ប្រភពថាមពល

 

ហត់នឿយណាស់មែនទេ? ធុញថប់ណាស់មែនទេ? ថមថយហើយមែនទេ?.... ស្តាប់ខ្ញុំបន្តិចសិនណា

ជាការពិតណាស់ ខ្ញុំមិនដែលជួបមនុស្សណាម្នាក់ដែលរស់នៅដោយគ្មានបញ្ហាអ្វីនោះទេ។ ហើយនៅពេលបញ្ហាមួយចប់ទៅ បញ្ហាមួយទៀតនឹងមកដល់ភ្លាម។ ខ្ញុំក៏មិនដែលលឺពាក្យថាដំណោះស្រាយដែរ ព្រោះដំណោះស្រាយសម្រាប់បញ្ហាមួយ វាគឺជាប្រភពនៃបញ្ហាមួយទៀតដោយជៀសមិនផុត។

 

ចុះយើងត្រូវធ្វើដូចម្តេច? ត្រូវរស់នៅជាមួយបញ្ហាមែនទេ? ត្រូវតស៊ូ អត់ធ្មត់ ខាំមាត់ សង្កត់ចិត្ត បន្តទៀតមែនទេ? ខ្ញុំក៏សូមសួរវិញថា ទ្រាំបានប៉ុណ្ណា?

 

តែខ្ញុំចង់ប្រាប់អ្នកថា ... បើអ្នកមិនអាចទប់ទល់ជាមួយបញ្ហាមួយបានទេ គឺអ្នកនេះហើយជាបញ្ហា ... តែបើអ្នកយកបញ្ហាជាឱកាសសម្រាប់បន្តដំណើរទៅមុខទៀត គឺអ្នកនេះហើយជាដំណោះស្រាយ។ ចូរអ្នកត្រៀមខ្លួនទទួល​និងទប់ទល់បញ្ហាអោយហើយ។

 

អ្នកធ្លាប់លឺរឿងនិទានអំពីនាយសំពៅនិងខ្យល់ព្យុះដែរឬទេ? នៅពេលដែលខ្យល់ព្យុះដ៏ធំមួយបក់តម្រង់មកកាន់សំពៅ ពេលនោះនាយសំពៅត្រូវឈរនៅលើក្បាលទូក ហើយប្រើពេលវេលាចុងក្រោយសម្លឹងរកកន្ទុយព្យុះ ជាជាងរត់រកទីកន្លែងជ្រកពួនលាក់ខ្លួន។ 

 

អ្នកអាចសួរខ្ញុំវិញថាគួរធ្វើរបៀបណា? ខ្ញុំក៏គ្មានចម្លើយដែរ ព្រោះបើខ្ញុំមានចម្លើយជូនអ្នក ខ្ញុំប្រហែលជាមិនមែនមកអង្គុយសរសេរអត្ថបទនេះ នៅពេលនេះទេ។ តែខ្ញុំមានតំណម៥យ៉ាងដែលខ្ញុំប្រកាន់ខ្ជាប់ជានិច្ច នោះគឺតំណមពាក្យ៥ម៉ាត់ ដែលខ្ញុំនឹងមិននិយាយ ៖

 

១  Difficult ពិបាក ព្រោះពេលដែលនិយាយពាក្យពិបាក វានឹងរារាំងសមត្ថភាពរបស់យើងមួយរំពេច

 

២  Impossible ធ្វើមិនបាន ព្រោះពាក្យនោះវានឹងក្លាយជាភាពទន់ជ្រាយដែលអោយយើងត្រូវបោះបង់នូវអ្វីដែលកំពុងធ្វើ  ឬក៏បិតបាំងនូវចំណេះដឹងថ្មីៗដែលយើងមិនធ្លាប់ជួប

 

៣ Despair អស់សង្ឃឹម ព្រោះពាក្យនេះនិយាយចេញមកពេលណា កំលាំងទាំងអស់ ទាំងកំលាំងកាយនិងកំលាំងចិត្តនឹងត្រូវបាក់ស្រុតចុះ

 

៤  Lazy ខ្ជិល ពាក្យនេះ មិនគួរនិយាយសូម្បីតែនិយាយលេងក៏ដោយ ព្រោះវានឹងបង្កើតការដែលមិនមានទំនួលខុសត្រូវ

 

៥ Tired ហត់ នៅពេលដែលនិយាយពាក្យនេះចេញមក រាងកាយទាំងមូលនឹងតបស្នងមកវិញនូវភាពហេវហត់ ទន់ខ្សោយមួយរំពេច ។

 

ខ្ញុំគិតថានេះជាវីធីសាស្រ្តដ៏ល្អដើម្បីហ្វឹកហាត់ពង្រឹងភាពរឺងមាំ ផ្នែកផ្លូវចិត្តសំរាប់មនុស្សយើងគ្រប់គ្នា ដែលវាប្រៀបដូចជាអាវក្រោះដើម្បីការពារយើងនៅពេលដែលឈានជើងដើរឆ្លងលើវិថីជីវិតទៅកាន់ភាពជោគជ័យ

Comments