Happiness in family

#សូមរៀនរស់ក្នុងទម្រង់ដែលធ្វើឱ្យយើងមានសុភមង្គល

 

ក្នុងបទបង្ហាញស្តីពី "ជីវិតនិងសុភមង្គលគ្រួសារ "មានបុគ្គលជាច្រើនតែងប្រាប់គេឯងថា ពេញមួយជីវិតនេះ ខ្លួនហាក់គ្មានសុភមង្គលទាល់តែសោះ

ខណៈពួកគេកំពុងតែរស់លើគំនរមាសប្រាក់ ទ្រព្យសម្បត្តិ និងមានអ្វីៗគ្រប់បែបយ៉ាង។

 

ដើមហេតុដែលបណ្ដាលឱ្យបុគ្គលទាំងនេះចេះតែខ្វះសេចក្ដីសុខនិងសុភមង្គលក្នុងសង្គមគ្រួសារ គឺដោយសារ​ពួកគេ​ពុំបាន​កំណត់​ទិស​ដៅ​សុភមង្គលជីវិតឱ្យបានត្រឹមត្រូវ ពិសេសពួកគាត់​ពុំយល់​ពីអត្ថន័យ​នៃសុភមង្គលក៏អាចថាបាន។

 

បើយើងពិចារណាមែនទែនទៅ នៅលើផែនដីយើងនេះ គ្មាននរណា​ម្នាក់ទទួលបានសុខសុភមង្គលពេញមួយជីវិតនោះទេ ហើយក៏គ្មាន​នរណា​ម្នាក់ជួបតែសេចក្ដីទុក្ខវេទនាពេញមួយជីវិតដែរ សំខាន់តើ​យើង​ដឹងថាខ្លួនឯងកំពុងតែរស់ក្នុងពិភពនៃសុភមង្គលឬអត់ ហើយដោយសារ​តែមិន បានកំណត់ព្រំដែននៃសុខសុភមង្គល​ផ្ទាល់ខ្លួនឱ្យបាន​ច្បាស់លាស់​នេះហើយ ទើបបានជាមានមនុស្សមួយចំនួនតែងតែប្រាថ្នា​នេះ ប្រាថ្នានោះ មិនចេះចប់។

 

ដូច្នេះដើម្បីឱ្យជីវិតរស់នៅប្រកបដោយសេចក្ដីសុខ សេរីភាព និងសុភមង្គលពេញលេញ គឺ​អាស្រ័យលើខ្លួន​យើង​ផ្ទាល់​ជា​អ្នក​ជ្រើសរើស។ បើយើងមានតម្រូវការលើស​ពីអ្វីដែលខ្លួនអាចធ្វើបាន ឬមិនស្កប់ស្កល់នឹងអ្វីដែលខ្លួនកំពុងមាន នោះជីវិតយើង​នឹងរស់​ឱបក្រសោបតែទុក្ខពេញមួយជីវិត។ ប៉ុន្តែបើយើងចេះស្កប់ស្កល់ ឬពេញ ចិត្តនឹងអ្វីដែលខ្លួនកំពុងតែមាន នោះជីវិតយើងនឹង​ពោរពេញទៅ​ដោយសេរីភាពនិងសុភមង្គល៕

Comments