ជាតិជាមនុស្ស

ពិភពលោកនេះមានរឿងដែលមនុស្សមិននឹកភ្នកចាប់ភ្លឹកដល់ច្រើនណាស់ អ្វីគួរឃើញគេបែរជាមិនឃើញ អ្វីគួរឭបែរជាមិនស្តាប់ អ្វីគួរស្រឡាញ់បែរជាមិនចូលចិត្តទៅវិញ ។ មិនថាអ្នកជាមនុស្សល្អប៉ុណ្ណានោះទេ មនុស្សដែលគេមិនពេញចិត្តអ្នកគឺគេមិនចាំបាច់មានហេតុផលអ្វីឡើយ កុំនៅទាមទារហេតុផល យកល្អដើរចេញទៅ ។ អ្នកត្រូវគិតថាជិវិតគឺនិយាយពីតុល្យភាព សប្បុរសតែមិនមែនដេកឲ្យគេដើរជាន់ទេ យល់សច្ចៈធម៌មិនមែនយកទៅធ្វើបាបគ្នា ស្គាល់សេចក្តីស្លាប់មិនមែនឈប់អភិវឌ្ឍខ្លួនឲ្យបានល្អនោះទេ ។អ្នកមិនបាច់រកមូលហេតុច្រើននៃជំលោះទេ ព្រោះ មូលហេតុជំលោះគ្មានអ្វីក្រៅពីការដណ្តើមលាភយសនិងអំណាចគ្នានោះទេ ការមានះប្រកាន់ ការយល់ឃើញខុសគ្នា ការប្រកែកប្រណាំងយកត្រូវរៀងខ្លួន ការទើសអាធ្យាស្រ័យ ការជិនឬកគ្នា អំនួតក្រអឺតក្រទម ព្រហើនកោងកាច ការរំលោភបំពាន ការសន្សំរឿងតូចឲ្យក្លាយជាធំ ការមួលបង្កាច់គ្នា ការនិយាយពីក្រោយខ្នងចាក់រុកស៊កសៀត ....សុទ្ធតែជាមូលហេតុនៃជំលោះ ប៉ុន្តែមូលហេតុទាំងនេះសុទ្ធតែត្រូវបានរំងាប់ដោយ សីល សមាធិ បញ្ញា ទាំងអស់ ព្រោះសីល សមាធិ បញ្ញា អប់រំមនុស្សឲ្យស្គាល់ការពិត ឲ្យស្គាល់ប្រមាណ ឲ្យស្រឡាញ់សន្តិភាព ភក្តីភាពចំពោះយុត្តិធម៌ និងមេត្តាករុណា ការអាណិតអាសូរព្រោះជាសត្វលោកដែលរងទុក្ខដូចគ្នា ។ ពិភពលោកគប្បីយកចិត្តទុកដាក់លើប្រធានបទនេះឲ្យបានខ្លាំង ជាជាងនាំគ្នាអភិវឌ្ឍទំនើបកម្ម គេចំណាយវាល់លានដុល្លារទៅលើការស្រាវជ្រាវផលិតអាវុធប្រល័យលោកគេថាដើម្បីសន្តិភាព តែហេតុអីគេមិនចំណាយទៅលើការស្រាវជ្រាវពីសមាធិក្នុងការអប់រំចិត្តដើម្បីឲ្យមានសន្តិភាពផងទៅ ? បើពិតជាចង់បន្តអាយុកាលរបស់ភពផែនដីពិតប្រាកដមែននោះ ! ជីវិតមនុស្សខ្លីណាស់ មិនគួរបង្កការលំបាកឲ្យគ្នានោះទេ ! យើងក៏ស្លាប់ គេក៏ស្លាប់ អត្ថិភាពដ៏ខ្លីលើផែនដីនេះ គួរតែនាំមកនូវភាពរីករាយដល់គ្នានិងគ្នាទើបស័ក្តិសមនឹងថ្លៃកំណើតមនុស្ស ។ ![69128815_700929393756227_5597657471314296832_n.jpg](https://serey.io/imageupload_data/b9021f49f139697ee45327e9cb2b621f8c122fa7)

Comments