែល ព្រោះជំពូកថ្មីៗកំពុងរង់ចាំការអានរបស់អ្នក ចេះពិភាក្សាពីបញ្ហាជីវិត រកផ្លូវជាទីពឹង កុំឲ្យវង្វេងជាមួយពិភពលោកនៃការប្រែប្រួលយ៉ាងធម្មតាមួយនេះ ។
ពេលជំរាបលាចូលមកដល់ កុំស្រណោះ ហើយក៏កុំត្រេកអរ គ្មាននរណាម្នាក់រួចពីចំណងបែបជួបគ្នាហើយបែកគ្នានៅថ្ងៃក្រោយនោះទេ ។

សូមអស់លោកអ្នក បានសម្រេចក្តីប៉ងប្រាថ្នារៀងៗខ្លួនផងចុះ! តែកុំភ្លេចថា ថាមពលចក្រវាឡស្ថិតនៅក្នុងខ្លួនអ្នកជានិច្ច សូមត្រឹមតែចេះធ្វើចិត្តឲ្យរីករាយហើយធ្វើការប៉ងប្រាថ្នា នោះថាមពលចក្រវាឡនឹងបំពេញការអស្ចារ្យរបស់វាជាមិនខានទេ ត្រូវចេះរង់ចាំកុំអន្ទះសារដែលនាំឲ្យហ្រ្វេកង់រលកសញ្ញារួញអង្កាញ់ ជាហេតុក្រឲ្យផល ។
ម្យ៉ាងវិញទៀតត្រូយល់ដឹងថា សាសនាដែលល្អ គឺមានថាមពលជាប្រព័ន្ធ ដែលអាចរៀបចំឲ្យវប្បធម៌និងវឌ្ឍនធម៌ ក្លាយជាសង្គមជឿនលឿនទៅបាន តាមដំណើរដែលរីកចំរើននិងដំណើរការរក្សា ៕

*នុត ស័ង្ហ

