ប្រាជ្ញានិងបុណ្យកើតបានដោយសារអ្វី?

![IMG20180529132030.jpg](https://serey.io/imageupload_data/888418c7e82a08b56af2e16b6c189971cf0e41b9) នៅក្នុងសង្គមបច្ចុប្បន្នពោរពេញទៅដោយជីវិតប្រកួតប្រជែង ចង់បាននេះ ចង់បាននោះ មិនដែលចេះស្កប់ រហូតហ៊ានធ្វើទង្វើមិនគប្បីបៀតបៀនទាំងផ្លូវចិត្ត និងកាយអ្នកដទៃទៀតក៏មាន។ អ្នកខ្លះព្រោះតែចង់បានបុណ្យសក្តិ​ខ្ពង់ខ្ពស់ត្រូវ​តែ​បន្ទាបខ្លួនសូកប៉ាន់​ឱន​លំទោន យក​ចិត្តចៅហ្វាយ​គ្រប់ពេល ធ្វើ​យ៉ាង​ណា​តំរូវអោយ​ចៅហ្វាយ​ពេញ​ចិត្តមិនថាចៅហ្វាយ​ចង់​បាន​អ្វីត្រូវការអ្វី ត្រូវ​រក​វត្ថុ​នោះ​មក​ជូន​ចៅហ្វាយ​ឲ្យ​ទាល់​តែ​បាន មិនថាលំបាកយ៉ាងណា។ តើគេធ្វើបែបនេះមកពីគេមិនមានប្រាជ្ញា រឺបុណ្យជាប់ខ្លួន? តាមពិតទៅពាក្យ​ថា **ប្រាជ្ញា** គឺ​ការ​ឆ្លាត​វាងវៃ ប៉ិនប្រសប់ ឆាប់​យល់ មិន​ងាយ​គេ​បោក​បាន ។ល។ ចំនែកពាក្យ​ថា **បុណ្យ** គឺចេតនាសំដៅ​ទៅ​លើ​ទង្វើ​ល្អ​ដែល​អ្នកបាន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត ហើយ​ដោយ​សារ​តែអំពើ​នោះហើយទើបធ្វើអោយមាន សេចក្ដី​សុខសប្បាយ​​កើត​មាន​ដល់អ្នក​ ។អ្នកគួរគប្បីដឹងថាប្រាជ្ញា និង បុណ្យ មិន​ដែល​កើត​មាន​ដោយឯកឯងម្ដង​ណា​ឡើយ ។ លុះត្រា​តែ​អ្នកមានការ **ប្រតិបត្តិ** ទើប​ទទួល​បាននូវប្រាជ្ញានិងបុណ្យ ។ គ្រប់យ៉ាងលើលោកមិនថាជាឋអ្វី​ក៏​ដោយ បើ​អ្នក​មិន​បង្កើត​វា​ទេ ប្រហែល​ជា​វាមិន​អាច​កើត​បានជារូបរាង​ឡើយ ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះពុទ្ធសាសនា​ទ្រង់តែងមាន​គោលជំហរ ក្នុង​ការ​ប្រៀន​ប្រដៅ​និងបង្ហាញផ្លូវមនុស្សលោកដោយផ្អែកលើ **កម្ម​ផល**។ **កម្ម** គឺ​គ្រប់អំពើដែល​យើង​ធ្វើ ដោយ​កាយ​វាចា​ចិត្ត ។ តើជាអំពើ **បុណ្យ** និង **បាប** ។ កាលណា​ដែលយើង​ធ្វើ​អំពើល្អ​ទៅ​លើ​ខ្លួន​យើង​ក្ដី ទៅ​លើ​អ្នក​ដទៃ​ក្ដី ឈ្មោះ​ថា **បាន​ធ្វើ​បុណ្យកុសល** ។ បើ​ធ្វើ​អាក្រក់ ឈ្មោះ​ថា **ធ្វើ​បាប**។ **ផល** គឺ​អ្វី​មួយ​ដែល​ចេញ​មក​ឲ្យ​យើង​ក្រោយពេលដែលយើងធ្វើ **ហេតុ** ។ ឧទាហរណ៍ថា៖ > បើ​យើង​ជួយយកអាសារ​អ្នក​ណាម្នាក់​ក្នុង​ពេល​មាន​វិបត្តិ​ណា​មួយ ឈ្មោះ​ថា​យើង​បាន​ **ធ្វើ​បុណ្យ** ។ ថ្ងៃ​ណា​មួយ​ក្រោយ​មក យើង​មាន​អាសន្ន គេ​នឹង​ជួយ​យើង​វិញ ដោយមិនចំពោះតែបុគ្គលនោះ អាចមានអ្នកផ្សេងទៀតជួយ ។ ត្រង់​នេះ​សរបញ្ជាក់ថា​អោយឃើញ​ថា **ធ្វើ​បុណ្យ បុណ្យ​ជួយ**។ ចុះ​បើ​យើង​មិន​ដែល​ជួយ​អ្នកណាទាល់តែ​សោះ មិន​ដែល​ធ្វើ​ទានរឺអំណោយដល់​អ្នក​ណា​សោះ តើ​អាច​នឹង​កើត​ **បុណ្យ** បាន​ទេ ?ពិតបំផុតគឺ គ្មាន​បុណ្យ​ទេ ហើយ​ប្រាកដ​ជា​គ្មាន​អ្នកណា​នឹក​ឃើញ​រូប​យើង​ដែរ ។ ពេលខ្លះបើ​អ្នក​មិន​ព្រម​​ធ្វើកិច្ចការ​អ្វី​មួយ​ ដូចជា​កសិកម្ម ពាណិជ្ជកម្ម សិល្បៈ ជំនាញ ។ល។ អ្នកមុខ​ជា​នៅ​ល្ងង់​អស់​មួយ​ជីវិត ។ ក្បួន​ធ្វើអោយកើត​មាន​ប្រាជ្ញា មាន​៤​គឺ **សុ ចិ បុ លិ** ៖ > សុ ស្ដាប់ សម្ដី​ដែល​និយាយ​មក​កាន់​អ្នក បើ​អ្នក​មិន​តាំង​ចិត្ត​ស្ដាប់​ឲ្យ​មែនទែន​ទេ ប្រាកដ​ជា​ចាប់​ន័យ​មិន​បាន​ទាំង​អស់​ឡើយ ។ > ចិ គិត ស្ដាប់​បាន​ហើយ ត្រូវ​យក​សម្ដី​នោះ​មក​ពិចារណា​មើល តើ​គួរ​ជឿ ឬ​មិន​គួរ ។ > បុ សួរ បើ​ស្ដាប់​បាន​ហើយ តែ​មិន​យល់ ត្រូវ​តែ​សួរ​ឲ្យ​ច្បាស់ មិន​ត្រូវ​នៅ​ស្ងៀម​ទេ ។ > លិ កត់ លុះ​យល់​ច្បាស់​ហើយ ត្រូវ​កត់​រឿង​នោះ​ទុក ក្រែងលោ​ភ្លេច​ទៅ​ថ្ងៃ​ក្រោយ ។ សរុបមកចូរធ្វើនូវទង្វើល្អដល់គ្នាទៅវិញទៅមក លះបង់ភាពឈ្នានីស ច្រណែនអោយអស់ទោះក្នុងរូបភាពណាក៏ដោយ នោះបុណ្យកុសលយើងនឹងកើតមាន។

Comments

leangkhmer
the best article