កំណាព្យ

កំណាព្យ គំនរគរគំនិត
កំណាព្យ គូរគិតឥតកាយកប់
កំណាព្យ កក់នឹកមិនឡែឡប់
កំណាព្យ កំណប់កុំស្អប់ណា !។
កំណាព្យ ចត់ជូរគូនឿយណាយ
កំណាព្យ លែបខាយចាយវោហារ
កំណាព្យ កំណល់កល់សង្ខារ
កំណាព្យ ស័ព្ទសារសូមសព្វសុខ !!!។
កំណាព្យឆ្លើយឆ្លងកម្រងស្នេហ៍
កំណាព្យបំពេរពេលកើតទុក្ខ
កំណាព្យជាមិត្តពេលអផ្សុក
កំណាព្យកប់ទុករាល់អារម្មណ៍។
កំណាព្យកំណប់កប់ទុក្ខព្រួយ
កំណាព្យអាចជួយថយបារម្ភ
កំណាព្យគំនិតគិតផ្សែផ្សំ
កំណាព្យសន្សំរាល់ចំណេះ។
កំណាព្យគំនរកំណប់ទ្រព្យ
កំណាព្យស្ពាយជាប់រាល់តម្រេះ
កំណាព្យបន្ថយចិត្តដែលស្រ្តេស
កំណាព្យវិសេសឥតអ្វីផ្ទឹម។
កំណាព្យកំនើនកើនបញ្ញា
កំណាព្យប្រៀបផ្កាស្រស់ញញឹម
កំណាព្យគំនួចគួចសង្ឃឹម
កំណាព្យព្រលឹងសិល្បះជាតិ។



