រៀនរស់ជាមួយការពិត
រូបកាយនេះលះបង់ចោលយើងរាល់ថ្ងៃ តែយើងនៅតែជាប់ជំពាក់នៅតែអាល័យជាមួយវា ខំថែទាំទំនុកបំរុងលាបលនគក់ច្របាច់ថ្នាក់ថ្នមវារាល់ថ្ងៃ អត់ដឹងថានៅថ្ងៃណាមួយនឹងត្រូវខកចិត្តយ៉ាងខ្លាំងដោយសារវាទេ អស់កម្ម អស់ចិត្តជាមួយវាទើបផុតទុក្ខ ។ ការចាស់ឈឺស្លាប់មិនមែនយើងជាអ្នកធ្វើវាទេ គឺវាធ្វើដោយខ្លួនឯង វាមិនព្រមស្តាប់យើងឡើយ ហេតុនេះមានតែព្រម មានតែបោកវាប្រើឲ្យអស់ថ្លៃក្នុងអំពើល្អតែប៉ុណ្ណោះ ! មិនចាំបាច់ខឹង មិនចាំបាច់ខ្លាចវាទេ ត្រឹមតែដឹងនឹងចាំទុកទៅបានហើយ ។ រៀនរស់ជាមួយការពិតគឺមិនបាច់ឈឺចិត្ត មិនបាច់ស្តាយក្រោយ មិនបាច់ហួងហែង ព្រោះអ្វីៗសុទ្ធតែកើតរលត់ទាំងអស់ ។ 



