សួនគំនិត

១- លោកនេះគ្មានអ្វីកើត គ្មានអ្វីស្លាប់ គ្មានអ្វីចាស់ គ្មានអ្វីថ្មី គ្មានអ្វីពេញ គ្មានអ្វីទទេរ មានត្រឹមតែការគិតឲ្យកើតសុខទុក្ខ ! ។ ២- លោកនេះគ្មានអីមក គ្មានអីទៅ គ្មានមុនគ្មានក្រោយ វាមានតែពេលនេះ ឥឡូវនេះ បន្សាត់ចោលគំនិតទាំងអស់ជាការធ្វើចិត្តឲ្យមានសេរីភាព ! ។ ៣- បើគិតបរាជ័យហើយ ជីវិតក៏បរាជ័យដែរ បើធ្វើជាម្ចាស់លើគំនិត!បានហើយ ជោគជ័យគឺជៀសមិនផុត ។ កុំចំណាយពេលគិតរឿងឈឺចាប់ ត្រូវគិតជួយខ្លួនឯងវិញប្រសើរជាង ! ។ ៤- នៅពេលគេតំឡើងកំហឹងបានស្មើគ្នាហើយ គេមានអារម្មណ៍ថា សង្គ្រាមគួរតែបានចាប់ផ្តើមឡើងហើយ ! មនុស្សមានការភ្ញាក់រលឹកត្រូវដុសលាងខួរក្បាលឲ្យបានទាន់ពេលវេលា ព្រោះកំហឹងវាជាប្រពៃណីរបស់មនុស្សកាចសាហាវដែលទាល់ច្រក វាបានត្រឹមតែបង្កើតទុក្ខសោកនិងវិប្បដិសារីយ៍តែប៉ុណ្ណោះ ។ កំហឹងគឺជាកំហឹង ! ដើម្បីដោះស្រាយជាមួយវា គេត្រូវមានការសំរួមស្មារតីប្រកបដោយបញ្ញា ការបង្ហាញកំហឹងលើផ្ទៃមុខ វាបានឆ្លុះបញ្ចាំងពីសីលធម៌ ពីកំរិតការយល់ដឹង នឹងពីតុល្យភាពចិត្តដែលបុគ្គលនោះមាន ។ ការគោរពគឺមាននៅក្នុងខ្លួនអ្នកទេ វាជាប្រភពនៃពន្លឺ ក្តីស្រឡាញ់និងការពិត បញ្ញាស្មារតីនិងសន្តិភាព ។ កិត្តិយសក៏មាននៅក្នុងខ្លួនអ្នកដែរ នៅពេលអ្នកបានចាត់ចែងចិត្តអាក្រក់ឲ្យវានៅដោយឡែកឆ្ងាយពីអ្នករួចហើយ នេះជារឿងតែមួយគត់ដែលមនុស្សត្រូវធ្វើដើម្បីផ្តល់តំលៃខ្លួនឯង ។

Comments