ស្នេហា?

សារមួយបានលោតក្នុងផេករបស់ខ្ញុំទាំងព្រឹក ប្អូនស្រីម្នាក់បានថតរូបសារ ឆ្លើយឆ្លងមួយផ្ញើរមកឱ្យខ្ញុំអាន នាងបាននិយាយសាសងជាមួយសង្សាររបស់នាងតាំងពីយប់ នាងប្រាប់ទៅសង្សាររបស់នាងថា មានគេចង់ចូលស្តីដណ្តឹងនាងហើយ។ សង្សារនាងបាននិយាយពាក្យយ៉ាងខ្លីថា ល្អតើអូន នាងសួរខ្ញុំថា តើពាក្យរបស់គេមានន័យយ៉ាង​ម៉េច? ![pro_269.jpg](https://serey.io/imageupload_data/d282eb11274a13d5409a2a0f4e0930312872cb5b) ខ្ញុំដឹងថានាងគេងមិនលក់ពេញមួយយប់ ទើបដាច់ចិត្តផ្ញើរសារសួរខ្ញុំទាំងព្រឹក។ ខ្ញុំស្ងប់ស្ងាត់បន្តិច ទើបតបទៅនាងវិញ​ គេនិយាយបែបនេះគឺចង់មានន័យថា គេអាចផ្តល់ក្តីស្រឡាញ់មកឱ្យយើង ប៉ុន្តែគេគ្មានការទទួលខុសត្រូវណាមួយលើសេចក្តីស្រឡាញ់នេះឡើយ។ បើយើងគិតឱ្យជ្រៅ បុរសម្នាក់នោះអាចមិនសប្បាយចិត្តនិយាយពាក្យនេះ ឬប្រហែលជាគេគ្មានសម្ថភាពគ្រប់គ្រាន់សម្រាប់សាងអនាគតជាមួយនាង។ គេគាំទ្រនិងគោរពរាល់ការសម្រេចចិត្តរបស់នាង បើ​ទោះ​ជា​គេ​ត្រូវ​ខូចចិត្ត​ក៏​ដោយ​។ គេ​មិន​អាច​ផ្តល់​សុភមង្គល​និង​មើល​ថែ​នាង​បាន​ ទើប​គេ​ផ្តល់​សិទ្ធិ​ពេញ​លេញ​ដល់​អ្នកដទៃ​។ ស្តាប់​មើល​ទៅ​ដូច​ជា​មហិមា​ ប៉ុន្តែ​​វា​មិនខុស​ពី​ការ​ផ្តល់​អាហារ​មួយពេល​ជាមួយ​ជា​ចាន​ទទេនោះ​ទេ​។ នាងមានសិទ្ធជ្រើសរើសអ្វីដែលធ្វើឱ្យនាងរីករាយ ប៉ុន្តែគេបាន​ធ្វើឱ្យនាងឈឺចាប់ព្រោះតែពាក្យជំរុញដ៏ខ្លី។ យើងបើកទ្វាព្រលែងឱ្យសត្វចាបមួយហើរចេញទៅ ប៉ុន្តែយើងភ្លេចថា យើងបានកាត់ស្លាបវាទៅហើយ។ យើងបង្រៀនឱ្យកូនយើងចេះដើរ ទាំងដែលកូនជាប់ច្រវ៉ាក់ជើងនៅឡើយ ហើយយើងគិតថា វាមានសិទ្ធិពេញលេញក្នុងការចាកចេញទៅ។ ទ្រុងមនោសញ្ចេតនា ច្រវាក់មនោសញ្ចេតនា ដែលអ្នកបានព្យាយាមចង គឺជាចំណងដ៏រឹងមាំល្មមអាចឱ្យមនុស្សម្នាក់ស្លាប់បាន រួចអ្នកក៏និយាយថា ទេ!! គឺគេទន់ខ្សោយខ្លួនឯង។

Comments