រឿងគុណតំលៃនៃជីវិត

មានពេលមួយនោះក្មេងស្រីម្នាក់មានការបាក់ទឹកចិត្តយ៉ាងខ្លាំងហើយក៏ទៅជួបលោកយាយរបស់គាត់ដើម្បីសួរទៅកាន់លោកយាយរបស់គាត់ ថាអ្វីជាគុណតម្លៃនៃជីវិតរបស់មនុស្សម្នាក់ៗពិតប្រាកដទៅ។ ពេលលឺហើយលោកយាយរបស់គាត់ញញឹមដោយកែវភ្នែកភ្លឺថ្លា ហើយមិនបានឆ្លើយទៅចៅគាត់ទេ ដោយគាត់បានប្រាប់ចៅស្រីនោះអោយទៅយករូបវត្ថុបុរាណចាស់មួយទៅលក់នៅឯផ្សារ ហើយគាត់បានប្រាប់ចៅគាត់ថាបើមាននរណាម្នាក់សួរថ្លៃវត្ថុនេះ គ្រាន់តែលើកម្រាមដៃបីទៅបានហើយកុំនិយាយអ្វីឲ្យសោះ។ បន្ទាប់ពីបានស្តាប់រួច ក្មេងស្រីនោះក៏បានយកវត្ថុបុរាណនោះទៅលក់នៅផ្សា ហើយមានស្ត្រីម្នាក់បានមកសួរតម្លៃវត្ថុបុរាណនោះ ព្រោះគាត់ចង់ទិញវាទៅដាក់លម្អរនៅក្នុងផ្ទះរបស់គាត់។ ក្មេងប្រុសក៏បានលើកម្រាមដៃបីដោយមិនបាននិយាយអ្វីសោះ។ ឃើញដូចនេះស្ត្រីនោះក៏ថា សាមសិបដុល្លាមែនទេ បើសាមសិបដុល្លាខ្ញុំទិញ។ ក្មេងស្រីនោះក៏បានត្រលប់ទៅផ្ទះ ដើម្បីប្រាប់លោកយាយរបស់គាត់ថាមានស្ត្រីម្នាក់ចង់ទិញវត្ថុបុរាណនេះក្នុងតម្លៃសាមសិបដុល្លា។ តែពេលនោះលោកយាយរបស់គាត់មិនបានតបអ្វីឡើយក្រៅពីប្រាប់ទៅចៅស្រីឲ្យយកវត្ថុបុរាណដដែលនោះទៅលក់នៅហាងលក់វត្ថុអនុស្សាវរីយ៍មួយ ហើយប្រាប់ដដែលទៀតថាបើមានគេសួរតម្លៃគ្រាន់តែលើកម្រាមដៃបីបានហើយកុំនិយាយអ្វីទាំងអស់។ ក្មេងស្រីនោះក៏ធ្វើតាមសម្តីរបស់លោកយាយគាត់ ហើយក៏មានអុំចាស់ម្នាក់នៅហាងវត្ថុលក់វត្ថុអនុស្សាវរីយ៍មកតថ្លៃវត្ថុបុរាណនោះ។ ដោយមិននិយាយអ្វីទាំងអស់ក្មេងស្រីនោះ លើកតែម្រាមដៃបីបង្ហាញបុរសនោះ។ បុរសនោះក៏បាននិយាយថា បីពាន់ដុល្លាមែនទេ? ខ្ញុំទិញ។ ក្មេងស្រីនោះរំភើបយ៉ាងខ្លាំងដែលបានលឺបុរសនោះឲ្យថ្លៃ3000 ដុល្លា រួចក៏ប្រញាប់មករកលោកយាយដើម្បីប្រាប់ថាមានគេឲ្យតម្លៃ 3000 ដុល្លា។ លោកយាយ ក៏បានឲ្យចៅស្រីយកវត្ថុបុរាណដដែលនោះទៅលក់នៅហាងវត្ថុបុរាណមានតម្លៃមួយកន្លែងជាលើកចុងក្រោយ។ ហើយប្រាប់ឲ្យចៅស្រីធ្វើដូចមុន។ ពេលទៅដល់ហាងក្មេងស្រីនោះក៏បានយកវត្ថុបុរាណទៅសួរម្ចាស់ហាង ម្ចាស់ហាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសួរថា តើក្មួយបានវត្ថុបុរាណនេះមកពីណា? ហើយនិយាយថា នេះជាវត្ថុបុរាណដ៏កម្រនៅលើលោក ខ្ញុំត្រូវតែទិញវាឲ្យបាន ហើយក៏សួរតម្លៃវត្ថុបុរាណនោះ។ ក្មេងស្រីនោះក៏បានលើកម្រាមដៃបីបង្ហាញបុរសនោះ។ បុរសនោះក៏បាននិយាយថាយល់ព្រម ខ្ញុំព្រមទិញក្នុងតម្លៃ 30,000ដុល្លា។ ក្មេងស្រីនោះមានអារម្មណ៍រីករាយឥតឧបមានៅពេលលឺបែបនេះ ហើយក៏ត្រលប់ទៅផ្ទះយ៉ាងលឿនដើម្បីប្រាប់លោកយាយគាត់ពីដំណើររឿង។
លោកយាយក៏បានសំលឹងចៅស្រីដោយកែវភ្នែកភ្លឺថ្លារួមទាំងស្នាមញញឹមហើយនិយាយថា ចៅហេ ឥឡូវនេះចៅយល់ឬនៅពីសំនួរដែលចៅបានសួរយាយ?ចៅឃើញទេ វាមិនមែនជាបញ្ហាទេដែលចៅមកពីណា កើតនៅក្នុងគ្រួសារណា សម្បុរអ្វី មានលុយច្រើនប៉ុណ្ណាទេ តែអ្វីដែលសំខាន់នោះ គឺទីកន្លែងដែលចៅកំពុងតែនៅ អ្នកដែលចៅជ្រើសរើសមកដាក់អោយនៅជំុវិញខ្លួនរបស់ចៅទៅវិញទេ។ ចៅអាចគិតថាខ្លួនចៅគ្រាន់តែជាវត្ថុបុរាណដែលមានតម្លៃ 30 ដុល្លា នេះប្រហែលជាចៅបានរាប់អានមនុស្សជាច្រើនដែលឲ្យតម្លៃចៅត្រឹមតែ30 ដុល្លា ព្រោះគេទាំងនោះឃើញតែចំនុចខ្សោយរបស់ចៅ។ ប៉ុន្តែចៅត្រូវចាំហើយចាំទៀតថាមនុស្សម្នាក់ៗសុទ្ធតែមានគ្រាប់ពេជ្រមានតម្លៃនៅក្នុងខ្លួនរបស់គេ។ បើចៅជ្រើសរើសរាប់អានមនុស្សដែលមើលឃើញនូវគុណតម្លៃរបស់ចៅ ចំនុចខ្លាំងរបស់ចៅ នោះចៅនឹងក្លាយជាមនុស្សមានតំលៃ។ចៅស្រី! មនុស្សយើងមានជម្រើសក្នុងការ យកខ្លួនឯងទៅក្នុងផ្សារ យកខ្លួនឯងនៅក្នុងហាងលក់វត្ថុអនុស្សាវរីយ៍ ហើយចៅក៏អាចជ្រើសរើសមើលនូវគុណតម្លៃរបស់អ្នកដទៃបានដូចគ្នា ចៅអាចជួយអ្នកដទៃឲ្យមើលឃើញតម្លៃក្នុងខ្លួនរបស់ពួកគេ ហើយជ្រើសរើសមនុស្សល្អដែលឃើញពីតម្លៃរបស់ចៅឲ្យនៅជំុវិញចៅដោយឆ្លាតវៃ នោះនឹងអាចធ្វើឲ្យជីវិតចៅស្រីមានការផ្លាស់ប្តូរជាវិជ្ជមានជាក់ជាមិនខានណាចៅស្រី៕


