ទុក្ខក្នុងសុខ ខុសពីសុខក្នុងទុក្ខ
ពិភពលោកនេះ គឺជាការហូរទៅជាប់មិនដាច់នៃចរន្ដរូបធាតុជីវគីមីក្នុងលំហនៃសកលចក្កវាឡតែប៉ុណ្ណោះ ហេតុនេះ គឺមិនមានរូបធាតុណាមួយនៅឈប់ស្ងៀមទ្រឹងនោះឡើយ ។ ការប្រែប្រួលជានិរន្ដន៍នេះ បានធ្វើឱ្យធម្មជាតិផ្លាស់ប្ដូរសម្បូរបែប និងវិនាសទៅវិញបន្តបន្ទាប់ជាធម្មតា ។
ហេតុនេះសត្វណាមិនយល់ពីវិបរិណាមធម៌ (សភាពនៃប្រែប្រួល) នេះក៏រមែងលិចចុះក្នុងទុក្ខ អ្នកខ្លះត្រូវបាត់បង់តំណែង ឋានៈ តួនាទី ព្រាត់ប្រាស់ចាកសត្វសង្ខារជាទីស្រឡាញ់ក៏ប្រែជាខូចចិត្ត ខ្លះគិតច្រើនទៅជាកើតជំងឺធ្លាក់ទឹកចិត្ត ខ្លះទៅចងក លោតទឹក លេបថ្នាំសម្លាប់ខ្លួន ស្លាប់អាសារឥតការក៏មាន ។
ចិត្តនរណាដែលមានបញ្ញាមុតស្រួច ឃើញច្បាស់នូវការពិតរបស់ធម្មជាតិ រមែងតែងតែមិនចាញ់កលនៃការបោកប្រាស់របស់ធម្មជាតិ ពេលនោះហើយសន្តិភាពនៃចិត្តក៏បានកើតឡើង ។
ជីវិតគឺជាសមិទ្ធផលនៃធម្មជាតិ ត្រូវម្ចាស់គេយកទៅវិញថ្មើរណាក៏យើងមិនចាំបាច់រត់គេចទៅណាឡើយ ព្រោះក្នុងខ្លួនយើងមានមច្ចុរាជស្ថិតនៅក្នុងនោះស្រេចទៅហើយ ។ ពិភពលោកនេះគឺជាលោកនៃសេចក្ដីស្លាប់នេះឯង ការចេះគិតពិចារណាពីសេចក្ដីស្លាប់របស់ខ្លួន គឺជាកំពូលគុណធម៌ដែលអាចនាំទៅដល់សុខសន្តិភាពជានិរន្តរ៍បាន ។
ម្នាក់ៗអាចចាកចេញពីជីវភាពបាន តែជីវភាពមិនអាចចាកចេញពីជីវិតម្នាក់បានឡើយ ទើបជីវិតគឺជាប្រភពនៃបញ្ហានោះឯង ។ ទុក្ខគឺជាភារៈដ៏ធ្ងន់ពិបាកទ្រាំបាន បញ្ហាណាដែលយើងនៅដោះស្រាយបានគឺមិនទាន់ជាទុក្ខទេ បញ្ហាណាដែលយើងដោះស្រាយមិនបានហើយត្រូវប្រឈមមុខនោះឯងគឺជាទុក្ខ ហេតុនៃទុក្ខគឺតណ្ហា ការដែលចេះតែមិនពេញចិត្តចំពោះអ្វីដែលខ្លួនមាន ភាពមិនចេះឆ្អែតស្កប់ស្កល់របស់ចិត្ត ធ្វើឱ្យចិត្តក្លាយជាក្រ មិនស្គាល់ក្ដីសុខទល់នឹងថ្ងៃស្លាប់ ។
ទុក្ខកើតឡើងព្រោះត្រូវសភាពមិនទៀងបៀតបៀនរឿយៗ ការកំណត់ដឹងនូវទុក្ខថា នេះគ្រាន់តែជាសភាវៈធម្មតានៃធម្មជាតិប៉ុណ្ណោះ ចិត្តកំណត់ដឹងនូវយ៉ាងនេះក៏អស់ឆ្ងល់ ការអស់ឆ្ងល់គឺជាសុខ ។
ធម្មជាតិណាដែលធ្វើឱ្យចិត្តក្រៀមក្រំ សោកសៅ ស្លុតរន្ធត់ ញាប់ញ័រ ភ័យព្រួយ ធម្មជាតិនោះគឺជាទុក្ខ ។
ការត្រិះរិះពិចារណាប្រកបដោយសតិសម្បជញ្ញៈ ឆ្ពោះទៅកាន់មាគា៌ជីវិតដែលជាគោលដៅកាត់បន្ថយនូវទុក្ខ នោះគឺជាការសន្សំសុខ ។ ការកំណត់ដឹងនូវទុក្ខគឺជាសុខ ព្រោះទុក្ខក្នុងសុខ ខុសពីសុខក្នុងទុក្ខ ។
យើងកុំគិតថាមានលុយគឺមានអ្វីៗទាំងអស់ ត្រូវគិតពីពេលវេលាដែលមានលុយ តែមិនអាចទិញបានអ្វីសោះនោះផង ដូចជាលុយមិនអាចទិញចាស់ ឈឺ ស្លាប់ មិនអាចសូកប៉ាន់មច្ចុរាជដើម្បីលោះយកជីវិតខ្លួនបានឡើយ ។
លុយជាខ្ញុំបម្រើដ៏ល្អ តែក៏ជាចៅហ្វាយដ៏អាក្រក់ផងដែរ វាប្រើយើងគ្មានស្គាល់យប់ថ្ងៃ ប្រើទាល់តែធ្លាក់នរកទាំងរស់ក៏មាន ។ ដូច្នេះរាល់មហិច្ឆតាមិនបានញ៉ាំងក្តីសុខពិតនោះទេ ព្រោះសុភមង្គលពិត មិនមែននៅលើការបំប៉ោងតណ្ហានោះឡើយ ៕

@vannlyda

